អាជ្ញាធរ​ឆ្លើយ​អត់​ដឹង​ដូច​គ្នា​

​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ចេញពី​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​ពីរ​គ្រឿង ត្រូវ​បាន​ឈ្មួញ​មាន​លុយ មាន​អំណាច លួច​ដឹក​យក​ទៅ​វាយ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​លោក​មេ​ភូមិ​ភ្នំ​ដំបង បាន​លើក​ឡើង​ថា លោក​បាន​រៃ​អង្គាស​ថវិកា​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជួល​គ្រឿងចក្រ​ទាំងនោះ​យក​ទៅ​ជីក​កកាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ សម្រាប់​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​នៅ​ក្នុងភូមិ និង​ដឹក​ដំណាំ​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​ទាន់​ពេលវេលា ។ ហេតុ​ករ​ណ៍​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​តំបន់​អភិរក្ស​ភ្នំ​ដំបង ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ភ្នាក់ងារ​សម្ងាត់​បាន​ស៊ើបអង្កេត​ឃើញ​មាន​គ្រឿងចក្រ​ចំនួន​ពីរ​គ្រឿង ត្រូវ​បាន​ឈ្មួញ​មាន​លុយ មាន​អំណាច​ជួល​យក​ទៅ​ឱ្យ​វាយ​ព្រៃ​តំបន់​អភិរក្ស ដើម្បី​យក​ដី​នោះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ប្រភព​បន្ត​ទៀត​ថា ខណៈ​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​មិន​ព្រម​ស្តាប់​នោះ​ទេ រហូត​ដល់​ក្រោយមក ទើប​គេ​ឃើញ​គ្រឿងចក្រ​ទាំងនោះ​បានដឹង​សភាពការណ៍​ថា អ្នកកាសែត ទូរទស្សន៍​ជា​ច្រើន​នាក់ ចុះ​ទៅ​ថត​ផ្សាយ ទើប​នាំ​គ្នា​ត្រឡប់​មក​ជីក​ស្រះ និង​ជីក​កកាយ​ដី​ធ្វើ​ផ្លូវថ្នល់​វិញ ។ មន្ត្រី​បរិស្ថាន​បញ្ជាក់​ទៀត​ថា ការ​វាយ​ព្រៃ​តំបន់​អភិរក្ស​នេះ ភាគច្រើន​ធ្វើ​នៅ​ពេល​យប់ និង​ពេល​ស្ងាត់​មនុស្ស ដោយ​មាន​អ្នក​ចាំ​មើលផ្លូវ​ជា​ស្រេច ខណៈ​ឃើញ​មន្ត្រី​សមត្ថកិច្ច ឬ​អ្នកកាសែត​ជិះ​ម៉ូតូ ឬ​រថយន្ត​ចូល​ទៅ​តាម​ផ្លូវ​នោះ គេ​នឹង​ទូរស័ព្ទ​ឱ្យ​បើក​គ្រឿងចក្រ​នោះ​គេចខ្លួន​សិន លុះ​ពេល​ស្ងាត់​ល្អ ទើប​ធ្វើ​សកម្មភាព​បន្ត​ទៀត​ដដែល ។ លើស​ពី​នេះ​ទៀត​ខាង​មេ​ភូមិ​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​អត់​មាន​ជម្រាប​ជូនដំណឹង​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ក្រុង ខេត្ត ឱ្យ​បានដឹង​នោះ​ឡើយ គឺ​ធ្វើ​ស្ងាត់​ៗ​ខុស​ទៅ​នឹង​គោលការណ៍​នៃ​ច្បាប់​ផង ។

ចំណែក​លោក ឡុ​ង វុ​ទ្ធី មេ​ភូមិ​ភ្នំ​ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ថា អត់​មាន​គ្រឿងចក្រ​ណាមួយ​ចូល​ទៅ​វាយ​ព្រៃ​នៅ​តំបន់​អភិរក្ស​នោះ​ទេ ហើយ​គ្រឿងចក្រ​ទាំង​ពីរ​នោះ​កំពុង​តែ​ជីក​ស្រះ​ទឹក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​រដូវប្រាំង និង​ធ្វើ​ផ្លូវលំ​១​ខ្សែ​ជូន​ពួក​គាត់ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។ លោក​បន្ត​ទៀត​ថា ផ្លូវលំ​១​ខ្សែ​នោះ មាន​ទទឹង​ប្រវែង​១៤​ម៉ែត្រ និង​បណ្តោយ​២.០០០​ម៉ែត្រ ដោយ​ប្រជាពលរដ្ឋ​ចំនួន​២៤០​គ្រួសារ​រៃ​អ ង្គា​ស​ថវិកា​គ្នា​ចូលរួម​ជា​បដិភាគ ហើយ​នៅ​សល់​ប៉ុន្មាន​ទៀត ខាង​លោក​នឹង​លៃលក​ដោះស្រាយ​ចេញ​លុយ​ថ្លៃ​គ្រឿងចក្រ​នេះ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា គ្រឿងចក្រ​ទាំង​ពីរ​គ្រឿង ដែល​កំពុង​ធ្វើ​ផ្លូវ និង​ជីក​កកាយ​ស្រះ​ទឹក​នោះ ពិតជា​ចូល​ទៅ​វាយ​ព្រៃ​តំបន់​អភិរក្ស​មែន ឬ​យ៉ាងណា​នោះ​ទេ ខណៈ​អ្នក​សារព័ត៌​មានបាន​ធ្វើ​ដំណើរ​ទៅ​ដល់ ហើយ​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ ស្រាប់តែ​ពួក​គេ​ឆ្លើយ​ទាំង​លាក់លាម ហាក់ដូចជា​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ដី​នៅ​តំបន់​នោះ​កំពុង​តែ​មានការ​ប្រទាញប្រទង់​រវាង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន បើ​ខាង​ណា​ចង់​អភិវឌ្ឍ​ធ្វើ​អ្វីមួយ មិន​អាច​ធ្វើ​ទៅ​បាន​ដែរ ទាល់តែ​ដោះស្រាយ​បញ្ហា​ព្រំដែន​ខេត្ត​ទាំង​ពីរ​នេះ​ចប់​ជា​មុន​សិន ៕