ក្រោយទិញខ្សែបម្រើម្នាក់ Leicester ខិតជិតទិញខ្សែប្រយុទ្ធម្នាក់ទៀត

Leicester City បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបរុស្ស៊ី CSKA Moscow ក្នុងផ្ទេរខ្សែប្រយុទ្ធសញ្ជាតិ នីហ្សេរីយ៉ា គឺកីឡាករ Ahmed Musa។ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារកីឡាករ។Musa ដែលធ្លាប់មានការពាក់ព័ន្ធផ្ទេរទៅកាន់ម្ចាស់ជើងឯក Premier League នេះកាលពីខែមករា គឺត្រៀមហោះទៅកាន់ប្រទេសអង់គ្លេស សម្រាប់ការពិនិត្យសុខភាពនៅថ្ងៃពុធស្អែកនេះ។

Musa

យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសរុស្ស៊ី ការផ្ទេរនេះនឹងមានតម្លៃខ្លួន ១៦លានផោន ដែលជាតម្លៃខ្លួនផ្ទេរកីឡាករវ័យ ២៣ឆ្នាំរូបនេះ បំបែកកំណត់ត្រាទិញចូលកីឡាកររបស់ក្លិប Leicester។ ការផ្ទេរនេះ គឺធ្វើឡើងមួយថ្ងៃក្រោយពី ខ្សែបម្រើសញ្ជាតិបារាំង Nampalys Mendy បានផ្ទេរចូលមកលេងនៅកីឡដ្ឋាន King Power នេះពីក្លិប Nice ផងដែរ។

លោក Tony Harris ភ្នាក់ងាររបស់កីឡាករ Musa បានថ្លែងប្រាប់ BBC «គ្រប់យ៉ាងត្រូវបានបញ្ចប់អស់ហើយ ហើយ Musa នឹងទៅកាន់អង់គ្លេស សម្រាប់ពិនិត្យសុខភាព នៅថ្ងៃពុធនេះ»។
Musa ដែលអាចលេងបានទាំង ស្លាប និងប្រយុទ្ធ បានចូលលេងឲ្យ CSKA កាលពីឆ្នាំ ២០១២ និងស៊ុតបញ្ចូលទីបាន ៥៤គ្រាប់ ក្នុង ១៦៨ប្រកួតឲ្យក្លិបរុស្ស៊ីនេះ៕