​ទារក​ទើបនឹង​កើត គួរ​ថែ​ទាំង​ដូចម្តេច ទើប​ហៅ​ថា​ត្រូវ​?

​ទារក​ទើបនឹង​កើត គួរ​ថែ​ទាំង​ដូចម្តេច ទើប​ហៅ​ថា​ត្រូវ​?


​ទារក​ទើបនឹង​កើត គួរ​ថែ​ទាំង​ដូចម្តេច ទើប​ហៅ​ថា​ត្រូវ​?

​ការថែរក្សា​សុខភាព​ទារក​ទើបនឹង​កើត អាច​ជា​បទពិសោធន៍​ដ៏​ពិបាក​មួយ សម្រាប់​ស្ត្រី​ទើប​តែ​ក្លាយ​ជា​ម្តាយ​គេ​ជា​លើកដំបូង​។ ប៉ុន្តែ នៅពេលនេះ យើងខ្ញុំ​នឹង​ណែនាំ​ថា​តើ គួរ​ធ្វើ​ដូចម្តេច​ទើប​ល្អ និង​ហៅ​ថា​ត្រឹមត្រូវ​។​

ងូតទឹក​ឲ្យគេ​ជា​ទៀងទាត់​
ការ​ងូតទឹក​ឲ្យ​ទារក គឺ​ធ្វើ​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយថ្ងៃ​។ ចូរ​យកចិត្តទុកដាក់ ទៅលើ​ស្បែក​ផ្នត់ៗ ឬ​ស្បែក​ដែល​មាន​ស្នាម​របស់គេ ដូចជា នៅ​តំបន់​ក្លៀក ក្រ​លៀន និង​ក្រោយ​ជង្គង់ ព្រោះ​កន្លែង​ទាំងនេះ​ងាយ​នឹងរង​ភាព​គគ្រិច​ខ្លាំងណាស់​។ យ៉ាងណាមិញ មិន​ត្រូវ​ងូតទឹក​ឲ្យ​ទារក​ច្រើន​ពេក​ទេ ជាពិសេស​ការប្រើប្រាស់​សាប៊ូ​តែម្តង​។ ចំពោះ​ទងសុក​វិញ នឹង​ជ្រុះ​ចេញ​ដោយ​ខ្លួនឯង ក្រោយពេល​កើត​បាន ៧ ទៅ ១០ ថ្ងៃក្រោយ​។ ប៉ុន្តែ អ្នក​អាច​លាង​សម្អាត​ទងសុក​នេះ បាន​ជាមួយនឹង​សម្លី​ស្ងោរ​ស្អាត មុន​ពេល​វា​ជ្រុះ​។ ជាមួយគ្នានេះដែរ អ្នក​គួរតែ​រកមើល​ការហូរ​ខ្ទុះ​នានា ក្លិនស្អុយ ឬ​ការឡើង​ក្រហម នៅ​គល់​ទងសុក​នោះ​ផង ព្រោះ​បើ​មាន​វា​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​។

តាមដាន លាមក និង​ទឹកនោម​
វា​គឺជា​រឿង​សំខាន់​មួយ ដែល​ឪពុក​ម្តាយ​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ភាព​ញឹកញាប់​នៃ​ការ​នោម និង បន្ទោរ​បង់​របស់​កូន​។ ក្មេង​ដែល​បៅដោះ​ម្តាយ ច្រើន​តែ​នោម​យ៉ាងហោចណាស់ ១ ទៅ ៣ ដង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​។ យ៉ាងណាមិញ ទឹកនោម​នេះ​អាច​នឹង​កើនឡើង​ច្រើន​ដែរ អាស្រ័យ​ទៅតាម​គេ​បៅ​ច្រើន ឬ​អត់​ប៉ុណ្ណោះ ព្រោះ​ទារក​អាច​នឹង​ត្រូវការ បៅដោះ​ម្តាយ​ចាប់ពី ២ ទៅ ១០ ដង​ក្នុង​មួយថ្ងៃ​។ ទារក​បៅដោះ​ម្តាយ ក៏​ងាយ​នឹង​បន្ទោ​របង់​ញឹកញាប់​ដែរ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង​។ ប៉ុន្តែ នៅ​ប្រព័ន្ធ​រំលាយ​អាហារ​គេ​ស្រួលបួល​វិញ គឺ​គេ​អាច​បន្ទោ​របង់ ប្រហែល​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

យ៉ាងណាមិញ បើសិនជា​គេ​បន្ទោរ​បង់​តិចជាង​ធម្មតា អាច​មានន័យថា ទារក​មិន​ទទួល​បាន​ការ​បៅ​គ្រប់គ្រាន់​ឡើយ​។ ចំពោះ​លាមក​ដំបូង​គឺ​ស្អិត មាន​សារធាតុ​ពណ៌​បៃតងចាស់ ឬ​ហៅ​ថា​លាមក​ព្រៃ ដែល​វា​មាន​នៅក្នុង​ពោះវៀន មុនពេល​កើត​មក​ម្លេះ​។ លាមក​នេះ​អាច​នឹង​បញ្ចេញ​ចោល​អស់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​ក្រោយ​កើត​។ ការ​បន្ទោ​របង់​ទៀងទាត់ នឹង​កើតមាន​នៅពេល​ដែល​ទារក ចាប់ផ្តើម​បៅ​កាន់តែច្រើន ដែល​ជា​ធម្មតា​រឿងនេះ កើតឡើង​ក្រោយ​ពី​គេ​អាយុ​បាន ពីរ​ទៅ​បី​ថ្ងៃ​ដំបូង​។

រកមើល​បញ្ហា​ផ្សេងៗ លើ​រាងកាយ​ទារក​
កន្ទួល​រមាស់ ៖ កន្ទួល​នេះ​អាច​កើតឡើង ដោយសារ​តែ​គេ​បន្ទោរ​បង់​ច្រើនពេក ដែល​ជាហេតុ​នាំ​ឲ្យ​រលាក​ស្បែក ឬ​មិន​បាន​ផ្លាស់ប្តូរ​ខោ​ទឹកនោម ឬ​ប្រើ​យូរពេក​។ យក​ល្អ គួរតែ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ភ្លាមៗ ក្រោយ​ពី​គេ​បន្ទោបង់​រួច​។ ម្យ៉ាងវិញទៀត អ្នក​ក៏​អាច​ផ្លាស់ប្តូរ​ថ្មី​ដែរ ជា​រៀងរាល់​បី​ទៅ​បួន​ម៉ោង  ដោយសារ​តែ​គេ​អាច​នឹង​នោម នៅ​ចន្លោះ​ពេល​នេះ​។
​ការ​យំ ៖ ក្មេង​យំ អាច​ដោយសារតែ​ហេតុផល​ច្រើន​ដូចជា ឃ្លាន ខោ​ទឹកនោម​សើ​ម ក្តៅ​ពេក ឬ​ត្រជាក់​ពេក អស់កម្លាំង ឈឺ​ពោះ ឬ​មិន​ស្រណុក​ក្នុង​ខ្លួន​។ ដូច្នេះ បើសិន​ជា​អ្នកដោះស្រាយ បញ្ហា​អស់​ខាងលើ​ហើយ នៅតែ​មិន​អាច​បំបាត់ ការ​យំ​របស់​គេ​ទៀត​នោះ វា​អាច​ដោយសារតែ​គេ​ឈឺ​ក្នុង​ពោះ​ហើយ​។

​ចំណុច​ដែល​អាច​បញ្ជាក់​ថា ក្មេង​ឈឺពោះ​បាន​នោះ​គឺ ពោះ​គេ​ទៅ​ជា​ហើម ហើយ​រឹង​។ ការឈឺ​ក្នុង​ពោះ​ងាយ​នឹង​កើតមាន ចំពោះ​ទារក​ទើប​នឹង​កើត​ពីមួយ ទៅ​បី​ខែ​ណាស់ ហើយ​គ្មាន​ហេតុផល​ទៀត​។ ក្មេង​ដែល​ជួប​បញ្ហា​នេះ ច្រើន​តែ​យំ​ជា​រៀងរាល់ថ្ងៃ ជាពិសេស នៅ​ពេល​ល្ងាច​តែម្តង​។ ចំពោះ​ទារក​ដែល​ធំ​បន្តិច អ្នក​អាច​ទាញ​ជើង​គេ​មក​ប៉ះ​នឹង​ពោះ ក៏​អាច​ជួយ​បំបាត់​ការឈឺ​នេះដែរ ជាពិសេស ក្មេង​អាយុ​បាន ៣ ខែ​ឡើង​ទៅ​។

ដើម្បី​សម្រួល​ដល់​ភាព​ស្រួលបួល​របស់​ទារក អ្នក​អាច​ចាក់​ជា​ចម្រៀង​លន្លង់លន្លោច ឲ្យគេ​ស្តាប់​ក៏បានដែរ​។ បើសិន​ជា​អ្នក​ព្យាយាម​អស់ហើយ នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត​នោះ វា​គួរតែ​ដល់ពេល​ទៅ​ជួប​គ្រូពេទ្យ​ជួយ​វិញ​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។