មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយស និង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ រួច​ប្រមូល​ទិញ​ដឹកជញ្ជូន​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​ក្រគរ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើ​តុំ បាន​ឲ្យ​ដឹងថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ ទំនងជា​ធ្វើ​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី ទើប​ឈ្មួញ​រូបនេះ​នៅតែ​អាច​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ក្រអឺតក្រទម​។

មន្ត្រី​អាជ្ញាធរ​នៅ​ឃុំ​ស្វាយស និង​ឃុំ​ឈើ​តុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ននេះ​នៅ​ចំណុច​ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ ក៏ដូចជា​នៅ​ឃុំ​ស្វាយស និង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ កំពុង​កើតមាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី ដែលមាន​លំនៅដ្ឋាន​ក្នុងភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ អាច​ប្រមូល​ទិញ​ឈើ​និង​លក់​ឈើ​នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​តែម្តង​។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ និង​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​។ ឈ្មួញ​អាច​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចេញពី​ឃុំ​ព្រ​ងឹល ឃុំ​ឈើ​តុំ និង​ឃុំ​ស្វាយស យកទៅ​ចែកចាយ​តាម​ដេប៉ូ​នៅ​ទីរួមស្រុក​ក្រគរ យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រំខាន​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី មិន​ត្រឹមតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​មក​ចែកចាយ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តពោធិ៍សាត់​នោះទេ គឺអាច​ដឹកជញ្ជូន​មក​ចែកចាយ​ដល់​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​ទៀតផង​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ សង្ស័យថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ធៀ​ម ទ្រី នៅតែ​អាច​ប្រមូល​កម្លាំង​ឲ្យ​ចូល​ព្រៃ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​៕

ses-8-1 ses-5-5 ses-1-24 ses-2-13