ស្រី​​ពៅ​​ស្មូត មាន​មហិច្ចតា ចង់​​​ប្រែ​​ក្លាយ​​ពី​ការ​​ខ្លាចរបស់យុវវ័យ ទៅ​ជា​ការ​​ចូល​​​ចិត្ត​​​ព្រះ​​ធម៌​​​បទ និង​ឲ្យ​​ចាប់​អារម្មណ៍​​លើ​​ជំនាញ​​​ស្មូត

(ភ្នំពេញ)៖ ជាការពិតវិស័យសិល្បៈ ដែលទទួលបានភាពលេចធ្លោជាងគេ និងពេញនិយមសម្រាប់យុវវ័យ គឺវិស័យចម្រៀងសម័យ និងភាពយន្ត ប៉ុន្តែបើក្រឡេកមកមើលផ្នែកសិល្បៈបុរាណ មានដូចជា អាយ៉ៃ យីកេ ល្ខោនបាសាក់ ហាក់បីដូចជាមិនសូវផុសផុលប៉ុន្មានឡើយ ។ យ៉ាងណាមិញ បើគេនិយាយពីសិល្បៈនៃចម្រៀងស្មូត ក៏មិនសូវមានការគាំទ្រ ភ្លូកទឹកភ្លូកដីនោះដែរ សម្រាប់យុវវ័យ ប៉ុន្តែបើនិយាយក្នុងចំណោមមនុស្សចាស់ ឬអ្នកដែលមាននិស័យទៅលើព្រះធម៌ ឬព្រះពុទ្ធសាសនា គឺថា អ្នកដែលមានទេពកោសល្យស្មូត គឺពិតជាទទួលបានការពេញចិត្ត ពេញនិយម ហើយក៏ជាចំណែកមួយ បានចូលរួមគាំទ្រវិស័យព្រះពុទ្ធសាសនាខ្មែរ ផងដែរ។

សិល្បការិនីផ្នែកស្មូត កញ្ញា ភឿន ស្រីពៅ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកជំនាញផ្នែកស្មូតដ៏ប៉ិនប្រសប់ និងសំនៀងពីរោះរណ្តំចិត្ត ហើយនាងក៏មាន អាជីវកម្មលើផ្នែកសេវាកម្ម ពិធីបុណ្យផ្សេងៗ រហូតទទួលបានការគាំទ្រច្រើន ពីមហាជន ហើយការងាររបស់នាង ត្រូវបានគេចាត់ទុកថា បាននឹងកំពុងចូលរួមចំណែកដ៏សំខាន់ ក្នុងការបម្រើដល់ វិស័យពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួន។ ស្រីពៅស្មូត បានបង្ហាញមហិច្ឆតារបស់ខ្លួន ចង់ប្រែក្លាយទំនោរចិត្តរបស់យុវវ័យ ពីការខ្លាចរអា ចម្រៀងស្មូត ឲ្យមកចូលចិត្ត និងហាត់រៀនជំនាញស្មូតនេះ ឲ្យបានច្រើនកុះករ ព្រោះជាការចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងវិស័យព្រះពុទ្ធសាសនាខ្មែរ។

តារាស្មូតដែលមានសំឡេងក្រអួនក្រអៅ កញ្ញា ភឿន ស្រីពៅ បានវិវត្តន៍ ខ្លួនពីអ្នកជំនាញស្មូត ក្លាយជាម្ចាស់ក្រុមហ៊ុនលើផ្នែកសេវារៀបចំ ពិធីបុណ្យទានផ្សេងៗ ផ្តោតកិច្ចការវិស័យពុទ្ធសាសនា។ ស្រីពៅ បានឲ្យដឹងថា សព្វថ្ងៃនេះក្រុមហ៊ុនផ្តល់សេវារៀបចំ ពិធីបុណ្យទានរបស់ «ស្រីពៅស្មូត» នៅតែមានសភាពមមាញឹកគ្រប់ទីកន្លែង ក្នុងការដើររៀបចំពិធីបុណ្យ ជូនបណ្តាអតិថិជនក៏ដូចជា ឯកឧត្តម លោកជំទាវ លោកតា លោកយាយ ដូចពីមុនដដែល។ អ្នកស្មូតដ៏មានប្រជាប្រិយរូបនេះ បន្តថា នាងចង់ចូលរួម ចំណែកឲ្យវិស័យពុទ្ធសាសនា នៅប្រទេសកម្ពុជារីកចម្រើន ជាមួយវិស័យផ្សេងៗទៀត ហើយបើទោះបីជាពេលនេះ នាងសង្កេតឃើញថា ចំពោះសេវាកម្មផ្នែករៀបចំ ពិធីបុណ្យ គឺចាប់ផ្តើមមានក្រុមហ៊ុនផ្សេងៗ គេរៀបចំបង្កើតឲ្យមាននៅលើទីផ្សារ បន្តបន្ទាប់គ្នាក្នុងឯកសណ្ឋាន ប្រហាក់ប្រហែលគ្នាក៏ដោយ។

ស្រីពៅ បន្តថា នាងកាន់តែរំភើប ហើយមានមោទភាពចំពោះខ្លួនឯង ដែលចេះរៀបចំការងារ ផ្នែកសេវារៀបចំពិធីបុណ្យមុនគេ ហើយមានការចាប់អារម្មណ៍ ពីបងប្អូនយើង រហូតមានការបង្កើតមុខរបរប្រហែលគ្នា ដែលនេះជាការរួមគ្នាលើកស្ទួយវិស័យពុទ្ធសាសនា ទាំងអស់គ្នា។ ការធ្វើបែបនេះ ហាក់ដូចជាជួយគ្នាបង្ហាញអ្វី ដែលយើងមានបែបពុទ្ធសាសនា ដល់ប្រជាជនយើងបានជ្រាប ចេះដឹងយល់ឃើញ ពិសេសយុវជនជំនាន់ក្រោយ ដូចជាយល់ពីសារៈសំខាន់ នៃការស្មូតជាដើម។ ក្រុមហ៊ុន «ស្រីពៅស្មូត» របស់នាងនៅតែមានការលេចធ្លោ លើផ្នែកសេវារៀបចំកម្មវិធីបុណ្យ និងផ្គត់ផ្គង់សម្ភារបុណ្យ ពីមុនបែបណា ឥឡូវនេះ គឺរិតតែមមាញឹកខ្លាំង ស្ទើរតែមិននឹកស្មានថា មាមីងបងប្អូនគ្រប់ស្រទាប់វណ្ណៈ នៅតែអញ្ជើញមកជឿទុកចិត្ត លើសេវាកម្មរបស់ក្រុមហ៊ុនរបស់នាង ហើយក្រុមការងារ ទាំងអស់គ្នា សុទ្ធតែរៀនសូត្រពីគ្រូជំនាញៗ តាំងពីការនិយាយស្តី សុជីវធម៌ផ្សេងៗ សូម្បីតែលោកតាអាចារ្យ ក៏មានភាពជំនាញយ៉ាងពិតប្រាកដ អត់ឲ្យខុសក្បួនបុរាណខ្មែរឡើយ រហូតទទួលបានការសរសើរ មិនដាច់ពីមាត់ពីមហាជន។

តារាស្មូត ដែលកំពុងល្បីល្បាញខ្លាំង ក្នុងផ្នែកសិល្បៈបុរាណរូបនេះបន្តថា ចំណុចខ្លាំងរបស់ក្រុមរបស់នាង ពេញនិយម គឺយើងទាំងអស់គ្នា ខំធ្វើការដែលកើតចេញពីចិត្ត ដោយធ្វើយ៉ាងណាឲ្យអ្នកមានសុទ្ធា ក្នុងការប្រារព្ធកម្មវិធីបុណ្យ មិនឲ្យគាត់មានការនឿយហត់លំបាក ក្នុងការរៀបចំចាត់ចែងឡើយ គ្រាន់តែមានគម្រោង រួចពិភាក្សាជាមួយក្រុមហ៊ុន នោះចំណាយពេលវេលាតិច ថវិកាសមរម្យ និងមានអារម្មណ៍ល្អ តាំងពីក្នុងពេលកម្មវិធីបុណ្យ និងក្រោយពេលបុណ្យ ក៏នៅតែរីករាយដូចគ្នា។ មូលហេតុមួយទៀត ចំពោះការងារផ្នែកនេះ នៅតែចាប់អារម្មណ៍របស់បងប្អូនខ្មែរ ព្រោះទាក់ទង នឹងជំនឿសាសនាវប្បធម៌ប្រពៃណីសិល្បៈ គឺផ្សារភ្ជាប់ទាំងអស់តែម្តងក្នុងការ រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

អ្នកស្ថាបនិកប្រចាំក្រុមហ៊ុន «ស្រីពៅស្មូត» បានតាំងចិត្តយ៉ាងមុតមាំថា នឹងព្យាយាមប្រើវិធីស្មូតរបស់ខ្មែរយើង ឲ្យមានភាពលេចធ្លោគួរជាទីចាប់អារម្មណ៍ លើសិល្បៈ ស្មូតដែលជាជំនាញរបស់នាង ដោយខំផ្សព្វផ្សាយ ដល់អ្នកស្តាប់ទាំងឡាយផងដែរ។ ការធ្វើនេះចង់ឲ្យប្រែពីការខ្លាច ទៅជាការចូលចិត្ត ក្នុងព្រះធម៌បទ និងចង់ឲ្យយុវវ័យចាប់អារម្មណ៍ ហើយមកសិក្សារៀនសូត្រ ពីរបៀបស្មូតមួយនេះ ឲ្យបានកុះករ ដើម្បីឲ្យព្រះធម៌បទមានភាពពេញនិយម សារជាថ្មី។ គោលដៅ របស់កញ្ញាស្រីពៅ មានដាក់ទិសដៅកំណត់ច្បាស់ថា រាល់ពេលនាងចេញស្មូត ហើយពុទ្ធបរិស័ទផ្តល់ថវិកាតាមសុទ្ធារៀងៗខ្លួន នាងនឹងយកប្រាក់ទាំងនោះ ប្រគល់ជូនផ្នែកមនុស្សធម៌ និងជួយដល់មន្ទីរពេទ្យ ឬជួយផ្នែកសង្គម និងជនក្រីក្រជាដើម៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload