«ចន្ទ្រា» ភាព​យន្ត​ខ្មែរ​បទដ្ឋាន 4.5K នឹង​ចេញ​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ

«ចន្ទ្រា» ភាពយន្ត​ខ្មែរ​បទដ្ឋាន4.5K កំពុងតែ​ត្រៀម​បង្ហាញខ្លួន ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ ថ្ងៃទី ០៩ ខែ ០៩ ឆ្នាំ២០១៦ ក្នុង​ប្រទេស​កម្ពុជា និង ៥ប្រទេស​ផ្សេងទៀត ក្នុង​នោះ​រួមមាន ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង ឡាវ​ជាដើម។
 

នៅ​ក្រោយពី​ការសម្រិតសម្រាំង​ជាង​មួយ​ឆ្នាំ​របស់​ផលិតកម្ម​អង្គរ​ភី​ក​ឈ័​រ ​Angkor Picture INCខ្សែ​ភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​មួយ​នេះ​ គឺជា​ការ​ដាក់​ទុន​ថ្មី​បន្ទាប់ពី​រឿង«ស្បែក​គង់» ដែល បាន​ល្បី​ក​ក្រ​កើ​ក​កាលពី​ឆ្នាំ ២០១៤ ក្នុង​បទដ្ឋាន ​4K ហើយ​ស្នាដៃ​ទី២នេះ អភិវឌ្ឍន៍​បន្ថែម​ទៅជា4.5k។

 
«ចន្ទ្រា» ភាព​យន្ត​ខ្មែរ​បទដ្ឋាន 4.5K នឹង​ចេញ​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ

 

អ្នកនិពន្ធ និង ដឹកនាំ​រឿង​លោក ប៉ុល វិ​បូ ហៅ​នី​ត បានឲ្យ ​Sabay ដឹង​នៅ​ព្រឹក​នេះ​ថា «ចន្ទ្រា»ជា​មោទកភាព​ជាតិ​ថ្មី​មួយ​លើ​វិស័យ​ភាពយន្ត​ត្រូវ​បទដ្ឋាន​ និង​បច្ចុប្បន្នភាព​ដែល​អ្នកទស្សនា​កំពុង​ចង់បាន ហើយ​ថា នេះ​ជា​មធ្យោបាយ​ដែល​នាំ​អោយ​ភាពយន្ត​ខ្មែរ ពណ៌​សម្បុរ​ខ្មែរ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ស្នាដៃ​ខ្មែរ អាច​មាន​វត្តមាន​លើ​ឆាក​អន្តរជាតិ។
 

«យើង​ឃើញ​ប្រទេស​ថៃ​មុនគេ! អ្នកយកព័ត៌មាន​ថៃ​ចាប់អារម្មណ៍​ភាពយន្ត​នេះ​ដោយសារ​ការ ទទួលស្គាល់​រួច​មកហើយ នូវ​រឿង​ស្បែក​គង់​របស់​យើង ពេលនេះ​ទៀត​យើង​មិនទាន់​ដាក់​ទៅលើ​ទីផ្សារ​ផង គេ​បាន​ចេញ​ផ្សាយ​និយាយ​អំពី​យើង​រួច​ទៅហើយ!  បេសកកម្ម​សំខាន់​ គឺ​នៅពេល​យើង​អាចមាន​អ្វីមួយ​ដាក់​ទៅ​បង្ហាញ​បរទេស ក្នុង​ខណៈដែល​ភាពយន្ត​បរទេស​កំពុង​កាន់កាប់​រោងភាពយន្ត​យើង​ក្នុង​កម្រិត​អប្ប​បរិ​មា»។
 

លោក​នី​ត​បាន​អោយដឹង​បន្ថែមទៀត​ថា ក្រុមហ៊ុន​បាន​ដាក់​ទុន​ច្រើន​ទាំង​ធនធានមនុស្ស ​និង​ថវិកា​នៅ​ក្នុង​គម្រោង​នឹង​ធ្វើ​អោយ​រឿង​ថ្មី​នេះ​ឈរជើង​បានជា​ភាពយន្ត​ប្រចាំឆ្នាំ ២០១៦ របស់​កម្ពុជា។ តួអង្គ​សំខាន់ៗ​សម្ដែង​ក្នុង​ភាពយន្ត​រឿង«ចន្ទ្រា»រួមមាន តារា​ស្រី ម៉ាក សែន​សូ​នី​តា លោក ញ៉ែម​សុគន្ធ លោក​ទេព ​រិ​ន​ដា​រ៉ូ តារា​ស្រី​ច​ន ​ច័ន្ទ​លក្ខិណា និង​តារា​កំប្លែង​ល្បីៗ​ជាច្រើនរូប​ទៀត៕
 

អត្ថបទ៖ វិបុត្រ