ធ្លាក់​ឈាមរដូវ​ប៉ុណ្ណា ទើប​ហៅ​ថា​ច្រើន​ខុសធម្មតា​?

ធ្លាក់​ឈាមរដូវ​ប៉ុណ្ណា ទើប​ហៅ​ថា​ច្រើន​ខុសធម្មតា​?


ធ្លាក់​ឈាមរដូវ​ប៉ុណ្ណា ទើប​ហៅ​ថា​ច្រើន​ខុសធម្មតា​?

​ការធ្លាក់​ឈាមរដូវ​ច្រើនៗ ដែល​ពាក្យ​បច្ចេកទេស​ហៅថា Menorrhagia គឺជា​បញ្ហា​ដែល​កើតមាន ជា​ញឹកញាប់​បំផុត សម្រាប់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​។ ការធ្លាក់​ឈាមរដូវ​ច្រើនៗ​នោះ គឺ​នៅ​ពេល​ដែល​អ្នក​បាត់បង់​ឈាមរដូវ​ចាប់ពី ៨០ មី​លី​លីត្រ​ឡើងទៅ ក្នុង​រយៈពេល​ច្រើនជាង ៧​ថ្ងៃ​។

​ចំនួន​ឈាម​ដែល​ត្រូវ​បាត់បង់ ក្នុង​ពេល​មក​រដូវ គឺ​មិន​ទៀងទាត់​ទេ ហើយក៏​មាន​លក្ខណៈ​ខុសៗ​គ្នា ពី​ស្ត្រី​ម្នាក់ៗ​ផងដែរ ដូច្នេះ គ្រូពេទ្យ​ពិតជា​មាន​ការពិបាក​ណាស់ ក្នុងការ​ប្រាប់​ពួកគេ​ថា បាត់បង់​ឈាម​ច្រើន​ប៉ុណ្ណា ទើប​ហៅ​ថា​ជា​ជំងឺ​ដែរ​។

​ជាធម្មតា វដ្ត​រដូវ​គួរតែ​មាន​រយៈពេល​ពី ២១ ទៅ ៣៥ ថ្ងៃ និង​ជា​មធ្យម​គឺ ២៨ ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​មួយ នៃ​ការ​មក​រដូវ រហូត​ដល់​ថ្ងៃ​ទី​មួយ​នៃ​រដូវ​បន្ទាប់​)​។ ការធ្លាក់​ឈាមរដូវ​មិនគួរណា​ច្រើនជាង ៧ ថ្ងៃ​ឡើយ​។ រាល់​ការ​ធ្លាក់ឈាម​ទាំងឡាយណា ដែល​កើតឡើង​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​ខុស​ពេលវេលា​មក​រដូវ​នោះ គួរតែ​ជា​រឿង​បារម្ភ និង​ឲ្យ​ពេទ្យ​ពិនិត្យ​។

​នៅពេល​រាំងរដូវ មានន័យ​ថា មិន​មាន​ការ​ធ្លាក់ឈាម​រដូវ ពេញ​មួយឆ្នាំ​តែម្តង ក្រោយពី​បញ្ចប់​រដូវ​ចុង​ក្រោយ​រួច​។ បើសិនជា​ការ​ធ្លាក់ឈាម​ទាំងឡាយណា ដែល​កើតឡើង​ក្រោយ​ពី​រាំងរដូវ ហើយ​ក៏​ត្រូវ​តែ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ផងដែរ​។

​ស្ត្រី​គួរតែ​គិតថា ខ្លួន​មក​រដូវ​ច្រើនៗ​ខុស​ធម្មតា​បាន លុះត្រាតែ​មាន​អាការៈ ដូចខាងក្រោម​នេះ ៖
•​    ​ជោគ​សំឡី​អនាម័យ​រាល់ដង​
•​    ​មាន​ជ្រាប​ចេញ​ប្រឡាក់​សម្លៀកបំពាក់​
•​    ​ឃើញ​មាន​កំណក​ឈាម​ធំៗ​
•​    ​រំខាន​ដល់​ជីវិត​ការងារ ឬ​ការរស់នៅ​
•​    ​ត្រូវ​ការផ្លាស់ប្តូរ​សំឡី​អនាម័យ​ច្រើនដង​ភ្លាមៗ​។​

​បើសិន​ជា​អ្នក មក​រដូវ​មក​ច្រើនៗ​មែន អ្នក​ក៏​អាច​សម្គាល់​សញ្ញា លើ​រាងកាយ​បន្ថែមទៀត ដែល​បញ្ជាក់​ថា​ខ្វះ​គ្រាប់​ឈាម​ដែរ​ដូចជា ៖
•​    ​វិលមុខ​រក​សន្លប់​
•​    ​ឈឺក្បាល​
•​    ​អស់កម្លាំង​
•​    ​ស្បែក បបូរមាត់ និង​ក្រចកដៃ​ស្លេកស្លាំង​
•​    ​ជីពចរ​ដើរ​ញាប់ និង​មាន​អារម្មណ៍​ថា បេះដូង​លោត​ញាប់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។