ខណៈ​នេះ សព​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​ដល់​វត្ត​ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មក​ដល់​ម៉ោង​៤ និង​០៦​នាទី​ល្ងាច​នេះ សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​វត្ត​ក្តី​ចាស់ នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​ហើយ ។

សូម​បញ្ជាក់​ថា កាលពី​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដឹក​ដង្ហែ​ដោយ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9571 ដែល​ជា​រថយន្ត​ផ្ទាល់ខ្លួន​របស់​សព​លោក កែម ឡី ចេញពី​ម៉ាត​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ដង្ហែ​ទៅ​កាន់​វត្ត​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ា​តនៃ​ស្ថានីយ៍​កាល់​តិច​បូកគោ​កាល​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ជន​ដៃដល់​ឈ្មោះ ជួប សម្លាប់ បាន​សារភាព​ថា ការ​បាញ់​សម្លាប់​នេះ​ដោយសារ​លោក​បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​៣,០០០​ដុល្លារ​មិន​ព្រម​សង ។