ហេតុ​ផល​៦​យ៉ាង​ដែល​មិន​គួរទិញ​លំនៅ​ឋាន

ការ​កាន់កាប់​លំនៅ​ឋាន​ណាមួយ គឺជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប តែ​ក៏​មិន​មាន​ន័យ​ថា មនុស្ស​គ្រប់​គ្នា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទិញ​លំនៅ​ឋាន​ដែរ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​ជា​សញ្ញា​ថា អ្នក​មិន​ទាន់​បាន​ត្រៀមខ្លួន​ទិញ​លំនៅ​ឋាន​ក្នុង​ពេល​នេះ ។ ដូច្នេះ ត្រូវ​ពិចារណា​ដល់​កត្តា​សម​ស្រប​ផ្សេង​ទៀត ។ ខាងក្រោម​នេះ ជា​ហេតុផល​៦​យ៉ាង​ដែល​ពុំគួរ​ទិញ​លំនៅ​ឋាន​ក្នុង​ពេល​នេះ និង​គួរ​ពិនិត្យ​មើល​ថា អ្នក​បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅ ។

១-​គ្មាន​លុយ​កក់ ៖
ការ​ទិញ​លំនៅ​ឋាន ឬ​ខុន​ដូ​សម្រាប់​គម្រោង​ថ្មី គឺ​ត្រូវ​មាន​លុយ​សុទ្ធ​មួយ​ចំនួន​ដើម្បី​កក់​មុន​។ នៅ​ពេល​គម្រោង​សាងសង់​បាន​ប្រមាណ​២០%​នៃ​តម្លៃ​ផ្ទះ ប្រសិនបើ​អ្នក​មិន​អាច​ខ្ចី​លុយ​ដល់​១០០%​ទេ គួរ​មាន​សាច់ប្រាក់​ក្នុង​ដៃ​ប្រមាណ​២០-៣០%​នៃ​តម្លៃ​ផ្ទះ ដើម្បី​មិន​ឱ្យ​ខាតបង់​ច្រើន​ពេក​នៅ​ពេល​ខ្ចីប្រាក់​ពី​ធនាគារ ហើយ​ក៏​មិនមែន​ជា​បន្ទុក​ធ្ងន់ធ្ងរ​ពេក និង​សម្រាល​ការ​ទូទាត់​ប្រាក់ខែ​ផង​ដែរ ។

២-​មាន​បំណុល​ច្រើន ៖
ពិនិត្យ​ខ្លួនឯង​ជា​មុន​ថា កត្តា​នេះ​អ្នកមាន​បំណុល​ច្រើន​ឬ​ក៏​អត់ ដោយ​ព្យាយាម​រួម​បញ្ចូល​ថ្លៃ​ចំណាយ​បំណុល​ទាំងអស់ គឺ​មិន​គួរ​លើស​ពី​៥០%​នៃ​ប្រាក់​ចំណូល​ទាំងអស់​ទេ មិន​ថា​ជា​បំណុល​កាត​ឥណទាន ឬ​បំណុល​រថយន្ត ជាដើម ប្រសិនបើ​រួម​បញ្ចូល​គ្នា​លើស​ពី​៥០% អ្នក​មិន​គួរ​មាន​បំណុល​បន្ថែម​ទៀត ឬ​ក៏​ទិញ​លំនៅ​ឋាន​ឡើយ ។

៣-​តួនាទី​ការងារ​គ្មាន​ស្ថិរភាព​គ្រប់គ្រាន់ ៖
បើ​អ្នក​ទើបតែ​ចាប់ផ្តើម​ការងារ​ថ្មី​មិន​បាន​ប៉ុន្មាន​ខែ ឬ​ស្ថិត​ក្នុង​ការ​សាកល្បង​ការងារ​នៅឡើយ វា​មិនមែន​ជា​រឿង​ល្អ​ក្នុង​ការ​ទិញ​លំនៅ​ឋាន​ទេ ព្រោះ​នៅ​មិន​ទាន់​មាន​ស្ថិរភាព​ក្នុង​តួនាទី​ការងារ ហើយ​អាច​កើតហេតុ​ការណ៍​ពេល​ណា​ក៏​បាន គ្មាន​អ្នក​ណា​ម្នាក់​ចង់ឱ្យ​កើតហេតុ​ការណ៍​ដែល​ថា ខ្ចីប្រាក់​ទិញ​ផ្ទះ​ហើយ តែ​កើតរឿង​ដែល​ត្រូវ​លាឈប់​ពី​ការងារ​ទាន់ហន់ ដែល​ធ្វើ​ឱ្យ​គ្មាន​លុយ​សង​ធនាគារ រហូត​ដល់​ត្រូវ​គេ​រឹបអូស​យក​ទ្រព្យសម្បត្តិ​នោះ​ទេ ។

៤-​ចង់​ផ្លាស់​ប្តូរ​ការងារ ៖
ចំណុច​នេះ​ខុស​ពី​ចំណុច​ខាងលើ បើ​ទោះបីជា​តួនាទី​ការងារ​មាន​ស្ថិរភាព​ក្តី តែ​ប្រសិនបើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ការងារ​ឆាប់​ៗ​នេះ ក៏​មិន​គួរ​នឹង​ទិញ​លំនៅ​ឋាន​ថ្មី​ក្នុង​ពេល​នេះ​ដែរ ពីព្រោះ​បើ​អ្នកមាន​ការងារ​ថ្មី​នៅ​កន្លែង​ផ្សេង គឺ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ផ្ទះ​ទៅ​តាម​ដែរ ដើម្បី​ឱ្យ​វា​នៅ​ជិត​កន្លែងធ្វើការ ។ ដូច្នេះ គួរ​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ពេល​គ្រប់យ៉ាង​ស្ងប់ស្ងាត់ ហើយ​ប្រាកដ​ចិត្ត​ថា នឹង​មិន​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ផ្សេង​ទៀត ។

៥-​ត្រូវធ្វើ​ដំណើរ​ញឹកញាប់ ៖
បើ​អ្នកជា​មនុស្ស​មិន​នៅ​ស្ងៀម​មួយ​កន្លែង ដោយ​ត្រូវធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ផ្សេង​ៗ ឬ​ក្រៅប្រទេស​ជាដើម ទោះបីជា​មិន​ប៉ះពាល់​ដល់​ការ​ទិញ​ផ្ទះ​ក្តី តែ​នឹង​ប៉ះពាល់​ដល់​ការ​ចាយវាយ​ជា​ច្រើន ។ អ្នក​ក៏​ត្រូវ​ចំណាយ​លុយ​ពាក់កណ្តាល​ជា​រៀង​រាល់​ខែ ទាំង​ដែល​មិន​បាន​ស្នាក់​នៅ​ក្នុងផ្ទះ រួម​ទាំង​ត្រូវ​ទុក​ផ្ទះ​ចោល​ទៀត​ផង ។

៦-​ថ្លៃ​ជួល​ផ្ទះ​ថោក​ជាង​ប្រាក់​សង​បន្តិច​ម្តង​ៗ៖
ក្នុង​ករណី​អ្នកមាន​ទំនុកចិត្ត​ថា ត្រូវការ​រក​កន្លែង​រស់នៅ​ក្នុង​ទីតាំង​ណាមួយ យើង​សូម​ណែនាំ​ឱ្យ​សង្កេត​មើល​ម្យ៉ាងទៀត​ថា អាច​សាកល្បង​ស្ទង់​មើល​តម្លៃ​ជួល បើសិនជា​តម្លៃ​ជួល​ក្នុង​តំបន់​នេះ​ថោក​ជាង​តម្លៃ​បង់ប្រាក់​បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ខែ​នោះ គឺ​គួរតែ​ជួល​ល្អ​ជាង ទាំងនេះ​អាស្រ័យ​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត​ដូច​ជា នៅ​ម្នាក់ឯង ឬ​ជាមួយ​ក្រុម​គ្រួសារ ។ ប៉ុន្តែ​បើ​ក្រុម​គ្រួសារ​ត្រូវការ​រស់នៅ​រយៈពេល​យូរ ការ​ទិញ​ក៏​អាច​សម​ស្រប​ជាង​ការ​ជួល ៕