អ្នក​ភូមិ​ចុងកោះ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​បាត់បង់​ផ្ទះ​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ

ផ្ទះ​ដែល​សង់​ចូល​ទៅ​ក្នុង​ទន្លេ​ផ្សារ​ក្រោម​ជាង ២០០​ខ្នង​របស់​អ្នក​ភូមិ​ចុងកោះ ខេត្ត​កំពង់ឆ្នាំង នឹង​ត្រូវ​រុះរើ​ទៅ​កន្លែង​ថ្មី ដើម្បី​យក​ដី​ចំណី​ច្រាំង​ទន្លេ​នោះ​ទៅ​អភិវឌ្ឍ​សួនច្បារ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន បញ្ជាក់​ជំហរ​ថា​នឹង​មិន​រុះរើ​ផ្ទះ​សម្បែង​របស់​ខ្លួន​ទៅ​រស់នៅ​កន្លែង​ណា​ផ្សេង​ឡើយ បើ​គ្មាន​សំណង​រុះរើ​ផ្ទះ និង​ដី​ឡូត៍​នៅ​កន្លែង​ថ្មី​សម្រាប់​សង់​ផ្ទះ​រស់នៅ​សមរម្យ​នោះ​ទេ។

អ្នក​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង កំពុង​បារម្ភ​គ្មាន​ជម្រក​រស់នៅ ក្រោយ​ដឹង​ថា​ដី​នៅ​កន្លែង​ថ្មី​ក្បែរ​ផ្សារ​ដែល​ត្រូវ​ផ្ដល់​អាទិភាព​ចំពោះ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​បង់​រំលស់​នោះ ត្រូវ​បាន​ក្រុម​ឈ្មួញ និង​អ្នក​មាន​លុយ​កាក់​ពី​ក្រៅ​តំបន់ មក​ទិញ​យក​អស់។ ពលរដ្ឋ​ខ្លះ​ចង់​បាន​ដី​បង់​រំលស់​ក្នុង​តម្លៃ​ថោក និង​ខ្លះ​ទៀត​ចង់​បាន​ដី​ដោះដូរ​តាម​ទំហំ​ជាក់ស្ដែង​ពី​កន្លែង​ចាស់ ដោយសារ​ជីវភាព​ក្រ​លំបាក។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ២១០​គ្រួសារ​ដែល​នឹង​រុះរើ​ផ្ទះ​សម្បែង​ទៅ​កន្លែង​ថ្មី គឺ​លោកស្រី អុល ណារី មាន​ប្រសាសន៍​ថា រូប​គាត់​បាន​ផ្ដិត​មេដៃ​យល់ព្រម​រុះរើ​ផ្ទះ​ចេញ​ក្នុង​តម្លៃ ៧០០​ដុល្លារ ប៉ុន្តែ​ចំពោះ​គោល​នយោបាយ​ដីធ្លី​សម្រាប់​តាំង​ទី​លំនៅ​ថ្មី​នោះ លោកស្រី​មិន​ទាន់​ឯកភាព​យ៉ាង​ណា​នៅ​ឡើយ​ទេ។ គ្រួសារ​គាត់​ពុំ​មាន​លទ្ធភាព​រក​លុយ​ជាង ១០០​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​បង់​រំលស់​ដី​នោះ​ទេ៖ «សំណង​គេ​សង​ឲ្យ​តម្លៃ​ថា ៧០០​ដុល្លារ ហើយ​ខ្ញុំ​ក៏​ឯកភាព​ទទួល​ពី​គាត់​បាន​ដែរ (អាជ្ញាធរ) ប៉ុន្តែ​រឿង​ដី​ដោះ​ដូរ​នោះ អត់​មាន​ទេ គឺ​មាន​តែ​ដី​បង់​រំលស់ ហើយ​ដល់​ពេល​អ៊ីចឹង​ទៅ ដី​ហ្នឹង​ថា​ឲ្យ​អ្នក​រងគ្រោះ​ត្រូវ​បង់​រំលស់​អត់​បាន​ទេ បែរ​ទៅ​បាន​គេ​អ្នក​ក្រៅ​ទៅ​វិញ។ អ៊ីចឹង​ខ្ញុំ​ចង់​សួរ​ថា បើ​ដេញ​ពួក​ខ្ញុំ​ទៅ តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​នៅ​កន្លែង​ណា

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ផ្ទះ​ទឹក លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​វិនិយោគ បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​រស់នៅ​ទីតាំង​សមរម្យ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ។ លោក​ពន្យល់​ថា ភាគរយ​នៃ​ពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​ទិញ​ដី​បង់​រំលស់​មាន​តិចតួច ប៉ុន្តែ​ក្រុម​ការងារ​អនុគ្រោះ និង​ផ្ដល់​ជម្រើស​ច្រើន​សម្រាប់​ពលរដ្ឋ គឺ​ចន្លោះ​ពី ២.៥០០​ដុល្លារ​ដល់ ៦​ពាន់​ដុល្លារ ហើយ​ក្រុមហ៊ុន​ធានា​រក​ការងារ​ជូន​ពលរដ្ឋ​ធ្វើ ដើម្បី​បាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង និង​យក​ទៅ​បង់​រំលស់​ដី​ផង ប៉ុន្តែ​លោក​ថា បើ​ពលរដ្ឋ​មាន​កម្លាំង ហើយ​ខ្ជិល​ធ្វើ​ការ​នោះ គឺ​ជា​រឿង​ដែល​លំបាក​ជួយ៖ «និយាយ​ឲ្យ​ចំ ឲ្យ​តែ​ថា​គាត់​អត់​មាន​លទ្ធភាព កត់​ឈ្មោះ​មក ក្រុម​ការងារ​នឹង​សុំ ហើយ​ក្រុមហ៊ុន​បាន​ឯកភាព​ផ្លូវ​ការ​ទៀត ដើម្បី​ជួយ​គាត់​នោះ​ណា។អ៊ីចឹង​មាន​លក្ខណៈ​ត្រៀម​បម្រុង​ហើយ​អស់​ហើយ ព្រោះ​នៅ​ក្នុង​បញ្ជី​ថា​នរណា​អត់​មាន​លទ្ធភាព យើង​ត្រៀម​ការងារ​ឲ្យ​គាត់​ធ្វើ»

គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ និង​សួនច្បារ​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង ជិត ៣​គីឡូម៉ែត្រ ប៉ះពាល់​ដល់​ផ្ទះ​ពលរដ្ឋ​ប្រមាណ ២៦២​ខ្នង និង​តូប​លក់​ដូរ​របស់​អាជីវករ​ប្រមាណ ២៨៣​តូប។ គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ប្រើ​រយៈពេល ៥​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩។ គម្រោង​សំដៅ​លើក​កម្ពស់​សោភ័ណភាព និង​អនាម័យ​ក្រុង​កំពង់ឆ្នាំង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​រៀបចំ​បុណ្យ​ទន្លេ​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។