ពលរដ្ឋ​នៅ​ស្រុក​សង្កែ ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ដោយសារ​រណ្ដៅ​ដី​ធំៗ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​ស្ពង់ និង​ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​គ្រោះថ្នាក់​ដែល​កើតឡើង​ពី​ការបាក់​រណ្ដៅ​ដី​ធំៗ​ជ្រៅៗ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ អ្នកភូមិ​ដែល​រង​ផលប៉ះពាល់​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធ្វើ​សកម្មភាព​ជីករណ្ដៅ​ដី​មាន​ទំហំ​ធំៗ​និង​ជ្រៅៗ​ខុស​បទដ្ឋាន​បច្ចេកទេស ហើយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បណ្ដាល​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ លើស​នេះ​ទៅទៀត​មានការ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ឃុំ​អន្លង់​វិល និង​អាជ្ញាធរ​ស្រុក​សង្កែ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​នៅក្នុង​ភូមិ​ស្ពង់ និង​ភូមិ​អូរ​មុនី ទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​។

​តាម​ការអះអាង​របស់​អ្នកភូមិ​បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​ដ៏​ធំ​និង​ជ្រៅ​ក្នុងភូមិ​ស្ពង់ ជីក​ដោយ​ថៅកែ​ឈ្មោះ លាភ រី​ណា ចំណែក​ថៅកែ​រណ្ដៅ​ដី​នៅ​ក្នុងភូមិ​អូរ​មុនី មានឈ្មោះ ហ៊ួ​យ សុង​ហេង ហើយ​បើតាម​ដឹង​អាជីវកម្ម​របស់​ឈ្មួញ​ទាំង​២​នាក់​នេះ ពុំមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឡើយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អន្លង់​វិល សង្ស័យថា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង លោក អ៊ា​ន មាឃ ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ លាភ រី​ណា និង​ឈ្មោះ ហ៊ួ​យ សុង​ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បើ​មិន​ដូច្នេះ​ទេ​ក្នុងនាម​ជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​លោក អ៊ា​ន មាឃ ប្រាកដជា​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ពង់ និង​ភូមិ​អូរ​មុនី បាន​ឲ្យ​ដឹងថា​រណ្ដៅ​ដី​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ទំហំ​ចាប់ពី​៥០​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ​រហូតដល់​៧០​ម៉ែត្រ​គុណ​នឹង​២០០​ម៉ែត្រ ហើយ​មាន​ជម្រៅ​ចាប់ពី​២០​ទៅ​៣០​ម៉ែត្រ ដែល​អាចធ្វើ​ឲ្យ​ដីស្រែ​ចម្ការ​អ្នកភូមិ​បាក់​ចូល​រណ្ដៅ​ដី​នោះ ហើយ​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មេង​តូចៗ​ឬ​សត្វ​គោក្របី​ធ្លាក់​ទៅក្នុង​រណ្ដៅ​ដី​នោះ​ទៀតផង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក អ៊ា​ន មាឃ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ បើទោះបី​ដឹងថា​អាជីវកម្ម​របស់​ឈ្មួញ​ឈ្មោះ លាភ រី​ណា និង​ឈ្មោះ ហ៊ួ​យ សុង​ហេង ពុំមាន​ច្បាប់​អនុញ្ញាត​យ៉ាងណាក៏ដោយ​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏​គួរ​ពិនិត្យ​ករណី​ឈ្មួញ​ជីករណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​ផងដែរ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​តទៅទៀត​៕

25 18 index7