ទិវា​ដាំ​កូន​ឈើ​ត្រូវ​បាន​​​ធ្វើ​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ទាក់ទាញ​ទេសចរ​

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ ក្រសួង​ព្រះបរមរាជវាំង អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បរិស្ថាន បាន​រួម​គ្នា​ប្រារព្ធ​ពិធី​រុក្ខទិវា​ដាំ​កូន​ឈើ ៩ កក្កដា។ ពិធី​នោះ​ប្រារព្ធ​ឡើង​នៅ​តំបន់​គ​១ ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៧​ពាន់​នាក់។

ពិធី​រុក្ខ​ទិវា​ដាំ​កូន​ឈើ ៩ កក្កដា លើក​ទី​២៦ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ កក្កដា ថា ការ​ជ្រើសរើស​យក​ទីតាំង​ដាំ​កូន​ឈើ​នៅ​ឆ្នាំ​នេះ​ស្ថិត​នៅ​តំបន់​គ​១ ដែល​ជា​ឈ្មោះ​សម្រាប់​សម្គាល់​ទីតាំង​មូលដ្ឋាន​កងទ័ព​គ​១ នៅ​ក្នុង​កង​វរសេនាតូច​លេខ​៩៦ ដែល​គេ​ហៅ​ថា ង​ឯករាជ្យ។

លោក​ថា គណៈកម្មការ​រៀបចំ​បាន​ប្រើប្រាស់​កូន​ឈើ​ប្រណិត​ជាង ១​ម៉ឺន​ដើម ដាំ​លើ​ផ្ទៃដី ១២​ហិកតារ​ដែល​មាន​បំណង​ប្រែក្លាយ​តំបន់​នោះ​ឲ្យ​ទៅ​ជា​មាន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ សម្រាប់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍៖ «កិច្ចការ​នេះ​មាន​អត្ថន័យ​សម្បើម​ណាស់ មិនមែន​ធម្មតា​ទេ​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​ក្នុង​បរិវេណ​ម្ដុំ​ប្រាសាទ​ព្រះវិហារ​នេះ មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ព្រោះ​កន្លែង​ប្រាសាទ​ព្រះវិហារ គឺ​យើង​បាន​ដឹង​ហើយ គឺ​ជា​មរកត​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​យើង។ យើង​ដាំ​ឈើ​នៅ​ទីនោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្រស់​ត្រកាល​មាន​ពណ៌​បៃតង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ»

ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​ដាំ​កូន​ឈើ ៩ កក្កដា បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ ក្រសួង​ព្រះបរមរាជវាំង អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បរិស្ថាន នៅ​តំបន់​គ​១ ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

អ្នក​នាំ​ពាក្យ​ក្រសួង លោក ឡោ រស្មី បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដាំ​ដើម​ឈើ​ប្រណិត​ចំនួន​ជាង ១​ម៉ឺន​ដើម​មាន​ការ​ចូលរួម​ដាំ​ពី​ទាហាន ប៉ូលិស កង​ការពារ​និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៧​ពាន់​នាក់។ រហូត​មក​ដល់​ឆ្នាំ​២០១៦ ក្រសួង​បាន​រៀបចំ​ទិវា​នេះ​ចំនួន ២៦​លើក​រួច​មក​ហើយ នៅ​លើ​ផ្ទៃ​ដី​ជាង ៤០០​ហិកតារ។

ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន សិស្សានុសិស្ស​ក៏​បាន​ធ្វើ​យុទ្ធនាការ​ដាំ​កូន​ឈើ និង​ដាំ​ដើម​ឈើ​អបអរ​ទិវា​នេះ​ដែរ។

សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ធ្វើ​យុទ្ធនា​ការ​បោះ​ជំរំ​ក្នុង​ព្រៃ​ដាំ​កូន​ឈើ​ប្រណិត​ជាង ២​ពាន់​ដើម និង​ដើម​ឈើ​ហូប​ផ្លែ​មួយ​ចំនួន នៅ​ព្រៃ​សហគមន៍​ក្បាលខ្លា ក្នុង​តំបន់​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ។

ប្រធាន​កម្មវិធី​ការងារ​កសាង​ដៃគូ​នៃ​អង្គការ​ស្ពាន​សន្តិភាព លោក ណុប សុក្ខា ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ កក្កដា ដើម្បី​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួម​ការពារ និង​ស្ដារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នេះ ក្រោម​ប្រធានបទ​សន្តិភាព និង​បរិស្ថាន​ចាប់​ផ្ដើម​ពី​ខ្ញុំ៖ «ការ​ចូលរួម​ភាគ​ច្រើន​ពួកគាត់​ចាប់​អារម្មណ៍​ថា ការ​ដាំ​កូន​ឈើ​នេះ ដូច​ជា ធ្វើ​ឲ្យ​គាត់​យល់​ពី​តម្លៃ​នៃ​ព្រៃឈើ​យល់​តម្លៃ​នៃ​ការ​បាត់បង់​ព្រៃឈើ​គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ចាប់​ពី​ថ្ងៃ​នេះ​ទៅ គាត់​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ជា​អតិបរមា​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដែល​ចេញ​ពី​ឈើ។ ឧទាហរណ៍​គាត់​ឈប់​ទិញ​គ្រឿង​សង្ហារិម គាត់​ឈប់​ប្រើប្រាស់​សារធាតុ​ប្លាស្ទិក ព្រោះ​នាំ​ឲ្យ​ខូច​បរិស្ថាន និង​បំពុល​បរិស្ថាន គាត់​បំផុស​ចលនា​ឲ្យ​អ្នក​ដែល​អត់​ទាន់​ចូលរួម​ដាំ​ឲ្យ​ឆ្នាំ​ក្រោយ​ទៀត​ចូលរួម​ដាំ ហើយ​អប់រំ​ផ្សព្វផ្សាយ​ថា ឲ្យ​ទាំង​អស់​គ្នា​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​រួម​គ្នា​ដាំ​ដើម​ឈើ​វិញ»

ចំណែក​រដ្ឋបាល​ព្រៃឈើ​នៅ​ឯ​ខេត្ត​សៀមរាប ក៏​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​ប្រារព្ធ​ពិធី​ដាំ​កូន​ឈើ​ដែរ នៅ​ស្រុក​ស្វាយលើ។ នៅ​ថ្ងៃ​អាទិត្យ ទី​១០ កក្កដា និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ ក៏​នឹង​អបអរ​ទិវា​នេះ​ដោយ​ដាំ​កូន​ឈើ​នៅ​ឯ​ឧទ្យាន​ជាតិ​គិរីរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។