ប៉ូលិស​អា​មេ​រិ​ក​ប្រើ​ជា​លើក​ដំបូង​នូវ​រ៉ូ​បូ​សម្លាប់​ខ្មាន់កាំភ្លើង

បន្ទាប់​ពី​ឡោម​ព័ទ្ធ​ជាប់​រយៈពេល​ជា​ច្រើន​ម៉ោង ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​ទីក្រុង​ដាល់​ឡាស់ រដ្ឋ​តិច​សាស់ ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​៨ កក្កដា ដោយ​រ៉ូ​បូ​តេឡេកុំម៉ង់​ផ្ទុក​គ្រាប់បែក​មួយ ។

នា​ថ្ងៃ​ទី​៨ កក្កដា​នោះ ប៉ូលិស​ក្រុង​ដាល់​ឡាស់​បាន​សម្រេច​បញ្ជូន​រ៉ូ​បូ​តេឡេកុំម៉ង់​មួយ​ដើម្បី​សម្លាប់​បុរស​ជា​ជនសង្ស័យ​បាញ់​សម្លាប់​ប៉ូលិស​ជា​ច្រើន​នាក់ ។ វា​ជា​ការ​ប្រើប្រាស់​លើក​ដំបូង​នូវ​រ៉ូ​បូ​បែប​នេះ ដែល​ទើប​ផលិត ។ ខណៈ​ដែល​ខ្មាន់កាំភ្លើង​លាក់ខ្លួន​ជា​ច្រើន​ម៉ោង​ក្នុង​អគារ​មួយ​ប៉ូលិស​បាន​សម្រេច​ជ្រើសរើស​ប្រើ​មធ្យោបាយ​នេះ ដើម្បី​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​សម្លាប់​ឧក្រិដ្ឋជន ។

ប្រមុខ​ប៉ូលិស​ក្រុង​ដាល់​ឡាស់ លោក DAVID BROWN និយាយ​ថា ការ​ជ្រើសរើស​មធ្យោបាយ​ក្រៅពី​ការ​ប្រើ​រ៉ូ​បូ​បំផ្ទុះ​គ្រាប់បែក ដើម្បី​សម្លាប់​ខ្មាន់កាំភ្លើង​ឈ្មោះ MICAH TOHNSON ព្រោះ​ចៀសវាង​កុំឱ្យ​ប៉ូលិស​ប្រថុយ​គ្រោះថ្នាក់​ខ្លាំង ។

រ៉ូ​បូ​វាយប្រហារ​តាម​ជើង​គោក​ត្រូវ​បាន​កងទ័ព​អា​មេ​រិ​ក​ប្រើ​យ៉ាងច្រើន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ រ៉ូ​បូ​ទាំងនេះ​អាច​ជា​ពិសេស​ដោះ​យក​គ្រឿងផ្ទុះ​ចេញ​ដោយសារ​ដៃ​របស់​វា ដែល​ចុច​បញ្ជា​ពី​ចម្ងាយ​ដោយ​កង​ទាហាន​នៅ​ក្នុង​កន្លែង​ការពារ ។ ចំពោះ​ការ​សម្រេច​បញ្ជូន​រ៉ូ​បូ​មួយ​ទៅ​សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​នៅ​កណ្តាល​ក្រុង​ធំ​អា​មេ​រិ​កមួយ​វា​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​របស់​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​កាលពី​ថ្ងៃ​ទី​៩ កក្កដា ថា អា​មេ​រិ​ក​ពុំ​បាន​បែកបាក់​គ្នា​ដូចដែល​គេ​និយាយ​នោះ  ឡើយ ។ ណា​ពោល​ដូច្នេះ​ប្រឈម​មុខ​នឹង​កំហឹង​ប្រឆាំង​ភាព​ឃោរឃៅ​របស់​ប៉ូលិស​ដែល​នាំ​ឱ្យ​មាន​អតីត​ទាហាន​ស្បែក​ខ្មៅ​ម្នាក់​បាញ់​សម្លាប់​ប៉ូលិស​៥​នាក់​កាលពី​ថ្ងៃ​ទី​៧ កក្កដា កន្លង​មកនេះ ។ ខ្មាន់កាំភ្លើង​ដែល​គេ​ប្រើ​រ៉ូ​បូ​ទៅ​សម្លាប់​ក្នុង​អគារ​មួយ​ឈ្មោះ MICAH JOHNSON ធ្វើការ​វាយប្រហារ​នេះ ដោយ​លើក​ហេតុផល​ថា រូបគេ​ចង់​សម្លាប់​ប៉ូលិស​ស្បែក​ស ។ ជន​នេះ​បាន​សាបព្រោះ​ភាព​ច្របូក​ច្របល់​ក្នុង​ទីក្រុង​ដ៏​ធំ​នេះ​នៃ​រដ្ឋ​តិច​សាស់ និង​ធ្វើ​ឱ្យ​ប្រជាជាតិ​អា​មេ​រិ​ក​មានការ​ក្តុកក្តួល ។ ឃាតករ​អាយុ​ទើប​២៥​ឆ្នាំ​រូប​នេះ​ធ្វើ​ទាហាន​មាន​បច្ចេកទេស​ប្រយុទ្ធ ហើយ​មាន​អាវុធ​នៅ​នឹង​ផ្ទះ​របស់​គេ ៕