លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ណែនាំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ជំនន់​ទឹកទន្លេ​

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ណែនាំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ជំនន់​ទឹកទន្លេ​



​ភ្នំពេញ ៖ លោក អ៊ាង ស៊ីផាន​ អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ បាន​ធ្វើ​ការណែនាំ​ដល់​លោក​ចៅសង្កាត់​ដែល​មាន​មូលដ្ឋាន​ជាប់​នឹង​ដង​ទន្លេ ​ត្រូវ​ចុះទៅ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់ទន្លេ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស​ទៅលើ​កូនចៅ​ដែល​មាន​វ័យ​ក្មេង ​កុំ​ឲ្យ​ចុះ​លេង​ទឹក ​ខណៈ​ដែល​ទឹកទន្លេ​កំពុង​ជន់​ឡើង​ជា​រៀងរាល់ថ្ងៃ​។

​លោក អ៊ាង ស៊ីផាន​ បាន​មានប្រសាសន៍ថា ​ទឹកដី​ខណ្ឌ​ច្បារអំពៅ ​មាន​ទីតាំង​ស្ថិតនៅ​ជាប់​ដង​ទន្លេ​មេគង្គ​ក្រោម ​និង​ទន្លេបាសាក់​ លាតសន្ធឹង​ជាប់​នឹង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល ​ហើយ​នៅ​ពេល​ដែល​មាន​ទឹកជំនន់​ឡើង​រហូតដល់​ប្រកាស​អាសន្ន​នោះ ​គឺ​តែង​រង​ការ​លិចលង់​ភូមិឋាន​ប្រជា​ពលរដ្ឋ​ជានិច្ច ​ប៉ុន្តែ​អាជ្ញាធរ​យើង​ខ្ញុំ​បាន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​នោះ​ ព្រម​ទាំង​ជួយ​ដឹកជញ្ជូន​ពួក​គាត់​ចេញពី​លំនៅដ្ឋាន​មក​រស់​នៅ​លើ​ទី​ទួល​ដែល​មាន​សុវត្ថិភាព​។

លោក​អភិបាលខណ្ឌ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ជាក់ស្ដែង​នៅ​ថ្ងៃ​នេះ​ លោក​បាន​ណែនាំ​ទៅ​លោក​ចៅសង្កាត់​ឲ្យ​ប្រាប់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ​លើ​ដី​ចម្ការ​ដែល​ងាយ​នឹង​រង​ការ​លិចលង់​ឲ្យ​រួសរាន់​ប្រមូល​កសិផល​យក​មក​ទុក ​ឬ​លក់​ចេញ​ ដើម្បី​កុំ​ឲ្យ​ខូចខាត​អស់​ដោយសារ​ទឹកជំនន់​។​
លោក អ៊ាង ស៊ីផាន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ​ក្នុង​សង្កាត់​ចំនួន​៨ ​ចំណុះ​ឲ្យ​ខណ្ឌ​ច្បារ​អំពៅ​ គឺ​នៅ​ពេល​មាន​ទឹកជំនន់​ធំៗ​ តែង​រង​ការ​លិចលង់​គ្រប់​សង្កាត់ ​គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​លោក​ត្រូវតែ​ណែនាំ​ឲ្យ​លោក​ចៅសង្កាត់​ទាំងអស់ ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ ក្នុង​នោះ​ដែរ​ តាងនាម​លោក​ជា​អភិបាលខណ្ឌ​បាន​ត្រៀម​រួច​ជា​ស្រេច​ទាំង​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ កម្លាំង​គ្រូពេទ្យ ​រង់ចាំ​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សត្វ​ពិស​ខាំ ​ឬ​ទិច ​ព្រមទាំង​ត្រៀម​សម្ភារៈ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព ​ខណៈ​ដែល​មក​រស់នៅ​បណ្ដោះអាសន្ន​លើ​ទី​ទួល​សុវត្ថិភាព ​ព្រមទាំង​អ្នក​ដែល​មិន​អាច​ចាក​ចេញពី​លំនៅដ្ឋាន​បាន​នោះ​។​

គួរ​រំលឹក​ថា​ ជា​រៀងរាល់​ឆ្នាំ​ លោក​អភិបាលខណ្ឌ​ច្បារអំពៅ​តែងតែ​មាន​ការ​ត្រៀម​លក្ខណៈ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​ ឬ​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ជានិច្ច​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ​ហើយ​ការ​ជួយ​ទៀតសោត ​លោក​អភិបាលខណ្ឌ​ពុំ​ដែល​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​៕