លោក ស៊ុន ចាន់ថុល គួរពិនិត្យមើល​ភាព​អសកម្ម​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តពោធិ៍សាត់​ខ្លះ​ផង​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ៍​ឃ្លាំងមឿង ខេត្តពោធិ៍សាត់​ខ្លះ​ផង​។ ដោយហេតុថា​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ឃ្លាំងមឿង មិន​ចាត់វិធានការ​ទៅលើ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ និង​ដឹកទំនិញ​លើស​ទម្ងន់​ទេ ដោយ​ពួកគេ​គិតតែ​ពី​រឿង​រាប់​ក្បាល​រថយន្ត​យកលុយ​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​ឈ្មួញ​នៅតែ​អាច​ប្រើប្រាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ធំៗ លើស​ទម្ងន់​បំផ្លាញ​ផ្លូវ ស្ពាន ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ជា​បន្តបន្ទាប់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​នៅតាម​ដងស្ទឹង​ពោធិ៍សាត់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ មាន​អាជីវកម្ម​បូម​ខ្សាច់​ពី​៦​ទៅ​៧​កន្លែង ហើយ​អាជីវកម្ម​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា មាន​ចំណែក​ភាគហ៊ុន​របស់លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ផងដែរ​។ រថយន្ត​ដឹក​ខ្សាច់​ធំៗ​បាន​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ឃ្លាំងមឿង​យ៉ាង​រលូន បើទោះបី​ផ្ទុក​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ព្រោះ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ឃ្លាំងមឿង មិន​ហ៊ាន​ប៉ះពាល់​ទេ ពួកគេ​ខ្លាច​អំណាច​លោក​អភិបាលខេត្ត​។ ដូច្នេះហើយ​ទើប​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ឃ្លាំងមឿង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់​បើកបរ​ចូល​ក្រុង​ពោធិ៍សាត់​យ៉ាង​រលូន​តែម្តង​។

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​និង​ដឹកជញ្ជូន​ខ្សាច់​ក្នុង​ខេត្តពោធិ៍សាត់ បាន​យក​លោក ម៉ៅ ធនិន ធ្វើជា​ខ្នងបង្អែក​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​គ្មាន​សមត្ថកិច្ច​ណា ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បីតែ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តពោធិ៍សាត់ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ និង​ដឹកជញ្ជូន​ខ្សាច់​ដែរ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​សកម្មភាព​ដឹក​ខ្សាច់​លើស​ទម្ងន់​តាម​រថយន្ត​ធំៗ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ឃ្លាំងមឿង កើតមាន​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ឃ្លាំងមឿង​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​ពួកគេ​គិតតែ​រឿង​រាប់​ក្បាល​រថយន្ត​យកលុយ​ប៉ុណ្ណោះ ហើយ​មិន​ចាត់វិធានការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​នោះឡើយ​៕

s1លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន 13580661_1729695390630485_6853844403689045532_o 13603666_1729695397297151_8698149060987545149_o