វិទ្យាស្ថាន​ខុង​ជឺ​ សហការ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​ប្រទេស​ចិន ​ដើម្បី​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​កម្ពុជា​

វិទ្យាស្ថាន​ខុង​ជឺ​ សហការ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​ប្រទេស​ចិន ​ដើម្បី​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​កម្ពុជា​



ភ្នំពេញ ៖ មាគ៌ា​ដើម្បី​ឆ្ពោះទៅកាន់​ការ​អភិវឌ្ឍ​សង្គម គឺ​មិនអាច​មើល​រំលង​ពី​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នោះ​ឡើយ​។ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​កិច្ច​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សហការ​ជាមួយ​បណ្ដា​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​ចិន ​ដើម្បី​បណ្ដុះបណ្ដាល ​និង​បំប៉ន​នូវ​ជំនាញ​ឯកទេស​នានា​សមស្រប​នឹង​តម្រូវការ​ទីផ្សារការងារ​។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានបង្ហាញ​ឲ្យ​ដឹង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី លាំង ជី (Liang Jie) នាយករង​វិទ្យាស្ថាន​ពាណិជ្ជកម្ម​ នៃ​សាកលវិទ្យាល័យ​ភាសាបរទេស​ខេត្ត​គ័ង​តុង កាលពី​ថ្ងៃ​ទី​០៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ដើម្បី​រួមគ្នា​ក្នុង​ការ​បង្កើត​ឡើង​នូវ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) ដោយ​បណ្តុះ​បណ្តាល​នៅ​កម្ពុជា​រយៈពេល​៣​ឆមាស ហើយ​សិក្សា​១​ឆមាស​បញ្ចប់​នៅ​សាកលវិទ្យាល័យ​ភាសា​បរទេស​ខេត្ត​គ័ង​តុង​ ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម។​

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ភាព​ល្បីល្បាញ​របស់​សាកលវិទ្យាល័យ​ភាសាបរទេស​ខេត្ត​គ័ង​តុង​បាន​ក្លាយ​ជាទី​ទាក់ទាញ​អ្នក​សិក្សា​កម្ពុជា​ជាច្រើន​ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ។ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ការ​ចំណាយ​ផ្សេងៗ វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ គ្រោង​នឹង​សហការ​ដើម្បី​រៀបចំ​ថ្នាក់រៀន​ដ៏​មាន​ប្រយោជន៍​នេះ ព្រោះ​បច្ចុប្បន្ន វិទ្យាស្ថាន​ ក៏មាន​ដៃគូ​ជាមួយ​គ្រប់​បណ្តា​សហគ្រាស ​និង​ក្រុមហ៊ុន​ចិន​ក្នុង​ការរៀបចំ​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា និង​ផ្តល់នូវ​បទ​ពិសោធន៍​នានា​ដល់​ការសិក្សា​បន្ថែម​របស់​និស្សិត​។

គួរ​បញ្ជាក់​ថា វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ គឺជា​មជ្ឈមណ្ឌល​បង្រៀន​ភា​សា​ និង​វប្បធម៌​ចិន​ដ៏​ល្បីឈ្មោះ​មួយ​ក្នុងប្រទេស​កម្ពុជា និង​ជា​គ្រឹះស្ថាន​ផ្តល់​សេវាកម្ម​ផ្នែក​អប់រំ​កម្រិត​ឧត្ដម​សិក្សា​ និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា ​ដោយ​សហការ​ជាមួយ​ភាគី​ចិន​ ក្រោម​ការ​ទទួលស្គាល់​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា ព្រមទាំង​ជាទី​កន្លែង​ស្រាវជ្រាវ បោះពុម្ពផ្សាយ និង​ចែករំលែក​ការស្រាវជ្រាវ​វិទ្យា​សាស្ត្រ​ប្រកបដោយ​សក្ដានុពល ​ក្រោម​ការ​គាំទ្រ ​និង​ជំរុញ​លើកទឹកចិត្ត​ពី​រាជបណ្ឌិត្យសភាកម្ពុជា​៕