​លោក កឹម សុខា បញ្ជាក់​ថាបើ​ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​បរទេស​មិនអាច​លូកដៃ​បានទេ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានបញ្ជាក់​នៅថ្ងៃនេះ​ថា ការដែល​ក្នុង​ប្រវត្តិសាស្ត្រ​ទេស​កម្ពុជា បរទេស​តែងតែ​អាច​លូកដៃ​ចូល​អន្តរាគមន៍​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​បាន ហើយ​អាច​កេងចំណេញ​យក​ផលប្រយោជន៍​ពី​ជម្លោះផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​ក៏​ដោយសារតែ​មេដឹកនាំ​ខ្មែរ​មួយចំនួន​នៅ​សម័យ​នោះ មានការ​លំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាមួយគ្នា ទើប​បរទេស​ខិលខូច​ឆ្លៀត​កេងចំណេញ​តាមតែ​អាចធ្វើ​ទៅបាន​។

​លោក កឹម សុខា បាន​ពន្យល់ថា ប្រសិនបើ​មេដឹកនាំ​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាមួយគ្នា​បាន នោះ​បរទេស​ក៏​មិនអាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បានដែរ ហើយ​បរទេស​ក៏​មិនអាច​កេងចំណេញ​យក​ផលប្រយោជន៍​ពី​ប្រទេស​កម្ពុជា​បានដែរ ខណៈ​គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ដូចគ្នា​នោះទេ​។ ដូច្នេះ​មេដឹកនាំ​ខ្មែរ​គ្រប់រូប គប្បី​ចេះ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។​

​ក្នុង​សុន្ទរកថា បើក​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់ដឹកនាំ​ខេត្តកណ្ដាល នៅថ្ងៃនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានលើកឡើង​អំពី​ស្ថានភាព​នយោបាយ និង​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក កឹម សុខា បាន​សង្កេតឃើញថា​កន្ល​ង​មក​ពេលណា​ភាគី​នយោបាយ​ខ្មែរ​ឈ្លោះ​គ្នា​កាន់តែខ្លាំង​បរទេស​ក៏​ចូល​អន្ដរាគមន៍​កាន់តែច្រើន ទោះបី​គេ​ចូលក្នុង​គោលបំណង​ល្អ ឬ មិនល្អ​សម្រាប់​ខ្មែរ​ក៏ដោយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា បើ​ខ្មែរ​ទុក​ឲ្យ​វិបត្ដិនយោបាយ​បច្ចុប្បន្ន​បន្ត​អូសបន្លាយ ឬ រាលដាល​កាន់តែខ្លាំង​កម្ពុជា​ចៀស​មិន​ផុតពី​អន្ដរជាតិ​លូកដៃ​ចូល​អន្ដរាគមន៍​ឡើយ​។ ដូច្នេះ​ភាគី​អ្នកនយោបាយ​ខ្មែរ បើ​មិន​ចង់​ឲ្យ​បរទេស​លូកដៃ​ចូល​អន្ដរាគមន៍ ក្នុង​កិច្ចការ​នយោបាយ​ប្រទេស​កម្ពុជា​ទេ យើង​ជា​ខ្មែរ​ខ្លួនឯង ត្រូវតែ​រិះរក​មធ្យោបាយ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ឲ្យ​បាន​ឆាប់​៕

13612343_1400590043291624_6058726804228049876_n 13627017_1400589589958336_7941270029195300046_n 13654416_1400589853291643_671724543132531360_n