១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

ព្រឹត្តិការណ៍ដ៍អស្ចារ្យ ដែលផ្អើលនៅពាសពេញពិភពលោក ក្នុងការប្រកួតដណ្ដើមជើងឯកពិភពលោក ឆ្នាំ​២០០៦៖ អតីត​កីឡាករ​អន្តរជាតិ ដ៏ល្បីឈ្មោះ​របស់បារាំង ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) បាន​យក​ក្បាល​ទៅ​បុក កណ្ដាល​ដើម​ទ្រូង អតីត​កីឡាករអ៊ីតាលី នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាពេលនោះ។ ១០ឆ្នាំ​ក្រោយ​មក កីឡាករ​អ៊ីតាលី ដែល​រងគ្រោះ​នោះ បានត្រឡប់​មកនិយាយ​ពីរឿងនេះ​ឡើងវិញ។
១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

អតីតកីឡាករ ហ្សីដាន់ យកក្បាលរបស់ខ្លួន ទៅបុកចំកណ្ដាលទ្រូង របស់​អតីត​កីឡាករ ម៉ាតេរ៉ាហ្សី នៅថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០០៦។ (រូបថតផ្តិត​ពី​វីដេអូ)

បើព្រឹត្តិការណ៍នៃការប្រកួតនោះ គឺដើម្បីដណ្ដើម​ពានរង្វាន់ ជា«ជើងឯក»ពិភពលោកនោះ តែហេតុការណ៍​នៃ​ការយកក្បាល របស់អតីត​កីឡាករបារាំង ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ទៅបុក​ទ្រូង​អតីត​កីឡាករ​អ៊ីតាលី ម៉ាកូ ម៉ាតេរ៉ាហ្សី (Marco Materazzi) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃជំនួបដ៏ធំបំផុតនេះ បាន​ក្លាយ​ជា​រឿង​រ៉ាវ​ដ៏​អាស្រូវ បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុងពិភពបាល់ទាត់ នៅគ្រប់ទិសទីទាំងអស់។

ថ្ងៃនោះ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦ ដែលរហូតមកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ មានរយៈពេល​១០ឆ្នាំ​កន្លង​ទៅហើយ។ ពេលវេលាបានកន្លងទៅលឿនមែន ប៉ុន្តែកីឡាករ ម៉ាតេរ៉ាហ្សី ដែលទាត់នៅខ្សែការពារ នៅ​ក្នុង​ក្រុមជម្រើសជាតិអ៊ីតាលី នាពេលនោះ នៅតែចង់ចាំហេតុការណ៍នោះនៅឡើយ។ ជាការប្រកួតនៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ (ក្នុងពេលបន្ថែមម៉ោង) ដ៏តានតឹង​(ពិន្ទុ១ស្មើ) រវាងក្រុមបាល់ទាត់ មកពីប្រទេសបារាំង និងអ៊ីតាលី ដែល​បាន​ប្រព្រឹត្តិ​ទៅ ក្នុងរដ្ឋធានីប៊ែលឡាំង ប្រទេសអាល្លឺម៉ង់។

១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យសារព័ត៌មានកីឡាបារាំង «Equipe» អតីតកីឡាករខ្សែការពារ ម៉ាតេរ៉ាហ្សី បានថ្លែងរំលឹកឡើងវិញ ពីរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះ និងដែលគ្មាននរណាម្នាក់ដឹង ឲ្យពិត​ប្រាកដ​ឡើយ​ រហូតមកដល់ថ្ងៃនេះ។ លោក ម៉ាកូ ម៉ាតេរ៉ាហ្សី បានថ្លែងឡើងថា៖ «យើងឃើញនៅក្នុងវីដេអូ (នៅ​ពេល​នោះ) ថាហ្សីដាន់ បាននិយាយមកកាន់ខ្ញុំ។ ខ្ញុំបានសួរបញ្ជាក់ឡើងវិញពីរដង ដើម្បីយល់ឲ្យច្បាស់។ ហើយ​នៅ​លើក​ទី៣ ទើបខ្ញុំបានឆ្លើយ ព្រោះខ្ញុំបានយល់ថា ហ្សីដាន់ សួរសំនួរនេះ​ដើម្បីចំអកឲ្យខ្ញុំ។»

អតីតកីឡាករអ៊ីតាលី បានពន្យល់ថា៖ «បើនិយាយទៅ យើងកំពុងទាត់បាល់ នៅក្នុងការប្រកួតតែមួយ ហើយ​យើងបានទាត់បញ្ចូលទី ម្នាក់មួយគ្រាប់ដូចគ្នា។ ប៉ុន្តែ ហ្សីដាន់ គឺជាកំពូលកីឡាករដ៏ល្បីមួយរូប ខណៈ​ឯ​រូប​ខ្ញុំ​វិញ គ្រាន់តែជាកីឡាករម្នាក់ ដែលគ្មានអ្វីទាំងអស់។ រវាងយើងទាំងពីរ ខុសគ្នាដូចមេឃនិងដី។ យើងមិននៅ​ក្នុង​ពិភព​ដូច​គ្នាទេ។ ដោយសារហេតុនេះហើយ ទើបខ្ញុំគិតថា សំនួររបស់ ហ្សីដាន់ នៅពេលនោះ ជាការ​ចំអក​ឡក​ឡឺយ ដែលធ្វើឲ្យខ្ញុំចាំបាច់ ត្រូវប្រតិកម្មទៅវិញ។»

ជាការពិតហើយ នៅក្នុងការបន្ថែមម៉ោង​ ចុងបញ្ចប់នៃការប្រកួតនោះ ការវាយសម្រុក និងការទប់ការពារ រវាង​ក្រុមទាំងសងខាង បានធ្វើឡើងយ៉ាងស្វិតស្វាញ និងយ៉ាងតឹងតែងជាទីបំផុត។ ហើយការប្រទាញប្រទង់ ដោយ​ការចាប់ទាញអាវគ្នា រវាងកីឡាករក៏តែងកើតឡើង ជាធម្មតានោះដែរ។ នៅចំពោះការទាញអាវនេះ អតីត​ខ្សែ​ប្រយុទ្ធ​បារាំង ហ្សីដាន់ បានសួរទៅអតីតខ្សែការពារ​ ម៉ាតេរ៉ាហ្សី ក្រែងលោអីតីត​កីឡាករ​អ៊ីតាលី​រូប​នេះ មាន​បំណង​ចង់​បាន​អាវ​របស់​ខ្លួន។ បន្ទាប់ពីសួរសំនួរ ជាលើកទីបីរួច អតីតកីឡាករអ៊ីតាលី បាន​ឆ្លើយ​មក​វិញ​ថា៖ «ទេ (ខ្ញុំ​មិន​ចង់​បាន​អាវ របស់អ្នកឯងទេ) ខ្ញុំសុខចិត្តយកប្អូនស្រីសំផឹង របស់អ្នកឯងវិញ»។

១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

លោក ម៉ាតេរ៉ាហ្សី បានទទួលស្គាល់ថា ចម្លើយរបស់ខ្លួន ជាចម្លើយមិនគួរគប្បីឡើយ។ លោកបាន​ថ្លែង​ឡើង​ថា៖ «ជាពាក្យពេជន៍ដ៏ឆ្កួតលីលា។ តែចម្លើយនេះ មិនស័ក្ដិសម​នឹងទទួលបាន នូវប្រតិកម្មដ៏អស្ចារ្យ (ការ​បុក​ក្បាល ចំកណ្ដាលទ្រូង) ដូច្នេះឡើយ។ ហើយអ្វីដែលខ្ញុំ​កាន់តែមិន​សប្បាយចិត្តនោះ គឺអ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ខ្លះ បានរៀបរាប់ថា ខ្ញុំបានជេរប្រទេចផ្ដាសារ ម្ដាយរបស់ហ្សីដាន់។ ខ្ញុំប្រាកដជាមិនហ៊ាន​ប៉ះពាល់ ដល់​ម្ដាយ​របស់​ហ្សីដាន់ ដូច​ការចោទនោះទេ ព្រោះខ្ញុំខ្លួនឯង បានបាត់បង់ម្ដាយរបស់ខ្ញុំ តាំងពីយូរ​មក​ហើយ។»៕