ពិធី​ការិនី​រាង​តូច​ច្រឡឹង​ខៀវ សាន​សា​ណា ​​ប្រាប់​ពី​​ដើមទង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ពិធី​ការិនី

ពិធី​ការិនី​រាង​តូច​ច្រឡឹង​ខៀវ សាន​សា​ណា ​​ប្រាប់​ពី​​ដើមទង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ពិធី​ការិនី



ពិធី​ការិនី​រាង​តូច​ច្រឡឹង​សំឡេង​ក្រអួន​ក្រអៅ ខៀវ សាន​សា​ណា បាន​បង្ហើប​ឱ្យ​ដឹង​ថា “​ដំណើរ​ដើមទង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​ពិធី​ការិនី​នេះ កាលពី​ឆ្នាំ​២០០៣ បណ្ដាញ​ស្ថានីយ៍ទូរទស្សន៍​កម្ពុជា (CTN) ទើបតែ​បង្កើត​ហើយ​លោក Glen Felgate (​អតីត​នាយក​ចាត់ការ​ទូទៅ​របស់​ស៊ី​ធី​អិន​) គាត់​ក៏បាន​ចុះទៅ​ជ្រើសរើស​បុគ្គលិក​នៅ​តាម​សកលវិទ្យាល័យ ពេល​ហ្នឹង​គាត់​ក៏បាន​ចុះទៅ​សក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេ​ប៉ា​តឺ​ម៉​ង់​សារព័ត៌មាន​(​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​)​ថ្នាក់​អាហារូបករណ៍ ​ដែល​កាលណោះ​ខ្ញុំ​ទើបតែ​រៀន​បាន​រយៈពេល​១​ទៅ​២​ខែ​តែប៉ុណ្ណោះ​។ ជា​លទ្ធផល​មានតែ​យុវ​និស្សិត ខៀវ សាន​សា​ណា តែ​ម្នាក់​ប៉ុណ្ណោះ ​ដែល​បាន​ជាប់​នៅ​ក្នុង​ការ​សម្ភាសន៍​នេះ​។

លោក Glen Felgate បាន​និយាយ​មកកាន់​យុវ​និស្សិត​សាន​សា​ណា ថា “Sansana! I like the way you are, You are so confident ដែល​ប្រែ​មក​ភាសា​ខ្មែរ​យើង​វិញ​ថា​៖ ខ្ញុំ​ចូលចិត្ត​អ្នកឯង ព្រោះ​អ្នកឯង​ជា​ក្មេង​ដែល​មាន​ភាព​ជឿជាក់​” ហើយ​ខ្ញុំ​ក៏​សម្រេចចិត្ត​ឱ្យ​អ្នកឯង​ក្លាយទៅជា​ពិធី​ការិនី​របស់​ស៊ី​ធី​អិន​”​។ ដោយ​សារភាព​វ័យឆ្លាត​នឹង​ភាព​ជឿជាក់​លើ​ខ្លួនឯង បើ​ទោះបីជា​ពេលនោះ​ពិធី​ការិនី​រាង​តូច​ច្រឡឹង សាន​សា​ណា មាន​អាយុ​ត្រឹមតែ​១៧​ឆ្នាំ ហើយក៏​មិន​នឹក​ស្មានថា ​ខ្លួនឯង​នឹង​ក្លាយទៅជា​ពិធី​ការិនី​ដែរ ដោយ​គ្រាន់តែ​ដឹង​ថា ​ខ្លួន​ចូលចិត្ត​និយាយ​ច្រើន​ ហើយ​មិន​ចេះ​អៀន​។ កម្មវិធី​ដំបូង​ដែល​ពិធី​ការិនី សាន​សា​ណា បាន​ចាប់ផ្ដើម​ការងារ​នោះ ​គឺ​កម្មវិធី Hit Video ក្នុងនាម​ជា​VJ​មួយ​រូប​។ បន្ទាប់​មក​ទៀត​ក៏បាន​កាន់​កម្មវិធី​របស់​កុមារ ហើយ​ដោយសារតែ​ភាព​វ័យ​ឆ្លាត​រហ័សរហួន​ក្នុង​ការងារ​ពិធី​ការិនី​សាន​សា​ណា ក៏បាន​កាន់​កម្មវិធី​ប្រកុំ​តន្ត្រី​ធំៗ ដែល​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ព្រមទាំង​កម្មវិធី​ដំណើរ​ទេសចរណ៍​ទៅកាន់​បរទេស​ជាដើម​។ អ្វី​ដែល​ជា​បញ្ហា​ចោទ​ចំពោះ​ពិធី​ការិនី​រាង​តូច​ច្រឡឹង ពេល​ដែល​ចាប់ផ្ដើម​ការងារ​ដំបូង​នោះ​គឺ ការរៀបចំ​សម្លៀកបំពាក់ នឹង​ការ​តុបតែង​មុខ​។ ដោយសារតែ​ការងារ​ពី​ដំបូង​ដែល​អ្នកនាង សាន​សា​ណា បាន​ធ្វើជា​កម្មវិធី​ដែល​ត្រូវ​ថត​ទុក ហើយ​ទន្ទឹម​នឹង​ការសិក្សា​ក្នុងនាម​ជា​និស្សិត​អាហារូបករណ៍ ដែល​តម្រូវ​ឱ្យ​សិក្សា​ពី​ម៉ោង​៧:៣០ នាទី​ព្រឹក រហូតដល់​ម៉ោង ៥:៣០​នាទី​ពេល​ល្ងាច​។ ហេតុដូច្នេះ​ចន្លោះ​ដែល​ធ្វើការ​គឺ​ពី​ម៉ោង​១​ព្រឹក​រហូតដល់​ម៉ោង​៥​ភ្លឺ​។ ពិធី​ការិនី​ដែល​ពោរពេញ​ដោយ​សមត្ថភាព​បាន​ឱ្យ​ដឹង​ទៀត​ថា ចាប់​តាំងពី​អាយុ​១៨​ឆ្នាំ រហូតមកដល់​ពេលនេះ ជីវិត​របស់​អ្នកនាង​គឺ​មិន​មាន​ពេលទំនេរ​នោះ​ទេ ​គឺ​រវល់​រហូត​ជាមួយនឹង​ការសិក្សា និង​ការងារ​។ ការងារ​ដែល​អ្នកនាង ខៀវ សាន​សា​ណា បាន​ធ្វើ​ហើយ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់​យ៉ាង​ដូចនេះ ក៏​ព្រោះតែ​អ្នកនាង​បាន​សិក្សា​ពី​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (Department of Media and Communication) ហើយ​ជានិច្ចកាល អ្នកនាង​តែងតែ​ត្រូវ​បាន​សកលវិទ្យាល័យ​បញ្ជូន​ឱ្យ​ទៅ​សិក្សា​លើ​ជំនាញ​មួយ​ចំនួន​ដូចជា​៖ តិចនិក​ក្នុង​ការ​សម្ភាសន៍ របៀប​នៃ​ការ​សរសេរ​អត្ថបទ របៀប​នៃ​ការ​និយាយ​របស់​ពិធីករ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា សាំង​ហ្គា​ពួ ថៃ ហ្វីលីពីន អាល្លឺម៉ង់ ជាដើម​។

ដោយឡែក​នា​ពេល​បច្ចុប្បន្ន​ពិធី​ការិនី សាន​សា​ណា កាន់​កម្មវិធី “​ពេញចិត្ត​អត់​” ដែល​មាន​ការ​ចាក់​ផ្សាយ​រាល់ថ្ងៃ​សៅរ៍​តែមួយ​ប៉ុណ្ណោះ ព្រោះ​អំឡុង​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦​នេះ អ្នកនាង​បាន​ពោល​ថា “​ខ្ញុំ​រវល់​នឹង​ការងារ​ធ្វើជា MC សឹងតែ​រាល់ថ្ងៃ​តែម្តង ដោយ​រក​ពេល​សម្រាក​គ្មាន ហើយ​ថ្ងៃ​ខ្លះ​មួយថ្ងៃ​ពីរ​ឬ​បី​កម្មវិធី​ក៏​មាន​ដែរ​ ហើយ​បី​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​នាង​ខ្ញុំ​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​តំណែង​ជា​ពិធី​ការិនី​រយៈពេល​១៣​ឆ្នាំ​កន្លង​មកនេះ​”​។ តាមរយៈ​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សូវ​រី​ន ពិធី​ការិនី​ដែល​សម្បូរ​ដោយ​សំនួនវោហារ​ស័ព្ទ ​បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​នាង​ជោគជ័យ​ក្នុង​អាជីព​ការងារ​មួយ​នេះ​… ពិធី​ការិនី ខៀវ សាន​សា​ណា បាន​ឱ្យ​ដឹង​ថា “​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ពិធីករ​ដំបូង​ឡើយ ខ្ញុំ​គិត​ថា ​ត្រូវ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ស្រឡាញ់​ និង​ចូលចិត្ត​ការងារ​មួយ​នេះ​ ទើប​ធ្វើ​បាន​ល្អ​។ បើសិនជា​អ្នក​មិន​ស្រឡាញ់​ការងារ​មួយ​នេះ ហើយ​បង្ខំចិត្ត​ចង់​ធ្វើ​វា​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា ​ការងារ​របស់​អ្នក​វា​ចេញ​មក​មិន​ធម្មជាតិ​។ អ្វីដែល​សំខាន់​គឺ​ត្រូវតែ​ខិតខំ​សិក្សា​រៀន​សូត្រ​ពី​ការងារ​មួយ​នេះ តាមរយៈ​ការ​មើល​អ្នក​ដែល​គាត់​ជា​ពិធីករ​អាជីព​(Professionals MC) ហើយ​រាល់​ពេល​ដែល​នៅ​ម្នាក់ឯង​ គឺ​ត្រូវតែ​រៀន​និយាយ​នៅមុខ​កញ្ចក់ ហើយ​មិនត្រូវ​មាន​ភាព​អៀន​ខ្មាស​ក្នុង​ខ្លួន​ឡើយ​។ ដើម្បី​ក្លាយ​ជា​ពិធីករ​ដ៏​ជោគជ័យ​មួយរូប​នោះ ​គឺ​ត្រូវ​តែមាន​ភាព​ក្លាហាន ហើយ​ចេះ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យ​បាន​ល្អ និង​សិក្សា​ភាសាបរទេស​បន្ថែម​ទៀត​កាន់​តែច្រើន​កាន់តែ​ល្អ​”​។ អ្វី​ដែល​ជា​ចំណុច​សំខាន់ នឹង​កាន់តែ​ផ្ដល់​ទំនុកចិត្ត​ក្នុង​អាជីព​ជា​ពិធីការ​រិនី​នោះ​ គឺ​ការរៀបចំ​សម្លៀក​បំពាក់​ការ​តុបតែង​មុខ​ឱ្យ​បាន​សមរម្យ​ស្រប​ទៅ​តាម​កម្មវិធី​នីមួយៗ​។ ផ្ទុយទៅវិញ​ចំពោះ​ពិធី​ការិនី សាន​សា​ណា បាន​ឱ្យ​ដឹង​ថា ប្រសិនបើ​យើង​ស្លៀកពាក់​មិនបាន​ស្អាត​នោះ​ ទំនុកចិត្ត​ក្នុង​អាជីព​ការងារ​មួយ​នេះ​នឹង​មាន​ការ​ថយ​ចុះ​ជាមិនខាន​។

ក្នុង​រយៈពេល​១៣​ឆ្នាំ​ក្នុង​អាជីព​ការងារ​មួយ​នេះ ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នកនាង​អាច​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់​បែបនេះ ​គឺ​រួមផ្សំ​ពី​កត្តា​មួយ​ចំនួន​ដូចជា​៖ ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ ការ​គោរព​ពេលវេលា​ដែល​អ្នកនាង​តែងតែ​ទៅ​មុន​កម្មវិធី​រយៈពេល​ពីរ​ម៉ោង​មុន​រហូត ហើយ​មិនត្រូវ​ប្រើ​ចរិត​ឆ្មើងឆ្មៃ​ចំពោះ​ទស្សនិកជន​ឡើយ​។ ក្រៅពី​អាជីព​ជា​ពិធី​ការិនី អ្នកនាង​ខៀវ សាន​សា​ណា ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ផង​ដែរ​។ នៅ​ថ្ងៃ​ខាងមុខ អ្នកនាង​មានបំណង​ចង់​ក្លាយ​ជា​អគ្គ នាយិកា​សាលា​បង្រៀន​ភាសា​អង់គ្លេស ចិន និង​អំពី​ពិធីការ​។ ជា​ចុងក្រោយ​អ្នកនាង សាន​សា​ណា សូម​អរគុណ​អ្នកអាន​របស់ សូវ​រី​ន និង​អ្នក​ដែល​តែងតែ​គាំទ្រ​ដល់​អ្នកនាង​ហើយ​វា​ជា​ក្ដី​ស្រឡាញ់​មួយ​សម្រាប់​លើកទឹកចិត្ត​ក្នុង​អាជីព​ការងារ​មួយ​នេះ៕
ពិធី​ការិនី​រាង​តូច​ច្រឡឹង​ខៀវ សាន​សា​ណា ​​ប្រាប់​ពី​​ដើមទង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ពិធី​ការិនី

ពិធី​ការិនី​រាង​តូច​ច្រឡឹង​ខៀវ សាន​សា​ណា ​​ប្រាប់​ពី​​ដើមទង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ពិធី​ការិនី