រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្ដល់ អនុសាសន៍​ដល់​អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​៤​ចំណុច

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្ដល់ អនុសាសន៍​ដល់​អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​៤​ចំណុច



ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ផ្ដល់​នូវ​អនុសាសន៍ និង​មតិ​ផ្តាំ​ផ្ញើ ចំនួន​៤​ចំណុច ដល់ អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន តាម​បេសកកម្ម ដែល​រាជរដ្ឋាភិបាល​បានប្រគល់។

ការ​ផ្តល់​អនុសាសន៍​នេះ ​បាន​ធ្វើឡើង​កាល​ពី​ពេល​ថ្មី នៅ​ក្នុង​ពិធី​ប្រកាស​តំណែង​លោក ចាន់ សុខ​ទី ជា​អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ នេះ​បើ​យោង​តាម ការផ្សាយ​របស់​ផេ​ក​ផ្លូវការ​របស់​ក្រសួង។

លោក រដ្ឋមន្ត្រី មានប្រសាសន៍​អំពី​តួនាទី​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដែល​បាន​បង្កើត​ឡើង​ពី ខែវិច្ឆិកា ឆ្នាំ​១៩៩៨ ដោយ​ការ​រួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ ចំនួន​៤ ក្រោម​ឱវាទ​ក្រសួងពាណិជ្ជកម្ម គឺ​ក្រុមហ៊ុន​សម្ភារៈ បរិក្ខារ ក្រុមហ៊ុន​ស្បៀង​កម្ពុជា ក្រុមហ៊ុន​កាំ​ត្រង់ និង ក្រុមហ៊ុន​នាំ​ចេញ​នាំចូល​កសិផល រុក្ខផល​កម្ពុជា ហើយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នេះ ត្រូវ​បំពេញ​តួនាទី​រួមចំណែក​ក្នុង​ការ​គ្រប់គ្រង​ធានា​ស្តុក ស្បៀង​បម្រុង រដ្ឋ ដើម្បី​ត្រៀម​ទប់​ទល់នឹង​គ្រោះ​មហន្តរាយ​នានា​នៅក្នុង​ប្រទេស និង នៅ​ថ្នាក់​អាស៊ាន។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​ត្រូវ​ធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​កសិផល និង ស្បៀង​ជា​ម្ហូបអាហារ និង ទ្រទ្រង់​ថ្លៃ​ផលិតផល ស្បៀង និង​រក្សា​ស្ថេរភាព​ថ្លៃ​ទំនិញ​នេះ​លើ​ទីផ្សារ ព្រមទាំង​បម្រើ​សេវា​កម្ម​ផ្សេងៗ​ទៀត ក្នុង​លក្ខណៈ ប្រកួតប្រជែង​ដូច​ក្រុមហ៊ុន​ដទៃទៀត​ដែរ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​បាន​ផ្ដល់​នូវ​អនុសាសន៍ និង​មតិ​ផ្តាំ​ផ្ញើ​មួយ​ចំនួន​ដល់ អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ក៏ដូចជា​មន្ត្រី និយោជិក បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់​ខ្លួន តាម​បេសកកម្ម ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​គឺ ១. ធានា​ឲ្យ​បាន​ពេញលេញ និង ថែរក្សា​ឲ្យ​មានគុណ​ភាព​នូវ​ស្បៀង​បម្រុង​រដ្ឋ តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទប់​ទល់នឹង​គ្រោះ​មហន្តរាយ​នានា​។ ២. ខិតខំ​ស្វែងរក ការពង្រីក​អាជីវកម្ម ទាំង​ក្នុងស្រុក និង ធ្វើ​កិច្ចសហការ​នាំចេញ ជាមួយ​ក្រុមហ៊ុន​ដៃគូ​នានា ដើម្បី​ធានា​និរន្តរភាព និង​ការ​រីកចម្រើន​របស់​ក្រុមហ៊ុន​។ ៣. បន្ត​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន​, បន្ត​ការចូលរួម​ដេញថ្លៃ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​ទៅ​ឲ្យ​ប្រទេស​ហ្វីលីពីន និង ឥណ្ឌូណេស៊ី តាម​រយៈ​អនុស្សរណៈ​ដែល​បាន ចុះហត្ថលេខា​រួចហើយ​។ ៤. ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា ដែល​ធ្លាប់​មាន​កេរ្តិ៍ ឈ្មោះ​ល្បីល្បាញ​លេខ​មួយ​បី​ឆ្នាំ​ជាប់ៗ​គ្នា តាមរយៈ​យុទ្ធនា​ការទិញ​ទំនិញ​កម្ពុជា ដោយ​ភ្ជាប់​អត្ត សញ្ញាណ​ម៉ាក​ទំនិញ​អង្ករ​កម្ពុជា គឺ​អង្ករ រំដួល​អង្គរ (Extra Premium Fragrant Rice – Rumdul Angkor) ឲ្យ​មានការ​ទទួលស្គាល់​ឲ្យ​កាន់តែច្រើន ឡើង​ថែមទៀត៕

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្ដល់ អនុសាសន៍​ដល់​អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​៤​ចំណុច រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្ដល់ អនុសាសន៍​ដល់​អគ្គនាយក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​៤​ចំណុច