បែកធ្លាយ​រឿង​រំលោភ​រាប់​ភ្លេច បន្ទាប់​ពី​ផ្ទុះ​ហិង្សា​និង​គំរាម​សម្លាប់

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ពី​បទ​«​ប្រើ​អំពើ​ហិង្សា និង​គំរាម​សម្លាប់​» ដែល​បង្ក​ឡើង​ចំនួន​២​លើ​ផ្ទូ​ន​ៗ​ក្នុង​ថ្ងៃ​តែ​មួយ តែ​អ្វី​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្ទើ​ល គឺ​នៅ​ពេល​សួរនាំ​ស្រាប់តែ​បែកធ្លាយ​ជន​បង្ក​នេះ​ធ្លាប់​ចាប់​នារី​រង​គ្រោះ​រំលោភ​សេពសន្ថវៈ​ស្ទើរ​រាប់​ភ្លេច ពេល​ឪពុក​នាង​មិន​នៅផ្ទះ ។

លោក ឡា​ច វ៉ា​ន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រ៉ូ រិ​ន ហៅ​កុយ អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​កូន​ក្អែក​២ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ។ លោក​ថា ជន​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ឃាត់ខ្លួន​ពី​បទ «​ប្រើ​អំពើ​ហិង្សា និង​គំរាម​សម្លាប់​» ដែល​ប្រ​ព្រិ​ត្ត​ឡើង​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ប៉ុន្តែ​បែរជា​លេច​ធ្លាយ​នូវ​ករណី​ចាប់រំលោភ​នារី​រង​គ្រោះ​ច្រើន​លើក​ទៀត នៅ​ពេល​មន្ត្រី​ជំនាញ​សួរនាំ ។

យោង​របាយការណ៍​របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹង​ថា ឈ្មោះ កុយ បាន​បង្កជម្លោះ​លើក​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ទៅ​លើ​នារី​ម្នាក់​ឈ្មោះ លី​ន ស្រី​និ​ច អាយុ​១៧​ឆ្នាំ ជា​យុវ​សិស្ស ដោយ​ជន​បង្ក​បាន​ទូរស័ព្ទ​ទៅ​គំរាម​សម្លាប់​នាង ព្រោះតែ​ខឹង​ឪពុក​នាង​ហាម​មិន​ឲ្យ​នាង​ទាក់ទង​ជាមួយ​ខ្លួន ។

បើ​តាម​ចម្លើយ​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅ ឈ្មោះ រ៉ូ រិ​ន ហៅ កុយ នេះ​ធ្លាប់​ចាប់​នាង​រួច​យក​ប្រើ​កាំបិត​គំរាម​ចាក់​សម្លាប់​នាង ថែម​ទាំង​រំលោភ​នាង​ច្រើន​លើក​ច្រើន​សារ​ទៀត ខណៈ​ពេល​ឪពុក​នាង​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ។ នាង​និយាយ​ថា ពេល​ដែល​ឪពុក​នាង​ត្រឡប់​មក​ពី​ថៃ​វិញ ក៏​ប្រាប់​ឲ្យ​នាង​ឈប់​ទាក់ទង​ជាមួយ​ឈ្មោះ កុយ នេះ ទើប​ឈ្មោះ​កុយ​នេះ​ខឹង ក៏​បាន​ទូរស័ព្ទ​មក​គំរាម​សម្លាប់​នាង​ជា​បន្តបន្ទាប់​ទៀត រហូត​ថ្លើមធំ​ហ៊ាន​ជិះ​ម៉ូតូ​កាន់​កាំបិត​មក​ឆ្វែល​ផ្ទះ​នាង ហើយ​ស្រែកហៅ​ឪពុក​នាង​ឲ្យ​ចេញ​ក្រៅ​ប្រយុទ្ធ​គ្នា​ទៀត​ផង ។

ករណី​ទី​២ បន្ទាប់​ពី​បង្កជម្លោះ​ខាងលើ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែកក្កដា​ដដែល ជន​ឈ្មោះ រ៉ូ រិ​ន ហៅ កុយ នេះ បាន​វាយតប់​ទាំង​កំរោល​ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ ភាន់ ភឿន អាយុ​១៧​ឆ្នាំ ដែល​នៅ​ក្នុងភូមិ​ជាមួយ​គ្នា បណ្ដាល​ឲ្យ​រង​របួស​បែក​មុខ​បែក​មាត់ ព្រោះតែ​ខឹង​ជន​រង​គ្រោះ​មិន​ឲ្យ​ខ្ចី​ម៉ូតូ​ជិះ និង​ខឹង​ជន​រង​គ្រោះ​ហៅ​ខ្លួន «​អា​» ។ បើ​តាម​របាយ​ការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ និង​ជន​ដៃដល់​បាន​ផ្ទុះ​ជម្លោះ​មួយ​ប្រាវ ពេល​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ​ម៉ូតូ​ជន​ដៃដល់​ខ្ចី​ជិះ ទើប​ឈាន​ដល់​វាយតប់​គ្នា​តែ​ម្ដង ។

នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក ឡា​ច វ៉ា​ន់ បាន​ឲ្យ​ដឹង​ថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​មូលដ្ឋាន​ស្រុក​មោងឫស្សី តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រ៉ូ រិ​ន ហៅ​កុយ នេះ​ភ្លាម​ៗ ក្រោយ​ពី​ទ​ទូល​បាន​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ។ លោក ឡា​ច វ៉ា​ន់ បាន​បញ្ជាក់​ថា ដំបូង​គេ​មិនដឹង​ថា មាន​ករណី​ចាប់រំលោភ​នារី​រង​គ្រោះ​ទេ លុះ​ពេល​មន្ត្រី​ជំនាញ​សួរនាំ​ទើប​បែកធ្លាយ​តែ​ម្ដង ។ លោក​ថា ជនសង្ស័យ​បាន​សារភាព​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ហើយ រាប់​ទាំង​ករណី​ចាប់​នារី​រង​គ្រោះ​រំលោភ​សេពសន្ថវៈ​ស្ទើរ​រាប់​ភ្លេច​ផង រីឯ​មន្ត្រី​ជំនាញ​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនរ​សង្ស័យ​រូប​នេះ​ទៅ​កាន់​តុលាការ​ហើយ​ដែរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕