សង្ស័យ​បង្ក្រាប​បាន​តែ​ដំបូង​ទី

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រយៈពេល​៧​ថ្ងៃ​ចុងខែ​មិថុនា និង​ដើមខែ​កក្កដា ដែល​ជា​រដូវ​បិទ​នេសាទ កន្លង​ទៅនេះ សមត្ថកិច្ច​ជលផល​បាន​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​បាន​ចំនួន​១៩៧​កន្លែង​របាំង​សាច់​អួន របាំង​ស្បៃ​មុង និងរ​បាំងបិទ​ផ្ជិ​ត​ព្រែក សរុប​ជាង​៦​ពាន់​ម៉ែត្រ និង​លប​លូ​ប្រមាណ​ជាង ២០០​មាត់​។ នេះ​បើ​យោង​តាម​សេច​ក្តី​រាយ​ការណ៍​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង  ក្នុង​ពិធី ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៏ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​បន្ត​ថា  រយៈពេល​៧​ថ្ងៃ ដោយ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ មិថុនា ដល់​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ នៅ​ក្នុង​រដូវ​បិទ​នេសាទ​​ឆ្នាំ​នេះ ខណ្ឌ​រដ្ឋបាល​ជល ផល​កំពង់ឆ្នាំង បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅ​ក្នុង​ដែន​សមត្ថ កិច្ច​របស់​ខ្លួន​មិន​ថា ថ្ងៃ ឬ​យប់ គឺ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង រួម​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្រុក ឃុំ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល តាម​បណ្តា​ស្រុក បរិបូរ​ណ៌ ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច ស្រុក​ជល​គី​រី ក្រុង​កំពង់ឆ្នាំង  ។ ជា​លទ្ធផល គឺ​បង្ក្រាប​បាន​មានរ​បាំងសាច់​អួន​៦៧​កន្លែង ស្មើនឹង​ជាង​២​ពាន់​ម៉ែត្រ​, របាំង​ស្បៃ​មុង​១១៤​កន្លែង ស្មើនឹង​ជាង​៣ ពាន់​ម៉ែត្រ​, របាំង​កាត់​បិត​ជិត​ព្រែក​ចំនួន​១៦​កន្លែង ស្មើនឹង​៣៨៥​ម៉ែត្រ​, លប​ប្រើ​មុខ​១០០ បាន​ចំនួន​៩៣​ខ្សែ ស្មើនឹង​៧៧៣​ម៉ែត្រ​, ដាយ​ត្រី​ប្រា​ម្សៅ​២​មាត់ ស្មើនឹង​២៥​ម៉ែត្រ និង​លប​លូ​ស្បៃ​មុង​ចំនួន​២០៦​មាត់ ផង​ដែរ​។ ក្នុង​នោះ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ប្រើប្រាស់​កម្លាំង​ពី​១៥​នាក់​ទៅ​៣០​នាក់ និង​មាន​កាណូត​ជា​មធ្យោបាយ​ចាប់ពី​៤​ទៅ​៦​គ្រឿងក្នុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​មួយ​លើក​ៗ ។

លោកនាយ​ខណ្ឌ​បាន​បន្ត​ថា នៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ឆ្នាំ​នេះ ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ដូច​ជា ស្ថានភាព​ភូមិសាស្ត្រ​មួយ​ចំនួន​មាន​សភាព​គោក​រាក់ កំប្លោក​ច្រើន ដែល​បង្ក​ការ​លំបាក​ដល់​ការ​ចល័ត​កម្លាំង​ចុះ​ប្រតិបត្តិការ​ជាក់ស្តែង​។ ការ​ប្រព្រឹត្តិ​បទល្មើស​ជលផល​ដូច​ជា ការ​ឆក់​ត្រី ការ​លួច​នេសាទ​នៅ​ពេល​យប់​នៅ​ឆ្ងាយ​ៗ​ពី​ទីតាំង​ឈរជើង​របស់​ក្រុមចម្រុះ​, វត្តមាន​មិន​ពេញលេញ​របស់​ក្រុមចំរុះ និង​មធ្យោបាយ​ចុះ​ល្បាត​មាន​តិច​នៅឡើយ​។ បើ​ទោះបី​បែប​នេះ​ក្តី ក្នុង​ទិស​ដៅ​បន្ត គឺ​ត្រូវ​សហការ​ជា​មួយ​​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្រុក ឃុំ ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​, បន្ត​ការ​ផ្សព្វផ្សាយ​បន្ថែម​ពី​ច្បាប់​ស្តី​ពី​ជលផល និង​លិខិត​បទដ្ឋាន​នានា​ឱ្យ​ប្រជា​នេសាទ​បាន​យល់​ដឹង​, ចាត់វិធានការ​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​អ្នក​ឆក់​ត្រី ស្បៃ​មុង របាំង​ខុសច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ជា​កម្មសិទ្ធិ ការ​លួច​នេសាទ​ក្នុង​តំបន់​អភិរក្ស ព្រមទាំង​ចលនា​ប្រមូល​ឧបករណ៍​ឆក់​ត្រី និង​ចាត់ វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ជាដើម ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត ៕