កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​នាវាមុជទឹក

យោង​តាម YONHAP ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង JCS រាយការណ៍​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៩ កក្កដា បាន​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ​សមុទ្រ​-​ដី​មួយ​គ្រាប់ នៅ​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត តែ​ការ​សាកល្បង​នេះ​ត្រូវ​បរាជ័យ ។

មី​ស៊ី​ល​នេះ​ត្រូវ​បាញ់​ចេញ​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ចេញពី​ដែនទឹក​នៃ​ទីក្រុង​កំពង់​ផែ​ស៊ី​ន​ប៉ូ ខេត្ត HAMGYONG ខាងត្បូង ។ មី​ស៊ី​ល​នេះ​បាញ់​ចេញពី​នាវា​មុជទឹក​មួយ​គ្រឿង តែ​កងទ័ព​កូរ៉េ​ខាងត្បូង​យល់​ថា ដំណាក់កាល​ដំបូង​នៃ​ការ​ហោះហើរ​ត្រូវ​បរា ជ័យ ។ គង​ទ័ព​កូរ៉េ​ខាងត្បូង​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​បង្កហេតុ​បែប​នេះ​របស់​កូរ៉េ​ខាងជើង ហើយ​គូសបញ្ជាក់​ថា ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ដែល​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​២ កាលពី​ថ្ងៃ​ទី​២២ មិថុនា និង​ការ​បាញ់​មី​ស៊ី​ល​នា​ពេល​នេះ​ជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​ដល់​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

ប្រភព​យោធា​កូរ៉េ​ខាងត្បូង​ធ្វើការ​កត់​សម្គាល់ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​បាញ់​សាកល្បង​ចុង​ក្រោយ​នេះ អាច​ផ្ទុះ​ក្នុង​កម្ពស់​ប្រមាណ​ជា​១០​គីឡូម៉ែត្រ ក្រោយ​បាញ់​ចេញពី​នាវាមុជទឹក​ចំណុះ​២.០០០​តោន​មួយ​គ្រឿង ។

កងទ័ព​កូរ៉េ​ខាងត្បូង​កត់សម្គាល់​ថា កូរ៉េ​ខាងជើង​សម្រេច​បានការ​រីក​ចម្រើន​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក ។ ក្រុង​ព្យុ​ង​យ៉ាង​ហាក់ដូចជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS មុន​ឈាន​ទៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​ដែល​អាច​ឱ្យ​មី​ស៊ី​ល​របស់​ខ្លួន​វាយប្រហារ​លើ​គោលដៅ​នានា ។ កូរ៉េ​ខាងជើង​អាច​ត្រៀម​ដាក់​ពង្រាយ​មី​ស៊ី​ល MSBS របស់​ខ្លួន​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ​ទៀត ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ធ្វើ​ឡើង​មិន​ដល់​៣​ខែ​ផង បន្ទាប់​ពី​ការ​បាញ់​សាក​មី​ស៊ី​ល MSBS របស់​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ កាលពី​លើក​មុន ដែល​ក៏​ទទួល​បរាជ័យ​ដែរ ។ មី​ស៊ី​ល​សមុទ្រ​-​ដី​ដែល​បាញ់​ចេញ​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ក្នុង​សមុទ្រ​ខាងកើត​បាន​ផ្ទុះ​បែក​ជា​ច្រើន​បំណែក​ក្រោយ​ការ​ហោះហើរ​បាន​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ។

ការ​បាញ់​សាក​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​៩ កក្កដា ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៨ កក្កដា របស់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​លអាច​បាញ់​បាន​ក្នុង​កម្ពស់​ខ្ពស់ THAAD នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង ក្នុង​គោលបំណង​ប្រឈម​មុខ​នឹង​មី​ស៊ី​ល​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

ម្យ៉ាងទៀត សហរដ្ឋ​អា​េ​ម​រិ​ក​កាលពី​ស​ប្តា​ហ៍​មុន​បាន​ដាក់​បញ្ចូល​លោក​គី​ម ជុង​អ៊ុ​ន និង​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​ឯទៀត​ៗ​ក្នុង​បញ្ជីខ្មៅ​ពី​បទ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ។ នេះ​ជា​លើក​ដំបូង​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់ ប្រឆាំង​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង ។ កូរ៉េ​ខាងជើង​បាន​បញ្ចេញ​ប្រតិកម្ម​តប​ដោយ​កំហឹង​ដោយ​ចាត់​ទុក​បញ្ជីខ្មៅ​នោះ​ថា ជា​ការ​ប្រកាសសង្គ្រាម​ដោយ​ជំហ​មួយ ៕