អ្នក​នេសាទ​និង​អាជីវករ​ខេត្ត​កំពង់ឆ្នាំង​ចោទ​មន្ត្រី​ជលផល​ប្រព្រឹត្ត​អំពើ​ពុករលួយ

ប្រជា​នេសាទ និង​អាជីវករ​ទិញ ឬ​លក់​ត្រី​នៅ​ខេត្ត​កំពង់ឆ្នាំង ចោទ​មន្ត្រី​ជំនាញ​ជលផល ប៉េអឹម និង​ប៉ូលិស​ថា តម្រូវ​ឲ្យ​ពួកគេ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​ដើម្បី​ធ្វើ​អាជីវកម្ម។ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង អះអាង​ថា មន្ត្រី​ជលផល​មិន​ជាប់​ពាក់ព័ន្ធ ឬ​ដឹង​រឿងរ៉ាវ​យក​លុយ​កាក់​ក្រៅ​ផ្លូវការ​នេះ​ទេ ប៉ុន្តែ​តម្រូវ​ឲ្យ​អាជីវករ​បង់​ប្រាក់​ស្រប​តាម​ការ​កំណត់​របស់​ក្រសួង។

អាជីវករ​ទិញ ឬ​លក់​ត្រី​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប នៃ​ក្រុង​កំពង់ឆ្នាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​បង់​ប្រាក់​ពី ៣០០ ទៅ ៥០០​ដុល្លារ​ឲ្យ​មន្ត្រី​ជលផល ប៉េអឹម ប៉ូលិស និង​អ្នក​សារព័ត៌មាន ដើម្បី​ចេញ​ទូក​ដើរ​ទិញ​ត្រី​រយៈ​ពេល​បួន​ខែ នៅ​ក្នុង​រដូវ​បិទ​នេសាទ​ម្ដងៗ។ សកម្មភាព​គាប​ទារ​ប្រាក់​ពី​សំណាក់​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ក្រុម​អាជីវករ។

អាជីវករ​ប្រមូល​ទិញ​ត្រី​នៅ​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ម្នាក់ លោក ច្រឹង យ៉ាំងឌឿក ថា​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ ​លោក​ទើប​បង់​លុយ​ចំនួន ១០០​ដុល្លារ​ឲ្យ​ទៅ​មន្ត្រី​ប៉េអឹម​ម្នាក់ ដោយ​នៅ​ជំពាក់​គេ​ចំនួន ២០០​ដុល្លារ នឹង​បង់​បង្គ្រប់​នៅ​ពេល​មាន​លុយ ខណៈ​ជំនាញ និង​អ្នក​កាសែត​ជា​ច្រើន​នាក់​ផ្សេងៗ​កេះកៀវ​រក​លុយ​ស្ទើរ​រាល់​ថ្ងៃ។ មុខរបរ​ទិញ ឬ​លក់​ត្រី​គឺ​ជា​ឆ្នាំង​បាយ​របស់​គ្រួសារ​លោក និង​អាជីវករ​ក្នុង​ភូមិ​ជា​ច្រើន​ទៀត៖ «មិន​ដឹង​ថា ខាត ឬ​ចំណេញ​មិន​ដឹង​ទេ តែ​ដឹង​តែ​ថា ចេញ​ទៅ​ទាល់តែ​បង់​ឲ្យ​គេ​បាន​ទៅ​រួច​បើ​អត់​បង់​ទៅ​អត់​រួច។ គេ​ចេះ​តែ​យក​លុយ​យើង រួច​យើង​រក​បាន​តិចតួច អត់​គ្រប់​ឲ្យ​អ្នក​ធ្វើ​ការ​ស៊ី​ផង ខាង​ជលផល​ក៏​អ៊ីចឹង ខាង​កាសែត​ក៏​អ៊ីចឹង ប៉ូលិស ប៉េអឹម​អី​ទាំង​អស់»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់​ថា គ្មាន​មន្ត្រី​ជំនាញ​របស់​លោក​ណា​ម្នាក់​ទៅ​យក​លុយ​កាក់​ពី​អ្នក​នេសាទ ឬ​អាជីវករ​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ។ លោក​ថា ជា​រៀង​រាល់​ឆ្នាំ​រដ្ឋបាល​ជលផល បាន​តម្រូវ​ឲ្យ​អាជីវករ​ធ្វើ​ពាក្យ​ស្នើ​សុំ​ធ្វើ​អាជីវកម្ម​ទិញ ឬ​លក់​ផល​នេសាទ ដោយ​ជំនាញ​ជលផល និង​ក្រសួង​សាមី​តម្រូវ​បង់​ប្រាក់​ចំនួន ៤០​ម៉ឺន​រៀល៖ «ដោយ​ឡែក​ចំពោះ​បញ្ហា​ដែល​ថា ទារ​ប្រាក់​ច្រើន​លើស​នេះ​ពុំ​មាន​ទេ បើ​សិន​ជា​មាន​ករណី​ដូច​នេះ​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​មេត្តា​ជួយ​ផ្ដល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ជា​បន្ទាន់ ព្រោះ​អាច​មាន​ជន​ខិលខូច​ខ្លះ​យក​ឈ្មោះ​អង្គភាព​ទៅ​ប្រើ។ ខ្ញុំ​បដិសេធ​ថា មន្ត្រី​របស់​ខ្ញុំ​ពុំ​មាន​ទេ ហើយ​ករណី​នេះ​បើ​ចាំ​បាច់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជិត​នោះ ដើម្បី​គាត់​បាន​ជ្រាប និង​អន្ដរាគមន៍»

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) លោក ទត គឹមស្រូយ សង្កេត​ឃើញ​ថា ស្ទើរ​គ្រប់​ផ្នែក​នៃ​ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​ជល​ផល​ឆ្លៀត​កេង​ចំណេញ​ពី​ប្រជា​នេសាទ និង​អាជីវក​ទិញ-​លក់​ត្រី​​រាល់​ឆ្នាំ។ មិន​ថា​តែ​ជនជាតិ​វៀតណាម ចាម ឬ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹក ហើយ​រកស៊ី​របរ​នេះ ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង៖ «ដំណោះ​ស្រាយ​គួរ​តែ​បញ្ឈប់​ឲ្យ​មាន​ការ​បង់​លុយ​ទៅ​លើ​អ្នក​ដែល​ទិញ​ភោគផល​នេសាទ​នោះ ប៉ុន្តែ​កន្លង​មក​ដែល​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​គេ​ថា បណ្ដាល​មក​ពី​មាន​អ្នក​ទិញ​ហ្នឹង​ហើយ​បាន​ជា​មាន​អ្នក។ ប៉ុន្តែ​ពាក្យ​នេះ​វា​មិន​ត្រឹម​ត្រូវ​ទេ ក្នុង​រដូវ​បិទ​នេសាទ​នោះ ព្រោះ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្នែក​ជលផល​ហ្នឹង​ឯង​ច្រើន​រត់ការ ឬ​បើក​ឲ្យ​មាន​ការ​រក​ស៊ី​ខុស​ច្បាប់ បើ​អាច​ធ្វើ​បាន​បើ​បិទ​ត្រូវ​បិទ​ទាំង​អស់​តែ​ម្ដង»

ប្រជា​នេសាទ និង​អាជីវករ​បញ្ជាក់​ថា សមត្ថកិច្ច​បាន​រក​លេស​ចាប់​កំហុស​គ្រប់​យ៉ាង​ចំពោះ​សកម្មភាព​ចេញ​ទូក​ទៅ​រាយ​សន្ទូច ដាក់​មង ឬ​អ្នក​មាន​សាច់​អួន​សម្រាប់​ជួល ដើម្បី​គាបសង្កត់​យក​លុយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។