កម្លាំងនគរបាលព្រហ្មទណ្ឌស្រាល បង្ក្រាបនិងចេញចាប់ក្រុមចោរឆក់ទូរស័ព្ទ ក្រោយធ្វើសកម្មភាព នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញបង្ក្រាប និងចាប់ខ្លួនបន្ទាប់ពី ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីម្នាក់ បានបន្តិចនៅទឹកដីខណ្ឌដូនពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរបស់លោក កំពុងល្បាតដូចសព្វមួយដង លុះល្បាតដល់ចំណុច មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១១៨ សង្កាត់ ផ្សារចាស់ ខណ្ឌដូនពេញ ​ក៏ប្រទះឃើញជន​សង្ស័យ​២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ1J-2179 បានធ្វើសកម្មភាពឆក់ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក សាំសុង ពីស្ដ្រីម្នាក់ ពេលឃើញដូច្នេះកម្លាំងសមត្ថកិច្ច បាន​ជិះម៉ូតូ​ដេញ​តាម​ពី​ក្រោយជនសង្ស័យ រហូតដល់ចំណុចក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ទើបឃាត់ខ្លូនបាន។

លោកបន្ដថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១ឈ្មោះ ចិន សុវិជ្ជា អាយុ២៩ឆ្នាំ និងទី២ឈ្មោះ មង សារ៉េត អាយុ២៩ឆ្នាំ។ ក្រោយពីមាន ការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អយ្យ​ការអម​សាលា​ដំបូង​រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើ តេស្ដរកសារធាតុញៀន ពីជនសង្ស័យទាំង២ ជាលទ្ធផលជនសង្ស័យឈ្មោះ ចិន សុវិជ្ជា មានសារធាតុញៀនក្នុងខ្លូន។ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ  ដែលបានជិះម៉ូតូឆក់ខ្សែកតាមផ្លូវពីជនរងគ្រោះ នៅចំណុចផ្លូវលេខ១៥៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយបានធ្វើការឃាត់ខ្លួន និងប្រមូលបានទ្រព្យសម្បត្តិទាំងអស់មកវិញ ព្រមទាំងបានឆែកឆេរ ហើយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ទៀត។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង យុទ្ធាថៃ ហៅក្អូន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងឈ្មោះ ឡុង សុវណ្ណារិទ្ធ ហៅឡុង អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ មានឈ្មោះ មាស សាវី ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីទិញម្ហូបនៅផ្សារគីឡូលេខ៤ ជិះម៉ូតូជាមួយប្តីតាមបណ្តោយផ្លូវលេខ១៥៦ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូតាមពីក្រោយ ហើយអែបទន្ទឹមខាងឆ្វេងដៃ ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះបានសម្រេច និងព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនេះ ជនរងគ្រោះក៏បានស្រែកចោរៗ។

នៅពេលឮសម្រែកជនរងគ្រោះភ្លាម កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញអន្តរាគមន៍យ៉ាងរហ័ស ដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់​ បាននៅចំណុចមុខសាលាឆទាន ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងចាប់យកបានវត្ថុតាងជាក់ ស្តែងតែម្តង។

វត្ថុតាងដែលដកហូតបាន មានខ្សែកប្លាទីនសមួយខ្សែ ទម្ងន់៣ជី (បានប្រគល់ឲ្យជនរងគ្រោះវិញ), ម៉ូតូមួយគ្រឿងម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1E-0308 ព្រមទាំងម្ស៉ៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក១កញ្ចប់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងនគរបាលព្រហ្មទណ្ឌស្រាល បង្ក្រាបនិងចេញចាប់ក្រុមចោរឆក់ទូរស័ព្ទ ក្រោយធ្វើសកម្មភាព នៅខណ្ឌដូនពេញ

កម្លាំងនគរបាលព្រហ្មទណ្ឌស្រាល បង្ក្រាបនិងចេញចាប់ក្រុមចោរឆក់ទូរស័ព្ទ ក្រោយធ្វើសកម្មភាព នៅខណ្ឌដូនពេញ