អាជ្ញាធរខេត្ត​ស្វាយរៀង មិន​ខ្វល់​រឿង​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​ក្នុងស្រុក​ស្វាយជ្រំ

រយៈពេល​ជាង​១​ខែ​មកហើយ ដែល​រថយន្ត​ដឹក​ដី​បាន​បំផ្លាញ​ផ្លូវ​ក្នុងភូមិ​តា​ស្អាង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​ខេត្តស្វាយរៀង មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៅ​ភូមិ​តា​ស្អាង និង​ភូមិ​មួយចំនួនទៀត​ក្នុង​ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ផ្លូវ​ពី​សំណាក់​ក្រុមហ៊ុន​ដឹក​ដី​ជាបន្ទាន់​។ ជាពិសេស​មន្ត្រី​អាជ្ញាធរ​គួរ​ចាត់វិធានការ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ដី​ជួសជុល​ផ្លូវ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​នៅក្នុង​រដូវវស្សា​នេះ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​មក​ជីករណ្ដៅ​ដី​ជ្រៅៗ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវលំ​ក្នុងភូមិ​ធ្វើ​ឲ្យ​ផ្លូវ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​។ ប៉ុន្តែ​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ មិនទាន់​ឃើញ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ចាត់វិធានការ​ទៅលើ​ម្ចាស់​រថយន្ត​ដឹក​ដី ដើម្បី​ឲ្យ​ជួសជុល​ផ្លូវ​ឡើងវិញ​ទេ ហើយ​សកម្មភាព​ដឹក​ដី​នៅតែ​កើតមាន​កាន់តែខ្លាំង​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ និង​ធ្វើយ៉ាងណា​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ដី​ជួសជុល​ផ្លូវ​ឡើងវិញ ព្រោះ​ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ផ្លូវបែក​ភក់​ស្អិត​ពិបាកធ្វើ​ដំណើរ​។

សេចក្ដីអំពាវនាវ​រប​ស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ស្អាង និង​ភូមិ​ផ្សេងៗ​ទៀត​ទៅកាន់​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រឿង​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ បាន​កើតឡើង​ក្រោយពេល​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក បណ្ដែតបណ្ដោយ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​កាន់តែខ្លាំង​ឡើងៗ​។ លើស​នេះ​ទៅទៀត​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​ផ្លូវលំ​ក្នុងភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ត្រូវ​រង​ការខូចខាត​ទាំងស្រុង​ទៅហើយ​។ ប្រជាពលរដ្ឋ​សង្ឃឹមថា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ​ពាក់ព័ន្ធ ចាត់​វិថ​នា​ការ​ទៅលើ​ឈ្មួញ​ដឹកជញ្ជូន​ដី​ដើម្បី​ឲ្យ​ជួសជុល​ផ្លូវ​ក្នុង​មូលដ្ឋាន​ពួកគាត់​ឡើងវិញ​នាពេល​ឆាប់ៗ​ជាមិនខាន​៕

49c218f87a09ec8239cbd29eb68e6e47លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ses-29 ses-1-22
​    ​