ក្រសួង​សាធារណការ​ចាប់​រឹត​បន្តឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់​ពី​ដើម​ខែ​សីហា

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាប់​អនុវត្ត​ច្បាប់​លើ​ការ​ដឹក​លើស​កំណត់ តាម​រយៈ​ការ​ពង្រីក​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត គិត​ចាប់​ពី​ដើម​ខែ​សីហា ខាង​មុខ។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ផ្លូវ​ថ្នល់​បាន​ខូចខាត​មុន​ការ​កំណត់ ដោយសារ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​បំផ្លាញ​នោះ ក្រសួង​នឹង​ចាប់​រៀបចំ​ក្រុម​ជញ្ជីង​ចល័ត​ក្នុង​គោល​បំណង​ចាប់​ថ្លឹង​រថយន្ត​ណា​ដែល​ដឹក​លើស​ទម្ងន់។

បើ​ទោះ​ជា​សេចក្ដី​ប្រកាស​របស់​ក្រសួង​សាធារណការ​នេះ មិន​បាន​បន្ថែម​តម្លៃ​ក្នុង​ការ​ផាក​ពិន័យ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ផ្ទុក​ក្ដី កិច្ចការ​ចាំបាច់​ចំពោះ​មុខ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់ និង​បង្ក្រាប​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា តទៅ។

ក្រៅ​ពី​នេះ​ទៀត ក្រសួង​សាធារណការ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់ និង​អ្នក​បើកបរ​រថយន្ត​ធុន​ធ្ងន់ ​ព្រម​ទាំង​សាធារណជន​ទាំង​អស់ ចូលរួម​សហការ ឬ​រាយការណ៍​មក​ក្រសួង​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ៤២៦ ១៥៧ ក្នុង​ករណី​មន្ត្រី​ក្រោម​បង្គាប់​របស់​ក្រសួង​ទាំង​ក្រុម​ជញ្ជីង​អចល័ត និង​ចល័ត​នៅ​តាម​គោលដៅ​មួយ​ចំនួន ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ជា​អនុញ្ញាត​ឲ្យ​រថយន្ត​បន្ត​ដឹក​លើស​កំណត់​ជា​ថ្នូរ​នឹង​ការ​យក​លុយ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។