វ៉ា​ន់ នី​ឡា ចេញ​ទៅ​អូស្ត្រាលី ខណៈ​មានរឿង​អាស្រូវ​ស្ទើរ​មិន​អាច​ងើបមុខ​រួច

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​បាន​ប្រគល់​រឿង​ក្តី​ទាក់ទិន​ការ​បង្ហោះ​រូប​អាក្រាត​របស់​នាង​ឲ្យ​មេធាវី​ជា​អ្នក​ចាត់ចែង ។

ដំណើរ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​របស់ វ៉ា​ន់ នី​ឡា នេះ គឺជា​លើក​ទី​មួយ​ហើយ​សម្រាប់​នាង​ក្នុង​អាជីព​សិល្បៈ ខណៈ​ពេល​ដែល​គម្រោង​ទៅ​សម្តែង​នេះ​មាន​តាំងពី​នាង​មិន​ទាន់​មានរឿង​អាស្រូវ​មក​ម្ល៉េះ ។

មុន​ចេញដំណើរ វ៉ា​ន់ នី​ឡា ឲ្យ​ដឹង​ថា ការ​ចេញដំណើរ​របស់​នាង​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​មេធាវី ខណៈ​ដែល​ពេលវេលា​ត្រឡប់​មក​វិញ​មិន​ទាន់​ត្រូវ​បាន​កំណត់ ។ ក្រោយ​ការ​ជជែក​គ្នា​យ៉ាង​លម្អិត មេធាវី​របស់​នាង​បាន​សម្រេច​ឲ្យ​នាង​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ និង​ការ​ធានា​របស់​សមាគម​ខ្មែរ​នៅ​ក្នុង​ទីនោះ  ។

ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​រឿង​ក្តី​នោះ វ៉ា​ន់ នី​ឡា អះអាង​ថា មុន​នឹង​ចេញ​ទៅ​សម្តែង​ក្នុង​ប្រទេស​អូស្ត្រាលី នាង​បាន​ប្រគល់​ភស្ដុ​តាង និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​បំពេញ​កិច្ចការ​ជំនួស ។

បើ​តាម វ៉ា​ន់ នី​ឡា គម្រោង​នៃ​ការ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី គឺ​មាន​រយៈពេល​មួយ​ខែ ដោយ​ចាប់ពី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ក្នុង​នោះ​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​នាង​ផង​ដែរ​រួម​មាន​លោក អាន គុណ​កូ​ឡា លោក​អេ​ឡិច ច​ន្ត្រា​, កញ្ញា អេ​មី និង​កញ្ញា ធីតា ជាដើម ។

ការ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​របស់ វ៉ា​ន់ នី​ឡា នា​ពេល​នេះ គឺ​អាច​ជា​ការ​បន្ធូរ​ភាព​តានតឹង​មួយ​រយៈពេល​ផង​ដែរ បន្ទាប់​ពី​នាង​ជួប​រឿងអាស្រូវ​ស្ទើរ​មិន​អាច​ងើបមុខ​រួច​នោះ ។

ការ​សម្តែង​ជា​លើក​ដំបូង​នៅ​បរទេស​របស់ វ៉ា​ន់ នី​ឡា នេះ​មានការ​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​តាម​ដំណឹង​ថា សំបុត្រ​ចូល​ទស្សនា​ត្រូវ​ទស្សនិកជន​ទិញ​អស់ហើយ ដោយ​ទំនងជា​ពួក​គេ​ចង់​ឃើញ​តារា​រូប​នេះ​ដោយ​ផ្ទាល់ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​បែកធ្លាយ​រូប​អាក្រាត​នោះ ៕