សព​ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​

សព​ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​



ប៉ៃលិន​ ៖ ​សព​ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ព្រំ​ ស្ថិត​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​០៦​និង​៤០ នាទី​ព្រលប់ ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦ ក្រោយ​ពី​​ជួប​​​​​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ចែម មាលា (​ហៅ​ចែ​មួយ​) ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​ច័ន្ធបូរី នៃ​ប្រទេស​ថៃ។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាល​ក្រៅ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​បងប្អូន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ។ ប្រភព​ព័ត៌​មាន បាន​បន្ត​ឲ្យ​ដឹង​ថា​ ក្រោយពី​នាំ​ស្ត្រី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​ខេត្ត​ច័ន្ទបូរី មួយ​អាទិត្យ​មក ស្ត្រី​រងគ្រោះ​មាន​ភាព​ធូរស្រាល និង​ជាសះស្បើយ បម្រុង​វិល​​ត្រឡប់​មក​ស្រុក​កំណើត​វិញ ស្រាប់តែ​ស្ត្រី​រងគ្រោះ បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​មិន​បាន​ប្រយ័ត្ន ក៏​រអិល​ជើង​ដួល​បោក​ក្បាល ត្រូវ​នឹង​បង្គន់ បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​តែ​ម្តង ។

បើ​តាម​តម្រួត​ថៃ និង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​​សព នៃ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ព្យាបាល​ស្ត្រី​ឈ្មោះ​ចែម មាលា (​ស្ត្រី​ខ្មែរ​) បានជា​សះស្បើយ​រួចមក គឺ​ក្រុម​គ្រួសារ​បាន​រៀបចំ​សម្ភារៈ​បម្រុង​ត្រឡប់​មក​ស្រុកកំណើត​វិញ ប៉ុន្តែ​មិន​ដឹង​យ៉ាងម៉េច បានជា​ស្ត្រី​រងគ្រោះ​រអិល​ជើង​ដួល នៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ បណ្ដាល​ស្លាប់​តែ​ម្ដង។ ប្រភព​ព័ត៌មាន បាន​បន្ត​ថា សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​បញ្ជូន​មក​​​ស្រុកកំណើត​វិញ តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ។

លោក​គង់ ណន អធិការរង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រងគ្រោះ ឈ្មោះ​ចែម មាលា (​ហៅ​ចែ​មួយ​) ភេទ​ស្រី អាយុ​៥៨ ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ថៃ ( បាន​ផា​កាត ) ប្រទេស​ថៃ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រលប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ ។ លោក បាន​បន្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​មក​ឲ្យ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ព្រមទាំង​ប្រគល់​បន្ត​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន៕