​ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យបាន​ច្រើន​

​ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យបាន​ច្រើន​


​ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យបាន​ច្រើន​

​ផ្លែ​ប៉ោម គឺជា​ផ្លែឈើ​ដែល​មាន​ការពេញនិយម ទទួលទាន​ច្រើនណាស់​នៅ​ទូទាំង​ពិភពលោក​។ តាមពិត ផ្លែឈើ​មួយ​នេះ អាចជួយ​សម្រួល​ដល់​ការរំលាយ​អាហារ និង​បង្ការ​ជំងឺ​ធ្មេញ​ពុក ព្រមទាំង​លុប​បំបាត់​ក្លិន​មាត់អាក្រក់​ថែមទៀត​ផង​។ ពាក្យ​មួយ​ឃ្លា​ដែល​គេ​តែង​និយាយថា “​មួយ​ថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ មិន​បាច់​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​” បាន​ធ្វើឲ្យ​មនុស្ស​យើង​ភាគច្រើន គិត​ទៅលើ​ផ្លែ​ប៉ោម​ពណ៌​ក្រហម ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ ការ​លើស​សម្ពាធ​ឈាម​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផ្លែ​ប៉ោម​ពណ៌​បៃតង បែរជា​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ច្រើន​ទៅវិញ​។

​ពិតណាស់ ប៉ោម​ពណ៌​បៃតង សម្បូរ​ទៅដោយ​វីតាមីន A, C និង K ហើយក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក ប៉ូ​តា​ស្យូម កាល់ស្យូម អង់​ទី​អុក​ស៊ីដង់ និង Flavonoids ផងដែរ​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន ដែល​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង ឲ្យបាន​ទៀងទាត់​។

​ពង្រឹង​ដល់​សុខភាព​សួត​
​ការសិក្សា​រកឃើញថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង​ជា​ទៀងទាត់ អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺហឺត​បាន ព្រោះ​វា​សម្បូរ​សារធាតុ Flavonoids​។ អ្នកស្រាវជ្រាវ​បាន​និយាយទៀតថា សារធាតុ​មួយ​នេះ ពិតជា​ជួយ​កាត់បន្ថយ ការ​ប្រឈម​ជំងឺហឺត​មែន​។ ក្រៅពីនេះ ផ្លែ​ប៉ោម​ពណ៌​បៃតង ត្រូវបាន​គេ​រកឃើញ​ថា  ជួយ​កាត់បន្ថយ​ការ​ប្រឈម ជំងឺមហារីក​សួត លើ​មនុស្ស​ស្រី​រហូតដល់ ២១ ភាគរយ​។

​បង្ការ​ការ​កកឈាម​ខុស​ប្រក្រតី​
​ផ្លែ​ប៉ោម​ពណ៌​បៃតង មាន​សារធាតុ Rutin ដែល​អាច​ជួយ​ការពារ ការ​កកឈាម​ខុស​ប្រក្រតី​។ សារធាតុ​មួយ​នេះ អាច​ទប់ស្កាត់​អង់ស៊ីម ដែល​ធ្វើឲ្យ​កកឈាម​ខុស​របៀបបាន​។ អ្នកស្រាវជ្រាវ​និយាយថា សារធាតុ​នេះ អាច​ជួយ​ប្រឆាំង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ពណ៌​បៃតង ឬ​ញ៉ាំ​ផ្លែ​ឈើ​នេះ​ទាំងមូល នឹង​ជួយ​ធ្វើឲ្យ​មាន​សុខ​ភាព​កាន់តែ​ល្អ​។

​បង្កើន​ការរំលាយ​អាហារ​
​ផ្លែ​ប៉ោម​ពណ៌​បៃតង​ល្អ​បំផុត ក្នុង​ការរំលាយ​អាហារ ដែល​អាច​ជួយ​បង្ការ​ការ​ហើមពោះ និង​ច្រោះ​ជាតិពុល​ពី​ក្នុង​ក្រពះ​បាន ព្រោះ​ថា​វា​សម្បូរ​ជាតិ​សរសៃ​។ ម្យ៉ាងទៀត វា​អាច​ប្រើ​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត ដើម្បី​បំបាត់​ការ​ឃ្លាន​ខ្លាំង​បាន​។​

​ពង្រឹង​ដល់​សុខភាព​ឆ្អឹង និង​បង្ការ​ជំងឺ​ពុក​ឆ្អឹង​
​រឿង​នេះ​មាន​ប្រយោជន៍ ជាពិសេស សម្រាប់​ស្ត្រី​ដែល​ចូលចិត្ត​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង​តែម្តង ព្រោះ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម វីតាមីន K និង​កាល់ស្យូម​។ ការសិក្សា​រកឃើញថា វីតាមីន K អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ស្រី និង​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​ទាំងមូល​ទៀត​។

​ទប់ស្កាត់​ស្បែក​ចាស់​មុន​អាយុ​
​ដូច​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​ពី​ខាងដើម​អញ្ជឹង​ថា ផ្លែ​ប៉ោម​ពណ៌​បៃតង គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C, A និង​អង់​ទី​អុក​ស៊ីដង់​។ ដែល​សារធាតុ​ទាំងនេះ នឹង​ជួយ​ទប់ស្កាត់​អាការៈ នៃ​ភាព​ចាស់​របស់​ស្បែក និង​ថែរក្សា​ស្បែក​ឲ្យមើល​ទៅ មាន​សុខភាព​ល្អ​តែម្តង​។

​ថែរក្សា​ភ្នែក​
​បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ ដើម្បី​ថែរក្សា​ភ្នែក និង​ចង់ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ តាម​បែប​ធម្មជាតិ​នោះ ផ្លែ​ប៉ោម​ពណ៌​បៃតង គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន A ដែល​អាច​ថែរក្សា និង​ការពារ​ភ្នែក​អ្នក​បាន​។

​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​
​គ្រូពេទ្យ​និយាយថា ផ្លែ​ប៉ោម​ពណ៌​បៃតង មាន​ជាតិ​ស្ករ​តិចជាងគេ តែ​មាន​ជាតិ​សរសៃ​ច្រើន បើសិនជា​ប្រៀបធៀប នៃ​ផ្លែ​ប៉ោម​ពណ៌​ក្រហម ហើយក៏​អាច​ជួយ​កាត់បន្ថយ ការ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​ទៀត​។ ចូរ​ចាំ​ថា ដើម្បី​ទទួលបាន​ប្រយោជន៍​ច្រើន ពី​ផ្លែ​ប៉ោម​ពណ៌​បៃតង គួរតែ​ញ៉ាំ​វា​ទាំង​សម្បក​។

​បង្ការ​ជំងឺ​បេះដូង​សរសៃឈាម​
​តាមរយៈ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃតង និង​អាហារ​ផ្សេងៗ​ទៀត ដែល​សម្បូរ​សារធាតុ Flavonoids អ្នក​អាច​កាត់បន្ថយ ការ​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម បាន​រហូត​ដល់ ៣៥ ភាគរយ​។ ការសិក្សា​ផ្សេងទៀត​បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ទាំង​ផ្លែ​ប៉ោម​ពណ៌​ក្រហម និង​បៃតង​រាល់​ថ្ងៃ​នោះ ពួកគេ​អាច​កាត់បន្ថយ ការ​កើត​ជំងឺ​គាំងបេះដូង​ពី ១៣ ទៅ ២២ ភាគរយ​ដែរ​។ នេះ​ដោយសារ​តែ​ផ្លែឈើ​មួយ​នេះ មាន​សមត្ថភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល អាក្រក់​ក្នុង​ឈាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។