ប៉ូលិស​រកឃើញ​​ជ័យជម្នះ​ដំបូង​ដោយ​ឈ្នះ​ស្វាយរៀង​ ១-០

ក្រុម​ខ្លាំង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចាញ់​ក្រុម​ធ្លាក់​ជើង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(ប៉ូលិស)​ដោយ​លទ្ធផល​ ១-០ សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​បាល់ទាត់​កំពូល​កម្ពុជា​សប្តាហ៍​ទី​១២។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ប៉ូលិស​រក​បាន​ដោយ​សមាជិក​​បរទេស​ Michael នៅ​នាទី​​១៧​នៃ​តង់​ទី​មួយ។ ចំពោះ​ក្រុម​ខ្លាំង​ព្រះ​ខ័នរាជ​ស្វាយរៀង​វិញ​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ទាំង​តង់​ទី​មួយ និង​ទី​ពីរ ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​ប៉ូលិស​បាន​ឡើយ​នៅ​ទីលាន​វេស្ទើន។

 

លទ្ធផល​​នេះ​មាន​ន័យ​ថា ក្រុម​ប៉ូលិស​បាន​ស្វែង​រក​ឃើញ​ជ័យជម្នះ​ជា​លើក​ដំបូង​ បន្ទាប់​ពី​១១​សប្តាហ៍​កន្លង​ទៅ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ​ក្រៅ​ពី​ស្មើ និង​ចាញ់។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​​ទៀត​នេះ ជ័យជម្នះ​នេះ​ស្ថិត​ក្រោម​ការ​​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក ពាស សុធី ខណៈ​លោក​គ្រូ​បង្វឹក អ៊ុង កនយ៉ានិត្យ សម្រាក​ដឹក​នាំ​រហូត​ដល់​ចប់​រដូវ​កាល​តែ​ម្តង៕

 

ប៉ូលិស​រកឃើញ​​ជ័យជម្នះ​ដំបូង​ដោយ​ឈ្នះ​ស្វាយរៀង​ ១-០

ក្រុម​ប៉ូលិស

 

អត្ថបទ៖ ជាន ចាន់រ៉ា