ប្រមូល​ជនអនាថា​ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច

រាជធានី​ភ្នំពេញ ៖ លោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​ខណ្ឌដូនពេញ សហការ​ជាមួយ​លោក​អភិបាលរង​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចំណុច​ប្រមូល​ម្ដុំ​របស់​ជនអនាថា​ដែល​តែង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​តំបន់​រញ៉េរញ៉ៃ​ម្តុំ​ផ្សារ​ទំនើប​សូ​រិ​យា​ម៉​ល បាន​ចំនួន​៥​នាក់​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ កក្កដា ។

លោក​អធិការ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​តាម​រយៈ​ទូរស័ព្ទ​ថា តំបន់​ខាងលើ​តែងតែមាន​ជនអនាថា​ប្រមូលផ្តុំ​គ្នា​ជក់​ថ្នាំ​ញៀន ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​វិធានការ​បង្ក្រាប​សោះឡើយ ទើប​លោក​សហការ​ជាមួយ​អភិបាលរង​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់​បាន​មនុស្ស​ចំនួន​៥​នាក់​ក្នុង​នោះ​ស្រី​២​នាក់ ។

ជនអនាថា​ទាំង​៥​នាក់​ត្រូវ​បាន​សាលា​ខណ្ឌដូនពេញ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​នៅ​ថ្ងៃ​បន្ទាប់​។ ទន្ទឹម​នឹង​ការ​ចុះ​ប្រមូល​ជនអនាថា ដែល​តែងតែ​សម្ងំ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​តាម​ផ្លូវឌឿងហែម​ម្តុំ​ផ្សារ​ទំនើប​សូ​រិ​យា​ម៉​ល​នេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អធិការ​ខណ្ឌ និង​លោក​អភិបាល​ខណ្ឌដូនពេញ មេត្តា​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​លេខ​៥១​ផង ។ នៅ​ចំណុច​ផ្លូវ​នេះ ពេល​យប់​ឡើង​មាន​ហាង​លក់ដូរ និង​ក្លិប បាន​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជា​ចំណត​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​និង​រថយន្ត​ចត​យា​៉​ង​រញ៉េរញ៉ៃ​ពេញ​ផ្លូវ​កកស្ទះ​ចរាចរណ៍​រក​ផ្លូវ​ធ្វើ​ដំណើរ​ស្ទើរ​មិន​បាន ។

ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ខាងលើ​នេះ​ជា​ប្រចាំ​ផង កុំ​រៀបចំ​បាន​តែ​មួយ​ភ្លែត​ហើយ​ក្រោយមក​នៅ​អនាធិបតេយ្យ​ដដែល ៕