អាវុធហត្ថ​ បន្ត​ចាប់ខ្លួន​ក្រុម​ឃាតក​ដ៏​កាច​សាហាវ​បាន​៣​នាក់​ ហើយ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់​សម្លាប់​យុវជន​២​នាក់​នៅ​ចោមចៅ​

អាវុធហត្ថ​ បន្ត​ចាប់ខ្លួន​ក្រុម​ឃាតក​ដ៏​កាច​សាហាវ​បាន​៣​នាក់​ ហើយ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់​សម្លាប់​យុវជន​២​នាក់​នៅ​ចោមចៅ​



ភ្នំពេញ ​៖​ ជន​សង្ស័យ​ ដែល​ជា​ឃាតក​ដ៏​កាច​សាហាវ​ចំនួន​៣​នាក់ ​ក្នុងចំណោម​៤​នាក់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​០៧​ និង០​៨ ខែ​កក្កដា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែន​ជ័យ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាលពី​ពេល​ថ្មីៗ​នេះ។ ជាមួយ​គ្នា​នោះ​ សមត្ថកិច្ច​ក៏​​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​លួច​ប្លន់​ជាច្រើនលើក​កន្លងមក​បាន​៣​នាក់​ទៀត។

មន្ត្រី​អាវុធហត្ថ​រាជ​ធានី​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ថា ជន​សង្ស័យ​​៣​នាក់​ខាង​លើ ​ជា​ជន​ដៃដល់​ក្នុង​ការ​ធ្វើ​សកម្មភាព​កាច​សាហាវ​បំផុត​ ដោយ​ប្រើ​ដាវ​កាប់​ទៅលើ​យុវជន​រងគ្រោះ​២​នាក់​ កាលពី​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់ ​នៅ​ចំណុច​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

មន្ត្រី​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា ​និយាយ​​ជា​រួម​ចំពោះ​ករណី​ទាំង​២​ខាង​លើ ​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​អាវុធហត្ថ​ជំនាញ​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​សង្ស័យ​បាន​៥​នាក់​សុទ្ធ​តែ​ជា​ក្រុម​លួច ​ប្លន់ ​និង​ពាក់ព័ន្ធ​ករណី​ឃាតកម្ម។

លុះ​នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ វេលា​ម៉ោង​១៥​និង​០០​នាទី កម្លាំង​អាវុធហត្ថ​បន្ត​ចាប់ខ្លួន​ជន​ដៃដល់​ម្នាក់ទៀត​នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជា​បក្ខពួក​របស់​ក្រុម​ជនសង្ស័យ​ ដែល​ទើប​បង្ក្រាប​បាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នៅ​ខាងក្រោយ​ផ្សារ​កាណាឌីយ៉ា​ស៊ី​ធី ស្ថិត​ក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​១​នាក់ និង​របួស​១​នាក់​នោះ​ដែរ។

សរុប​មក​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នោះ ​កម្លាំង​អាវុធហត្ថ​បាន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​ដៃដល់​៣​នាក់​ ហើយ ​ក្នុងចំណោម​៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ ​ និង​៣​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្លន់​ដ៏​សកម្ម​នា​ពេល​កន្លងមក។

ជាមួយគ្នា​នោះ​ សមត្ថកិច្ច​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​ជាក់ស្ដែង​រួមមាន ​៖ ១-ម៉ូតូ​ចំនួន​៤ គ្រឿង ,២-ម្សៅ​ក្រាម​ស​ថ្លា​១​កញ្ចប់ ,៣-គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​ធំ ,៤-ដាវ​១​ដើម ,៥-សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​៦-សោ​ដោះ​ម៉ូតូ​មួយ​ចំនួន​ផង​ដែរ៕

អាវុធហត្ថ​ បន្ត​ចាប់ខ្លួន​ក្រុម​ឃាតក​ដ៏​កាច​សាហាវ​បាន​៣​នាក់​ ហើយ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់​សម្លាប់​យុវជន​២​នាក់​នៅ​ចោមចៅ​