តុលាការ​កោះហៅ​មន្ត្រី​អាដហុក​មួយ​រូប​ទៀត​មក​បំភ្លឺ​ទាក់ទង​រឿង​ស្រីមុំ

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​មន្ត្រី​សមាគម​អាដហុក (ADHOC) ម្នាក់​ទៀត​ហើយ ប្រចាំ​ខេត្ត​ព្រៃវែង ឈ្មោះ អ៊ាង គឹមលី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា នេះ ដើម្បី​ឲ្យ​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ខាង​មុខ ទាក់ទង​សំណុំរឿង​អាស្រូវ​ផ្លូវ​ភេទ​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​អាដហុក ចំនួន ៤​នាក់ ពី​បទ​សូកប៉ាន់​សាក្សី និង​លោក នី ចរិយា ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី។ ជាង​នេះ​ទៅ​ទៀត លោក​ថា ចៅក្រម​ស៊ើបសួរ​នឹង​កោះហៅ​សាក្សី​មួយ​ចំនួន​ទៀត​មក​សាកសួរ​ជា​បន្តបន្ទាប់​នៅ​ក្នុង​រឿង​ក្តី​នេះ។

​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ បាន​ទៅ​ឆ្លើយ​បំភ្លឺ​តុលាការ​ទាក់ទង​នឹង​សំណុំរឿង​សញ្ចារកម្ម​ដែល​ពាក់ព័ន្ធ​នឹង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប និង​លោក កឹម សុខា។

នៅ​ក្នុង​សំណុំរឿង​នេះ​ដែរ មន្ត្រី​អាដហុក​ចំនួន ៤​នាក់ អគ្គលេខាធិការ​រង​នៃ គ.ជ.ប ម្នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ ចំណែក​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​គេច​ពី​ការ​ចាប់​ខ្លួន​ដោយ​បន្ត​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​នេះ។ ចំណាត់​ការ​របស់​តុលាការ​លើ​រឿង​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ថា អ្វី​ដែល​តុលាការ​អនុវត្ត​ស្ថិត​ក្រោម​គំនាប​របស់​អ្នក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។