សង្កាត់​រដ្ឋបាល​ជលផល​កោះធំ ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រដូវ​បិទ​នេសាទ​

សង្កាត់​រដ្ឋបាល​ជលផល​កោះធំ ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រដូវ​បិទ​នេសាទ​



កណ្តាល ៖ រដូវ​ទឹក​ឡើង ​ត្រី​ពង​កូន ហើយ​ជា​ថ្ងៃ​កាលបរិច្ឆេទ ​នៃ​ការ​បិទ​នេសាទ ជា​រៀងរាល់​ឆ្នាំ​មន្ត្រី​ជំ​នា​ញ​ជលផល​ទូទាំងប្រទេស​ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង។

ជាក់ស្ដែង ​កាលពី​ថ្ងៃ​ទី០​៨ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ ​សង្កាត់​រដ្ឋបាល​ជលផល​កោះធំ​ចេញ​ធ្វើ​សកម្មភាព​ចុះ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ជល​ផល ប្រយោជន៍​ការពារ​នូវ​ធនធាន​មច្ឆជាតិ។

លទ្ធផល​ នៃ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​របស់​សង្កាត់​រដ្ឋបាល​កោះធំ​សម្រេច​បាន​នូវ​លប​ពោះ​វៀន​ជ្រូក​ចំនួន​៨៥​មាត់​លូ សៃយ៉ឺន​ស្បៃ​មុង​ខៀវ​ចំនួន​១៣​មាត់​លូ​ បង្គោល​ចំនួន​១៤៥​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​៥​គីឡូក្រាម ​របាំង​ស្បៃ​មុង​ប្រវែង​១៣៥​ម៉ែត្រ និង​កម្លាំង​ចូលរួម​ចំនួន​១២នាក់​ មធ្យោបាយ​ទូក​ចំនួន​២​គ្រឿង​។​

លោក ទៀង ស៊ឹម​លី នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​កោះធំ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ការងារ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ជលផល​នេះ មន្ត្រី​ជំនាញ​ជលផល​សង្កាត់​បាន​ចុះ​បង្ក្រាប​ជាប្រចាំ​ដូច​ភ្លៀងរលឹម​ មិន​ថា​រដូវ​បិទ​ ឬ​បើក​នេសាទ​ត្រី​នោះ​ទេ គឺ​តែងតែ​ចុះ​ឃ្លាំមើល​នូវ​រាល់​ការ​នេសាទ​ត្រី​របស់​ប្រជា​នេសាទ​រាល់ថ្ងៃ ថា​តើ​ពួក​គាត់​លួច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ត្រី​ល្មើសច្បាប់​ដែរ​ទេ។ តាម​ការ​សង្កេត​មើល​ជាប្រចាំ​របស់​មន្ត្រី​ជំនាញ​ឃើញ​ថា ប្រជា​នេសាទ​ទាំង​នោះ​មិនបាន​ប្រើប្រាស់​នូវ​ឧបករណ៍​ល្មើសច្បាប់​ជលផល​នោះ​ទេ។ មាន​ន័យ​ថា​ ពួកគាត់​បាន​យល់​ជ្រួតជ្រាប​ពី​ច្បាប់​ជលផល តាម​ការអប់រំ​ផ្សព្វ​ផ្សាយ​របស់​មន្ត្រី​ជំនាញ។​

លោក​ ទៀន ស៊ឹម​លី បាន​លើក​ឡើង​ទៀត​ថា ការដែល​ប្រជា​នេសាទ​នៅ​ស្រុក​កោះធំ​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ស្របច្បាប់​នា​សព្វ​ថ្ងៃ​នេះ ​បង្ហាញ​ឲ្យ​ឃើញ​ថា ​ពួកគាត់​បាន​ចូលរួម​គាំទ្រ​នូវ​ខ្លឹមសារ​ផ្សព្វផ្សាយ​ស្ដីពី​ច្បាប់​ជលផល​របស់​មន្ត្រី​ជំនាញ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​ជំនាញ​ជលផល​នៅតែ​បន្ត​កិច្ច​ការងារ​អនុវត្ត​ច្បាប់​ជលផល​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​បានទេ៕
សង្កាត់​រដ្ឋបាល​ជលផល​កោះធំ ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រដូវ​បិទ​នេសាទ​
សង្កាត់​រដ្ឋបាល​ជលផល​កោះធំ ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រដូវ​បិទ​នេសាទ​