ព័រទុយហ្គាល់​ ឬ បារាំង​ លើក​ពាន​ Euro 2016 យប់​នេះ?

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​បារាំង​ ​ក្នុង​ការ​ប្រកួត​ Euro 2016 វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​​ជាតិ​បារាំង​ Stade de France នា​វេលា​ម៉ោង​០២:០០​​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

ព័រទុយហ្គាល់​ ឬ បារាំង​ លើក​ពាន​ Euro 2016 យប់​នេះ?

 

បារាំង​ ​​ដែល​ធ្លាប់​ឈ្នះ​ពាន​ Euro ២​សម័យ​កាល​​នៅ​ឆ្នាំ​ (១៩៨៤, ២០០០) ​សង្ឃឹម​ថា​ នឹង​អាច​​ឈ្នះ​ជា​លើក​ទី​៣ ស្មើ​កំណត់ត្រា​ឈ្នះ​ច្រើន​ជាង​គេ​ក្នុង​​ប្រវត្តិសាស្ត្រ​របស់​ក្រុម​អាល្លឺម៉ង់ និង​អេស្ប៉ាញ។ រីឯ​ព័រទុយហ្គាល់​វិញ មិន​ដែល​ឈ្នះ​ពាន​ Euro នេះ​ទេ និង​រំពឹង​ថា​អាច​ឈ្នះ​ជា​លើក​ដំបូង​​នៅ​យប់​នេះ។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– ជួប​គ្នា​២៤​ដង បារាំង​ឈ្នះ​១៨ ព័រទុយហ្គាល់​ឈ្នះ​៥ ស្មើ​១។ ប៉ុន្តែ​ជួប​គ្នា​លើក​ចុង​ក្រោយ​១០​ដង បារាំង​ឈ្នះ​ទាំង​១០​ដង។ ​ជួប​គ្នា​២​ដង​ចុង​ក្រោយ​ បារាំង​ឈ្នះ​ ២-១ កាល​មិត្តភាព​ឆ្នាំ​២០១៤ និង​ឈ្នះ​ ១-០ ទៀត​ កាល​មិត្តភាព​ឆ្នាំ​២០១៥។

 

– ព័រទុយហ្គាល់​ ជា​ក្រុម​លេង​បាន​ច្រើន​​ប្រកួត​ជាង​គេ​នៅ​​ Euro (៣៤​ប្រកួត, មុន​ផ្ដាច់ព្រ័ត្រ) ​ប៉ុន្តែ​មិន​ដែល​បាន​លើក​ពាន​ទេ។

 

– ព័រទុយហ្គាល់​ មិន​ដែល​ចាញ់​ទេ ក្នុង​១៣​ប្រកួត​ចុង​ក្រោយ​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ Fernando Santos (ឈ្នះ​៩ ស្មើ​៤)។

 

– Cristiano Ronaldo ​ទាត់​បាល់​ហ្វ្រីឃីត​៤៣​ជើង​​ហើយ​ នៅ​ពាន​រង្វាន់​ធំៗ ប៉ុន្តែ​ពុំ​ទាន់​ចូល​១​គ្រាប់​ទេ។ ប៉ុន្តែ​៩​គ្រាប់​នៅ​ Euro របស់​គេ ភាគ​ច្រើន​ស៊ុត​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ និង​៥​គ្រាប់​ ដោយ​ប្រើ​ក្បាល​តែត។

 

– បារាំង​ ឈ្នះ​ពាន​៣​ដង ក្នុង​​ការ​ប្រកួត​ពាន​រង្វាន់​ធំៗ​វគ្គ​ផ្ដាច់ព្រ័ត្រ​៤​ដង​ចុង​ក្រោយ។ ម្ដង​ដែល​ពួកគេ​អត់​បាន​លើក​ពាន​គឺ ​កាល​ World Cup 2006 ដោយ​ស្មើ​ ១-១ ទល់​នឹង​អ៊ីតាលី តែ​ចាញ់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

 

– ១៨​ប្រកួត​ក្នុង​ដី​​របស់​បារាំង ទាំង​នៅ​ World Cup និង​ Euros ​គឺ​មិន​ដែល​ចាញ់​ទេ (ឈ្នះ​១៦ ស្មើ​២)។

 

– Antoine Griezmann ​អាច​នឹង​ក្លាយ​ជា​កីឡាករ​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​ ដែល​អាច​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់​ជាង​គេ​ (Top Scorer)​ នៅ​ពាន​រង្វាន់​ធំៗ បន្ទាប់​ពី​ Just Fontaine (World Cup 1958) និង​ Michel Platini (Euro 1984)។

 

សម្ដី​គ្រូ​បង្វឹក៖

 

ព័រទុយហ្គាល់​ ឬ បារាំង​ លើក​ពាន​ Euro 2016 យប់​នេះ?

Fernando Santos គ្រូ​បង្វឹក​ព័រទុយហ្គាល់

 

Fernando Santos គ្រូ​បង្វឹក​ព័រទុយហ្គាល់៖ “ខ្ញុំ​ធ្លាប់​បាន​និយាយ​ពី​មុន​ហើយ​ថា ​គោលដៅ​របស់​យើង​គឺ ចង់​លេង​​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​ពាន។ យើង​មាន​ជំនឿ​ចិត្ត​ច្រើន​ ព្រោះ​យើង​ចង់​​ធ្វើ​ឲ្យ​ប្រជាជន​ព័រទុយហ្គាល់​រីករាយ។ យើង​ចង់​​ឲ្យ​ពួកគេ​ នូវ​ការ​អបអរ​​ដ៏​សប្បាយ​រីករាយ​បំផុត។ គ្រប់​គ្នា​ក៏​ដឹង​ហើយ​ថា បារាំង​ជា​ក្រុម​ខ្លាំង ដូច​ខ្ញុំ​ធ្លាប់​និយាយ​តាំង​ពី​ចាប់​ផ្ដើម​ប្រកួត​ថា ​បារាំង អេស្ប៉ាញ និង​អាល្លឺម៉ង់ គឺជា​ក្រុម​សង្ឃឹម​លើក​ពាន។ ប៉ុន្តែ​ពេល​នេះ​ ​ព័រទុយហ្គាល់​យើង​ ក៏​​អាច​នឹង​ឈ្នះ​ដូច​គ្នា”។

 

ព័រទុយហ្គាល់​ ឬ បារាំង​ លើក​ពាន​ Euro 2016 យប់​នេះ?

Didier Deschamps គ្រូ​បង្វឹក​បារាំង

 

Didier Deschamps គ្រូ​បង្វឹក​បារាំង៖ “យើង​មាន​ឱកាស​នេះ​ ដើម្បី​​ក្លាយ​ជា​ជើង​​ឯក​អឺរ៉ុប។ ខ្ញុំ​ធ្លាប់​ពាន​ Euro ជាមួយ​បារាំង​ ក្នុង​នាម​ជា​កីឡាករ​​កាល​ឆ្នាំ​២០០០។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​ពី​អតីត​កាល​ទេ ខ្ញុំ​​ចង់​គិត​ពី​បច្ចុប្បន្ន​ និង​អនាគត។ ព័រទុយហ្គាល់​ ជា​ក្រុម​​​ដែល​មាន​កីឡាករ​គុណភាព​ល្អៗ​ច្រើន​ ហើយ​ពួកគេ​​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ មិន​មែន​រឿង​ចៃដន្យ​ទេ។ ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា កីឡាករ​របស់​ខ្ញុំ​ទាំង​អស់ ​នឹង​​ត្រៀម​រួច​រាល់​បាន​ល្អ​ សម្រាប់​ការ​ប្រកួត​ដ៏​ធំ​នេះ”។

 

ជើង​កីឡាករ៖

 

ព័រទុយហ្គាល់​ ឬ បារាំង​ លើក​ពាន​ Euro 2016 យប់​នេះ?

សកម្មភាព​ក្រុម​ព័រទុយហ្គាល់ ហ្វឹកហាត់

 

ព័រទុយហ្គាល់​ ​ខ្សែ​ការពារ​ឆ្នើម​ Pepe ​រំពឹង​ថា​ អាច​​ចូល​លេង​ជម្រើស​ដំបូង​បាន​ ក្រោយ​ហ្វឹកហាត់​បាន​វិញ​ ​បន្ទាប់​ពី​អវត្តមាន​កាល​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយសារ​របួស​ភ្លៅ។ ក្រៅ​ពី​នោះ​ គ្មាន​បញ្ហា​កីឡាករ​ណា​​ទៀត​ទេ ដូច្នេះ​១១​នាក់​ដំបូង​របស់​ព័រទុយហ្គាល់​ អាច​ជា៖ Rui Patrício; Cédric, Pepe, Fonte, Guerreiro; William Carvalho, Adrien, João Mário, Renato Sanches; Nani, Ronaldo។

 

ព័រទុយហ្គាល់​ ឬ បារាំង​ លើក​ពាន​ Euro 2016 យប់​នេះ?

សកម្មភាព​ក្រុម​បារាំង ហ្វឹកហាត់

 

រីឯ​ម្ចាស់​ផ្ទះ​មាន់​គក​បារាំង​វិញ ​ពេញ​ជើង​ល្អ​តែ​ម្ដង ខណៈ​ដែល​កីឡាករ​ទាំង​២៣​នាក់ គ្មាន​បញ្ហា​អ្វី​ទាំង​អស់។ ដូច្នេះ​១១​នាក់​ដំបូង របស់​បារាំង​​អាច​ជា៖ Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Matuidi; Sissoko, Griezmann, Payet; Giroud។

 

ព្យាករណ៍៖ ព័រទុយហ្គាល់ ០-១ បារាំង (៩០នាទី) , ចុះ​ប្រិយ​មិត្ត​យល់​​យ៉ាង​ណា​វិញ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports