​ល្បី​ថា ​តម្លៃ​ជិះ​តាក់​ស៊ី​ម៉ែត្រ​ក្នុង​ក្រុង​ភ្នំពេញ​ធូរ​ថ្លៃ​ជាង​ម៉ូតូ​កង់​បី​ ​ប៉ុន្តែ​ជាក់​ស្ដែង​គឺ​បែប​នេះ​សោះ​!​(​វីដេអូ​)

រាជធានី​ភ្នំពេញ​៖ ​អ្នក​ដំណើរ​ដែល​តែងតែ​និយម​ជួល​ម៉ូតូ​កង់​បី​ជិះ​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​តម្លៃ​នៃ​សេវា​ដឹកជញ្ជូន​ប្រភេទ​នេះ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ស្ថិត​នៅ​លើ​មាត់​តៃកុង​​ជា​អ្នក​កំណត់ ​ដោយ​មាន​ការ​ទារ​ថ្លៃ​សេវា​របស់​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​ រហូត​ពេល​ខ្លះ​បាន​ទាមទារ​តម្លៃ​ខ្ពស់​កប់​ពពក​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ខ្លះ​បាន​អាក់​អន់​ស្រពន់​ចិត្ត ​លែង​ចង់​ប្រើប្រាស់​នូវ​សេវា​ដឹក​ជញ្ជូន​ប្រភេទ​នេះ​តទៅ​ទៀត​ក៏​មាន​ដែរ​។​

ទន្ទឹម​គ្នា​និង​តម្លៃ​សេវា​ម៉ូតូ​កង់​បី​ហក់​ឡើង​មិន​ទៀង​ទៀត​នេះ ​អ្នក​ដំណើរ​​​ខ្លះ​បាន​លើក​ឡើង​ថា ​បើ​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ ដែល​​ដំណើរ​ការ​នៅ​ក្នុង​ភ្នំពេញ​ដែរ​នោះ ​គឺ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ធូរ​ថ្លៃជាង​ការ​ជិះ​ម៉ូតូ​កង់​បី ​​ម្យ៉ាង​ទៀត​ទទួល​បាន​ផាសុកភាព​ល្អ ​និង​មិន​ទទឹក​ភ្លៀង ​ឬ​ត្រូវ​ប៉ះ​ជា​មួយ​ផ្សែង​ហុយ​ឡើយ​។

​យ៉ាង​ណា​ក៏​ដោយ​ នៅ​ថ្ងៃ​ទី​០៨ ​ខែ​កក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ​គេហទំព័រ​ព័ត៌មាន Kqube.net បាន​ទៅ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​បេនឡាន​ផ្សារ​ថ្មី​ជា​ច្រើន​នាក់​ និង​បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ពិត​ពួក​គេ​ក៏​ទទួល​ស្គាល់​ថា ​ម៉ូតូ​កង់​បី​ពិតជា​មាន​តម្លៃ​ខ្ពស់​មែន​ ព្រោះ​មិន​បាន​កំណត់​តម្លៃ​ត្រឹម​ត្រូវ​ ​ដូច​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ឡើយ ​ដោយ​ស្ថិត​នៅ​លើ​ការ​ចរចា​គ្នា​ជា​មុន​សិន ​ទើប​ចេញ​ដំណើរ​ទៅ​តាម​គោលដៅ​។ ​ម្យ៉ាង​ទៀត​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​ប្រញាប់ ​ឬ​អត់​ ថែម​ទៀត​។

​ជា​មួយ​គ្នា​និង​ការ​លើក​ឡើង​ថា​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ធូរ​ថ្លៃ​ជាង​នេះ​ដែរ ​អ្នក​រត់​ម៉ូតូ​កង់​បី​​ប្រចាំ​នៅ​មុខ​បេន​ឡាន​ក្រុង​សូរិយា​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​ការ​រក​ស៊ី​របស់​ពួក​លោក​គឺ​ស្ថិត​នៅ​លើ​ខ្លួន​ឯង​ជា​អ្នក​ខិតខំ​ប្រឹង​រក​អតិថិជន​ដោយ​ខ្លួន​ឯង ​គឺ​មិន​អាច​ប្រៀបធៀប​គ្នា​ជាមួយ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ ​ដែល​គេ​មាន​ក្រុមហ៊ុន​ជា​អ្នក​រក​អតិថិជន​ឲ្យ​នោះ​ទេ​ ម្យ៉ាង​ទៀត​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ខ្លះ ​គេ​ប្រើ​សេវា​ថាមពល​ពន្លឺ​ព្រះអាទិត្យ ​ដូច្នេះ​តម្លៃ​គេ​ក៏​ធូរ​ថ្លៃ​តាម​នោះ​ដែរ ​ចំណែក​ម៉ូតូ​កង់​បី​គឺ​ចាក់​សាំង តម្លៃ​ត្រូវ​តែ​ខ្ពស់​អញ្ចឹង​ហើយ​។​

​ទោះ​ជា​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ទទួល​ស្គាល់​ថា ​ការ​រកស៊ី​ក្នុង​មុខ​របរ​របស់​ខ្លួន​មាន​តម្លៃ​ខ្ពស់​ជាង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ក៏​ពិត​មែន ​ប៉ុន្តែ​តាម​ការ​លើក​ឡើង​របស់​អ្នក​ប្រកប​របរ​រថយន្ត​តាក់​ស៊ីម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់​ឈ្មោះ ចាន់ ធី ​បាន​ឲ្យ​ដឹង​ថា ​រាល់​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ទាំង​អស់​ត្រូវ​បាន​គិត​តម្លៃ​ឈ្នួល​ទៅតាម​គីឡូម៉ែត្រ​កុងទ័រ ​ដែល​ប្រហាក់ប្រហែល​គីឡូម៉ែត្រ​ចម្ងាយ​ផង​ដែរ​។

​លោក​បាន​បន្ត​ថា ​តម្លៃ​ក្នុង​ការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​អតិថិជន​របស់​ពួក​លោក ​គឺ​ការ​ចេញ​ដំណើរ​មួយ​គីឡូម៉ែត្រ​ដំបូង ​ត្រូវ​គិត​ថ្លៃ​ឈ្នួល​ពី​អតិថិជន​ចំនួន ៥០០០​រៀល ​គីឡូម៉ែត្រ​បន្ទាប់ ​ចំនួន​៣០០០​រៀល រហូត​ដល់​គីឡូ​ម៉ែត្រ​ចុង​ក្រោយ ​កាន់​តែ​ធូរ​ថ្លៃ​ ប៉ុន្តែ​បើ​ការ​ធ្វើ​ដំណើរ​នោះ​ត្រូវ​បាន​ស្ទះ​ចរាចរណ៍ គឺ​គេ​ត្រូវ​គិត​ត្រឹមតែ​ថ្លៃ​ប្រេង​សាំង ​រី​ឯ​តម្លៃ​សេ​វា​មិន​បាន​គិត​ថ្លៃ​ទេ​។

​ដើម្បី​ជ្រាប​ច្បាស់ ​គេហទំព័រ​ព័ត៌មាន ​Kqube.net ​សូម​លើក​យក​ត្រឹម​តែ​អ្នក​ប្រកប​អាជីព​រត់​ម៉ូតូ​កង់បី​ម្នាក់ ​និង​អ្នក​រកស៊ី​ខាង​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ម្នាក់ ​សម្រាប់​ឲ្យ​ពួក​គេ​បកស្រាយ​រៀងៗខ្លួន ​ដើម្បី​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់​តែ​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​បន្ថែម​ទៀត​ ប៉ុន្តែ​សូម​បញ្ជាក់​ថា ​យោង​តាម​ការ​ប្រៀប​ធៀប​តម្លៃ​រួម ​នៃ​សេវា​ដឹក​ជញ្ជូន​ទាំង​ពីរ​ក្នុង​គោលដៅ​ស្មើ​គ្នា (ពី​ផ្សារ​ថ្មី-មុខ​អាកាសយានដ្ឋាន​ភ្នំពេញ​) ម៉ូតូ​កង់បី​តម្លៃ ២​ម៉ឺន ប៉ុន្តែ​តម្លៃ​ជិះ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ក្រោម​ ៤​ម៉ឺន​រៀល​ឯណោះ​៕

ប្រភព៖​ kqube

  • ​ល្បី​ថា ​តម្លៃ​ជិះ​តាក់​ស៊ី​ម៉ែត្រ​ក្នុង​ក្រុង​ភ្នំពេញ​ធូរ​ថ្លៃ​ជាង​ម៉ូតូ​កង់​បី​ ​ប៉ុន្តែ​ជាក់​ស្ដែង​គឺ​បែប​នេះ​សោះ​!​(​វីដេអូ​)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: