រថយន្ដ​2​គ្រឿង​ប្រយុទ្ធ​គ្នា​ស្លាប់​3​របួសធ្ងន់​2​នាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​6

ខេត្ដកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត CRV បុក​ជាមួយ​ហី​ុ​យា​៉​ន់​ដាយ​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​៣​នាក់ និង​រង​របួសធ្ងន់​២​នាក់​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ កក្កដា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ថ្លា ឃុំ​ច្រនាង ស្រុក​បារាយណ៍ ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​CRV ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2Z-4663 បើកបរ​ក្នុង​ល្បឿ​ង​លឿន​ទំនងជា​អ្នក​បើកបរ​ស្រវឹង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្តកំពង់ធំ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ដឹក​ត្រី​ដែល​កំពុង​ឈប់​ចត​សាង​ត្រី ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7946 យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ខាង​ភាគី​រថយន្ត CRV ចំនួន​២​នាក់​កៀប​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ម្នាក់​ទៀត​ខណៈ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ចំណែក​ខាង​ភាគី​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

ជន​រង​គ្រោះ ១-​អ្នកបើកបរ​រថយន្ត CRV ឈ្មោះ នូ អៀម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ព្រះ​និព្វាន ស្រុក​កោះ​សែន ខេត្តកំពង់ស្ពឺ (​ស្លាប់​) ២-​អ្នក​រួម​ដំណើ ឈ្មោះ ប៊ុត ស្រី​ុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ស​ណ្ឌ​ទួល​គោក ក្រុងភ្នំពេញ (​ស្លាប់​) ៣-​ឈ្មោះ ប៊ុ​ន លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ (​ស្លាប់​) ខណៈ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៤-​ឈ្មោះ គៀង ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​របួសធ្ងន់ និង​៥-​ឈ្មោះ លំ អិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ​របួសធ្ងន់ ។

តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ខាង​រថយន្ត CRV មាន​គ្នា​៥​នាក់​ប្រកប​របរ​គួ​ក​ជេ  រថយន្ដ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​កំពុង​តែ​ឈប់​សាង​ត្រី​ឱ្យ​ម៉ូយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​រដូករណែល ។

ក្រោយ​ពេល​ពិនិត្យ និង​វាស់វែង​រួច រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ចំណែក​សព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕