បណ្ឌិត​ សុខ ទូច រំលឹក​អនុស្សាវរីយ៍​ ៨ឆ្នាំ ជាមួយ​បណ្ឌិត លោក​កែម ឡី

ភ្លាមៗ លោក​បណ្ឌិត សុខ ទូច បាន​សម្ដែង​អារម្មណ៍​តក់ស្លុត ក្រោយ​ទទួល​ដំណឹង​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាញ់​ លោក​បណ្ឌិត កែម ឡី។ លោក​បណ្ឌិត សុខ ទូច ដែល​បាន​ស្គាល់​លោក កែម ឡី អស់​រយៈ​ពេល​៨ ឆ្នាំ មក​ហើយ បាន​រំលឹក​អនុស្សាវរីយ៍ ​កាល​ពី​ពេល ​លោក កែម ឡី​ នៅ​រស់​ដូច្នេះ​ថា លោក កែម ឡី ជា​មនុស្ស​ល្អ និង ក្លា​ហាន។

 

អស់​រយៈពេល​ ៨ឆ្នាំ មក​នេះ លោក​បណ្ឌិត​ សុខ ទូច បាន​ឲ្យ​ដឹង​ថា លោក និង លោក​កែម ឡី មាន​អនុស្សាវរីយ៍​ច្រើន គឺ៖

 

ទី១៖ ធ្លាប់​ជួប​ជែក​គ្នា​តាម​តុ​កាហ្វេ ដើម្បី​រៀន​សូត្រ​ពី​គ្នា​ទៅ​មក។ (ទីតាំង​ដែល​ខ្មាន់​កាំភ្លើង​បាញ់​នោះ​ក៏​ជា​កន្លែង​ដែល​លោក​ធ្លាប់​ញុំា​កាហ្វេ​ជាមួយ​គ្នា​ដែរ)
ទី២៖ ធ្លាប់​វិភាគ​នៅ​ក្នុង​តុ​មូល​ជាមួយ​គ្នា
ទី៣៖ ធ្លាប់​មាន​ទស្សនៈ​ខុស​គ្នា តែ​ឈរ​លើ​មូលដ្ឋាន​ដូច​គ្នា​ ដើម្បី​កែ​ប្រែ​សង្គម​ទៅ​រក​កិច្ច​អភិឌ្ឈន៍​
ទី៤៖ បាន​បន្សល់​ស្នា​ដៃ​ច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​​
ទី៥. លោក​កែម​ ឡី បាន​ណាត់​គាត់​ចុង​ក្រោយ​ដើម្បី ញុំា​បាយ​ជុំ​គ្នា ប៉ុន្តែ ខ្វែង​គ្នា​រហូត​ ដោយ​សារ​លោក​រវល់​ការងារ។
 

សូម​ស្ដាប់​កិច្ចសម្ភាសន៍​ទាំង​ស្រុង​ខាង​ក្រោម ដែល​លោក​បណ្ឌិត​ សុខ ទូច បាន​រំលឹក​អនុស្សាវរីយ៍​ជាមួយ​ លោក​កែម ឡី

 

 

ដោយ​ធ្លាប់​មាន​អនុស្សាវរីយ​ច្រើន​ជាមួយ​គ្នា លោក​បណ្ឌិត​ សុខ ទូច បាន​ថ្កោល​ទោស​យ៉ាង​ពេញ​ទំហឹង ចំពោះ​ជន​ដៃ​ដល់ និង បាន​សម្ដែង​ការ​សោកស្ដាយ​ដោយ​បាន​ចាត់​ទុក​ថា ការ​បាត់​បង់​លោក​បណ្ឌិត កែម​ ឡី គឺជា​ការ​បាត់​បង់​បញ្ញវន្ត​មួយ​រូប​ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ស្រទាប់​បញ្ញវន្ត​ជាតិ​ និង អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ។

 

ប្រវត្តិសង្ខេប​បណ្ឌិត​ កែម ឡី
 
លោក កែម ឡី កើត​នៅ​ភូមិ​តាកុក ឃុំលាយ​បូ ស្រុក​ត្រាកក់​ ខេត្តតាកែវ។ លោក​បាន​រៀប​ការ​នៅ​ឆ្នាំ ២០០១ ហើយ​មាន​កូន​ចំនួន ៤​នាក់។ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ លោក កែម ឡី បាន​ចូល​ធ្វើ​ការ​នៅក្រសួង​សុខាភិបាល​ ដោយ​កាន់​ខាង​ផ្នែក​ជំងឺ​ឆ្លង។ នៅ​ឆ្នាំ ២០០២ លោក កែម​ឡី បាន​ឈប់ធ្វើ​ការ​ងារ​រដ្ឋ​ ហើយ​នៅ​ឆ្នាំ ២០០៨ លោក​កែ​ ឡី បាន​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​ ដែល​គេ​ហៅ​ថា Freelance Consultant ដល់​បច្ចុប្បន្ន​នេះ៕

 

អត្ថបទ៖ វិបុត្រ