លំនៅ​ឋាន​ថៅកែ​ខ្សាច់​-​ថ្ម ចោរ​គាស់​ចូល​លួច​ទាំង​ព្រឹកយក​អស់​រាប់​ម៉ឺន​ដុល្លារ

លំនៅ​ឋាន​ថៅកែ​ខ្សាច់​-​ថ្ម ចោរ​គាស់​ចូល​លួច​ទាំង​ព្រឹកយក​អស់​រាប់​ម៉ឺន​ដុល្លារ



ខេត្ត​ព្រះ​សីហ​នុ ៖ មាស​ពេជ្រ​កែវកង រួម​នឹង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ទៀត​នៅ​ក្នុង​លំនៅ​ឋាន​របស់​ថៅកែ​លក់​ខ្សាច់ ថ្ម នៅ​ភូមិ​៣ សង្កាត់លេខ​៣ ក្រុងព្រះសីហនុ បាន​ត្រូវ​ចោរ​គាស់​ចូល​លួច​លួច​យក​អស់​គ្មាន​សល់​ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ និង​ធ្វើ​ឱ្យ​មានការ​ឆោឡោ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា  ។

លោក ស៊ុន រី អាយុ​៤៤​ឆ្នាំ និង​អ្នក ស្រី សាន ណៃ​សេង អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ជា​ថៅកែ​លក់​ខ្សាច់ ថ្ម នៅ​ជាប់​ស្ថានីយប្រេងឥន្ធនៈ សូ​គី​ម៉ិច (​ក្បែរ​ភ្លើងស្តុប​ផ្លូវបំបែក​រ៉ា​) បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៧​ព្រឹក​ថ្ងៃ​នោះ ក្រុម​គ្រួសារ​គាត់​បាន​ចេញ​ទៅ​ដេប៉ូ​លក់​ខ្សាច់ ថ្ម ដូច​សព្វមួយដង ហើយ​ផ្ទះ​ទាំងមូល​ក្នុង​វេលា​នោះ​មិន​ដែល​មាន​នរណា​ម្នាក់​នៅទេ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៧​កន្លះ កូនប្រុស​គាត់​ទៅ​ផ្ទះ ស្រាប់​ឃើញ​បង្អួច​ផ្ទះ​ខាងក្រោយ​ត្រូវ​ចោរ​គាស់​ចូល និង​ជាន់​ទី​២​ក៏​ត្រូវ​ចោរ​គាស់​ចូល​ក្នុង​បន្ទប់ធ្វើការ​ងារ​របស់​គាត់​ដែរ ។

ភ្លាម​ៗ​នោះ កូនប្រុស​គាត់​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទើប​ដឹង​ថា សម្ភារ​មាន​តម្លៃ​ជា​ច្រើន​ត្រូវ​បាត់បង់​អស់​គ្មាន​សល់​ដូច​ជា មាស​ជាង​១០​តម្លឹង ខ្សែ​.​ក​ពេជ្រ​តម្លៃ​ជាង​២០.០០០​ដុល្លារ ចិញ្ចៀនពេជ្រ​១​វង់​តម្លៃ​ជាង​៧.០០០​ដុល្លារ លុយ​៧០០​ដុល្លារ រួម​នឹង​ក្បាល​កាមេរ៉ា​សុវត្ថិភាព​ក៏​ត្រូវ​ចោរ​ដោះ​យក​ទៅ​ដែរ ។

អ្នកស្រី សាន ណៃ​សេង បន្ត​ទៀត​ថា ទ្រព្យសម្បត្តិ​ជា​ច្រើន​ត្រូវ​បាត់បង់​អស់ហើយ​រូប​គាត់​មិនសូវ​មានការ​ងឿងឆ្ងល់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​មានការ​ងឿងឆ្ងល់​នោះ សូ​ម្បី​តែ​ក្បាល​កាមេរ៉ា​សុវត្ថិភាព ដែល​ជា​ប្រដាប់​ថតចម្លង​ទិន្នន័យ ក៏​ត្រូវ​ចោរលួច​យក​ទៅ​អស់​គ្មាន​សល់​។ ចំណុច​នេះ​គាត់​មានការ​សង្ស័យ​ថា ចោរ​ដែល​លួច​នោះ​ទំនងជា​មនុស្ស​ធ្លាប់​ស្គាល់ ធ្លាប់​ចេញចូល​ផ្ទះ​គាត់​ច្បាស់ ទើប​អាច​ដឹង​គ្រប់​កន្លុកកន្លៀត បន្ទប់ធ្វើការ និង​កន្លែង​ដាក់​ក្បាល​កាមេរ៉ា​ទៀត​ផង ។ 

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​៣ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅផ្ទះ​កើតហេតុ ដើម្បី​ស្វែងរក​ការ​ពិត​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នេះ ហើយ​រំពឹង​ថា ក្រុម​ចោរ​នឹង​អាច​រក​ឃើញ ៕