​លោក យឹម សុវណ្ណ បញ្ជាក់ថា​វិបត្តិ​នយោបាយ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បើ​អ្នកនយោបាយ​មិនបាន​ជួបគ្នា​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅក្នុង​សប្តាហ៍​នេះ បានបញ្ជាក់​ជាថ្មី​ថា វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​អាចមាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ជួបចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា​។ ការបញ្ជាក់​របស់លោក យឹម សុវណ្ណ យ៉ាង​ដូច្នេះ គឺធ្វើឡើង​ស្រប​ពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិនអាច​ផ្តើម​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​ទាក់ទង​ដើម្បី​ធ្វើ​ការចរចា​ច្រើនលើក​ក៏ដោយ​។​

​លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​មតិសាធារណ​ជាតិ និង​អន្តរជាតិ បាន​សម្តែង​ការព្រួយបារម្ភ​ដូចៗ​គ្នា​ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ដែល​អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​បំណង​ជួបចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សង្ឃឹមថា​គណបក្ស​ទាំងពីរ​អាច​នឹង​ជួបចរចា​ជាមួយគ្នា​នៅពេល​ខាងមុខ ព្រោះ​បើ​បណ្តែតបណ្តោយ​មានតែ​ការខាតបង់​ប៉ុណ្ណោះ​។​

មន្ត្រីការទូត​អាមេរិក ជប៉ុន និង​បារាំង​ជាដើម កាលពីពេល​ថ្មីៗ​សុទ្ធតែ​បាន​សម្តែង​គោលជំហរ​ដូចគ្នា ពោលគឺ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណ​ប្ស​ប្រជាជន​កម្ពុជា​ជួបចរចា​ជាមួយគ្នា​ឲ្យ​បាន​ឆាប់​ស្របទៅតាម​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ដែល​កំពុងមាន​ភាព​តានតឹង​សព្វថ្ងៃនេះ​។ មន្ត្រីការទូត​របស់​ប្រទេស​មហាអំណាច​ទាំងនោះ បាន​សង្កត់ធ្ងន់ថា បើ​បញ្ហានយោបាយ​នៅតែ​អូសបន្លាយ​នោះ​ការអភិវឌ្ឍ​កម្ពុជា​នឹងរង​ផលប៉ះពាល់​ជាមិនខាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅថ្ងៃនេះ ក៏បាន​បញ្ជាក់ដែរថា បើ​បញ្ហានយោបាយ​នៅ​កម្ពុជា​ចេះតែ​បន្ត​អូសបន្លាយ​ហើយ​មិនអាច​ដោះស្រាយ​រួច​នោះ​ចៀស​មិន​រួច​ពី​ការអន្តរាគមន៍​ពី​អន្តរជាតិ​នោះទេ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើ​អ្នកនយោបាយ​ខ្មែរ​មិន​ចង់​ឲ្យ​បរទេស​អន្តរាគមន៍ ឬ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា អ្នកនយោបាយ​ខ្មែរ​គប្បី​សហការគ្នា និង​ចេះ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ឲ្យ​បាន​ឆាប់​៕

13615460_1062824077144515_7228245050013969575_n