ពលរដ្ឋ​នៅ​តំបន់​ភ្នំ​គូលែន​ប្រកប​របរ​ចិញ្ចឹម​ឃ្មុំ​ដើម្បី​បង្កើន​ចំណូល

ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន ស្រប​ពេល​ដែល​ព្រៃ​ធម្មជាតិ​កាន់តែ​បាត់បង់​ទៅ គឺ​បាន​ធ្វើ​ឱ្យ​សត្វ​ឃ្មុំ​ដែល​ទឹក​របស់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​មនុស្ស​ជា​ច្រើន​នៅ​តែ​ត្រូវការ​ចាំបាច់​នោះ ក៏​បាត់បង់ និង​ថយ​ចុះ​ជា​បន្តបន្ទាប់​ដែរ។

ជាមួយ​គ្នា​នេះ កសិករ​ខ្លះ​ក្រៅ​តែ​ពី​មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ក៏​កំពុង​ចាប់​យក​មុខ​របរ​ថ្មី​មួយ​ទៀត គឺ​ចិញ្ចឹម​សត្វ​ឃ្មុំ ដើម្បី​យក​ទឹក​លក់​ទៅ​កាន់​ទីផ្សារ​ក្នុង​ស្រុក។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ឃុំ​ខ្នងភ្នំ នៃ​ស្រុក​ស្វាយលើ និង​ឃុំ​ត្បែងខាងលិច នៃ​ស្រុក​បន្ទាយស្រី ជាប់​នឹង​តំបន់​ភ្នំ​គូលែន បាន​មើល​ឃើញ​ថា ទឹក​ឃ្មុំ​គឺ​ជា​តម្រូវការ​របស់​មនុស្ស​សម័យថ្មី ដ៏​សំខាន់ ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូចជា​ត​ទៅ​​អនាគត។

ដោយសារ​ការ​យល់​ឃើញ​ដូច​នេះ ស្រប​ពេល​ដែល​ព្រៃ​ធម្មជាតិ​កាន់​តែ​បាត់បង់​ទៅៗ ហើយ​ទឹកឃ្មុំ​ព្រៃ​ក៏​ពិបាក​ដើរ​រក​ទៀត​នោះ កសិករ​មួយ​ចំនួន​ក៏​បែរ​ទៅ​រៀន​ជំនាញ​ចិញ្ចឹម​សត្វ​ឃ្មុំ​ដើម្បី​យក​ទឹក​លក់​ជំនួស​ឱ្យ​ការ​ដើរ​រក​ទឹកឃ្មុំ​ពី​ព្រៃ​តាម​របៀប​ផ្សងព្រេង​វិញ។

បច្ចុប្បន្ន​នេះ មាន​កសិករ​មិន​ច្រើន​ទេ ដែល​រស់​នៅ​លើ​ខ្នងភ្នំ​គូលែន​នៃ​ស្រុក​ស្វាយលើ និង​ជើងភ្នំ​គូលែន នៃ​ស្រុក​បន្ទាយស្រី ដែល​ចាប់​យក​មុខ​របរ​ចិញ្ចឹម​ឃ្មុំ​នេះ។

អ្នក​ភូមិ​ព្រះធំ នៃ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ម្នាក់ ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​ឃ្មុំ គឺ​លោក ជិន វណ្ណ​នី​។ លោក​មានប្រសាសន៍ថា​លោក​បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​ឃ្មុំ រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ចាប់​តាំងតែ​ពី​លោក បាន​រៀន​ពី​សកល​វិទ្យាល័យ​នៅ​ខេត្ត​បន្ទាយមានជ័យ​មក។ ពូជ​ឃ្មុំ​ដែល​លោក​ចិញ្ចឹម​នេះ​គឺ​ជា​ពូជ​មីលីសារ៉ា (Milisara) ដែល​មាន​ដើម​កំណើត​នៅ​តំបន់​អឺរ៉ុប។

លោក ជិន វណ្ណនី បញ្ជាក់​ទៀត​ថា ការ​ចិញ្ចឹម​ឃ្មុំ​នេះ​អាច​ជួយ​ឱ្យ​គ្រួសារ​របស់​លោក​បាន​ចំណូល​សម​គួរ ដោយ​ក្នុង​រយៈពេល ១​ឆ្នាំ ​គឺ​អាច​ទទួល​ផល​ជា​ទឹក​ឃ្មុំ និង​ពី​ក្រមួនឃ្មុំ បាន​រយៈពេល ៦​ខែ ហើយ​ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ប្រាក់​កម្រៃ​ពី ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល ដោយ​ការ​លក់​ទឹក​ឃ្មុំ៖ «នៅ​តំបន់​ខ្ញុំ​នេះ​មាន​បងប្អូន​ខ្លះ​គាត់​លក់​ទឹក​ឃ្មុំ​អត់​សូវ​ល្អ អ៊ីចឹង​ខ្ញុំ​ចិញ្ចឹម​ឃ្មុំ ខ្ញុំ​ចង់​កែប្រែ​ការ​លក់​ទឹកឃ្មុំ​មិន​ល្អ​ហ្នឹង​មក​ជា​លក់​ទឹក​ឃ្មុំ​ល្អ​សម្រាប់​ភ្ញៀវ​វិញ ពីព្រោះ​យើង​ត្រូវ​ការ​ទេសចរ»

ចិញ្ចឹម​ឃ្មុំ ភ្នំ​គូលែន ៨៥៥ ២០១៦
សំបុក​ឃ្មុំ​ព្រៃ​ដែល​ពលរដ្ឋ​ចិញ្ចឹម​នៅ​តាម​ព្រៃ​នៃ​ជើង​ភ្នំ​គូលែន ក្នុង​ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Hang Savyouth

លោក ជិន វណ្ណនី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ទឹកឃ្មុំ​ដែល​លោក​ផលិត​បាន​គឺ​លក់​ក្នុង​តម្លៃ ៦​ម៉ឺន​រៀល ស្មើ​នឹង ១៥​ដុល្លារ​ក្នុង ១​លីត្រ។ ទីផ្សារ​របស់​លោក​មិន​ពិបាក​រក​ទេ គឺ​លក់​ទៅ​ឱ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​ទៅ​ទស្សនា​ភ្នំ​គូលែន ព្រមទាំង​លក់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន មួយ ដែល​តែង​ទិញ​យក​ទៅ​ធ្វើ​នំ។

កសិករ​ចិញ្ចឹម​ឃ្មុំ​បាន​ទទួល​ស្គាល់​ដូចៗ​គ្នា​ថា ការ​ចិញ្ចឹម​ឃ្មុំ​ដែល​អាច​ទទួល​ផល​ប្រសើរ គឺ​ទី​ពឹង​ទៅ​លើ​ព្រៃ​ធម្មជាតិ​សំបូរ​បែប ព្រម​ទាំង​មាន​ផ្កា​រីក​ស្រស់​ទៅ​តាម​រដូវកាល ប៉ុន្តែ​ប្រសិនបើ​គ្មាន​ព្រៃ​ធម្មជាតិ​ទេ សត្វ​ឃ្មុំ​ក៏​គ្មាន​ផ្កា​ក្រេប​យក​លំអង ព្រម​ទាំង​មិន​មាន​ទឹក​ដម​ល្អ​ដែរ។

​លោក ពាង ឆុញ គឺ​ជា​កសិករ​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ត្បែងខាងលិច នៃ​ស្រុក​បន្ទាយស្រី ជាប់​ជើង​ភ្នំ​គូលែន មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១០​ឆ្នាំ​ហើយ ដែល​គ្រួសារ​របស់​លោក​មាន​ជីវភាព​ធូរធារ​មួយ​កម្រិត​ទៀត​បន្ថែម​ពី​លើ​មុខ​របរ​ធ្វើស្រែ​ចម្ការ។ ពេល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​លោក​តែង​លី​បង្គង ដើរ​ដាក់​តាម​ព្រៃរបោះ រួច​ហើយ​លាប​ទឹក​ឃ្មុំ​នៅ​តាម​បង្គង​ទាំង​នោះ​ដើម្បី​ឱ្យ​ឃ្មុំ​ព្រៃ​ហើរ​មក​ទុំ។ របរ​ចិញ្ចឹម​ឃ្មុំ​នេះ បាន​ធ្វើ​ឱ្យ​រូប​គាត់​និង​អ្នក​ភូមិ​ប្រមាណ ៣០​គ្រួសារ​ទៀត អាច​រក​ប្រាក់​បាន​ប្រមាណ ១.០០០​ដុល្លារ​ក្នុង​១​ឆ្នាំៗ ពី​ការ​លក់​ទឹក​ឃ្មុំ។

ទោះ​ជា​យ៉ាង​ណា ពេល​បច្ចុប្បន្ន លោក ពាង ឆុញ សំដែង​ការ​ព្រួយ​បារម្ភ​ដោយសារ​តែ​ព្រៃឈើ​បាត់បង់ ហើយ​ចំនួន​សត្វ​ឃ្មុំ​ព្រៃ​ក៏​ថយ​ដែរ​នោះ។ លោក ឆុញ អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​មាន​វិធានការ​ទប់ស្កាត់​ការ​ឈូស​បំផ្លាញ​ព្រៃ ដើម្បី​ឱ្យ​សត្វ​ឃ្មុំ​ព្រៃ​បាន​នៅ​គងវង់​យូរ​អង្វែង៖ «គេ​ឈូស​ឆាយ​ដាំ​ដំឡូង​មី​ក៏​អស់​ព្រៃ នៅ​តែ​ព្រៃ​ខ្នងភ្នំ ដាក់​បង្គង​ឃ្មុំ​យ៉ាង​ម៉េច​កើត។ ខ្ញុំ​ចង់​ឱ្យ​ជួយ​ធ្វើ​ម៉េច​កុំ​ឱ្យ​មាន​ការ​រុករាន​យក​ដី​ព្រៃ​ត​ទៅ​ទៀត»

លោក ពាង ឆុញ បញ្ជាក់​ថា រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ភូមិ​របស់​លោក​ជា​ច្រើន​បាន​បោះបង់​ចោល​មុខ​របរ​ចិញ្ចឹម​ឃ្មុំ​ព្រៃ ដោយសារ​តែ​អស់​ព្រៃឈើ ចំណែក​រូប​លោក​នៅ​តែ​តស៊ូ​ចិញ្ចឹម​ដោយ​បាន​ចំណូល​ពី​ការ​លក់​ទឹក​ឃ្មុំ​ថយ​ចុះ​យ៉ាង​ខ្លាំង គឺ​ប្រហែល ៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ។

មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​បាន​លើក​ទឹក​ចិត្ត និង​គាំទ្រ ឱ្យ​កសិករ​ចិញ្ចឹម​ឃ្មុំ​ត​ទៅ​ទៀត ពីព្រោះ​សត្វ​ឃ្មុំ​ក្រៅ​ពី​ផ្ដល់​ទឹក​សម្រាប់​ឱ្យ​មនុស្ស​យក​ទៅ​ធ្វើ​ជា​អាហារ វា​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ធម្មជាតិ​មាន​ផ្លែផ្កា​សម្រាប់​ផ្ដល់​ជា​ចំណី​ដល់​មនុស្ស និង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​ដែរ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា មាន​ប្រសាសន៍​ថា លោក​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​លើ​ខ្នងភ្នំ​គូលែន ធ្វើ​វិស័យ​កសិកម្ម​ទាំង​ឡាយ​ណា​ដែល​ឆ្លើយតប​ទៅ​នឹង​វិស័យ​ទេសចរណ៍ ព្រម​ទាំង​ការ​ចិញ្ចឹម​សត្វ​ឃ្មុំ​ជាដើម ប្រយោជន៍​ជៀសវាង​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ។

លោក ភួង លីណា បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់​នៅ​លើ​ខ្នងភ្នំ​គូលែន កំពុង​ប្រកប​មុខ​របរ​កាប់​ឈើ និង​កាប់​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​ដាំ​ស្វាយចន្ទី។ របរ​ទាំង​នេះ​គឺ​មិន​មាន​និរន្តរភាព​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​បំផ្លាញ​បរិស្ថាន។

មន្ត្រី​បរិស្ថាន​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុងតែ​បង្វែរ​មុខ​របរ​ប្រជាពលរដ្ឋ​ខ្លះ​ឱ្យ​ក្លាយ​ទៅ​ជា​សហគមន៍​អេកូ​ទេសចរណ៍​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត ហើយ​ជួយ​ការពារ​ដល់​ធម្មជាតិ​ដែល​នៅ​លើ​ខ្នងភ្នំ​គូលែន​ផង៖ «យើង​ក៏​បាន​គិត​អំពី​វិស័យ​កសិកម្ម​យើង​គិត​ថា បើសិនជា​គាត់​នៅ​តែ​កាប់​រុករាន​ដី​ព្រៃ​ធ្វើ​កសិកម្ម​ដាំ​ស្វាយចន្ទី ហ្នឹង​ទេ គឺ​វា​មិន​មាន​និរន្តរភាព​ដូច​គ្នា»

អ្នក​ជំនាញ​បរទេស​ផ្នែក​ចិញ្ចឹម​សត្វ​ឃ្មុំ លោក ដានីញ៉ែល អ័រចាមផ៍ (Daniel R.Jump)​ ពន្យល់​ថា សត្វ​ឃ្មុំ​គឺ​មាន​តួនាទី​សំខាន់​បំផុត​សម្រាប់​ជួយ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​ទាំង​អស់​នៅ​លើ​ពិភពលោក​ឱ្យ​មាន​ផ្លែ​និង​ផ្កា។ ប្រសិនបើ​ក្នុង​ពិភពលោក​ទាំង​មូល​គ្មាន​សត្វ​ឃ្មុំ​សម្រាប់​ជា​ភ្នាក់ងារ​ជួយ​ដល់​រុក្ខជាតិ​ឱ្យ​មាន​ផ្លែផ្កា​ទេ គឺ​មនុស្ស​និង​សត្វ​ច្បាស់​ជា​ខ្វះ​ស្បៀង​អាហារ​មិន​ខាន។

អ្នក​ចិញ្ចឹម​ឃ្មុំ​ជា​ច្រើន​ទៀត​ឱ្យ​ដឹង​ថា ឃ្មុំ​ក្រៅ​តែ​ពី​ផ្ដល់​ទឹក​ជា​អាហារ​ផ្អែម​ឆ្ងាញ់ គឺ​កន្លែង​ជា​ច្រើន​ទៀត​សុទ្ធ​តែ​មាន​ប្រយោជន៍ ដូចជា​ទឹក​ឃ្មុំ​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​ឱសថ​កែរោគ ធ្វើ​ជា​ទឹក​តែ​ផឹក ឯ​ក្រមួនឃ្មុំ អាច​យក​ទៅ​ធ្វើ​ជា​ទៀន​ដ៏​មាន​តម្លៃ ហើយ​នៅ​តាម​គ្រឿង​អេឡិចត្រូនិក​ខ្លះ ក៏​ត្រូវ​ការ​ប្រើ​ក្រមួន​ស្រោប​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។