ផ្ទះ​តម្លៃ​២​ម៉ឺន​ដុល្លារ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​១​ខ្នង សាងសង់​អំពើ​ឈើ​ប្រក់​ក្បឿង មាន​ទំហំ​៨​ម៉ែត្រ​គុណ​៩​ម៉ែត្រ បាន​ត្រូវ​បាន​ព្រះ​អគ្គី​ឆាបឆេះ​សន្ធោសន្ធៅ​ហុយផ្សែង​ខ្មៅខ្មួល​ទៅ​លើ​អាកាស ដោយ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ជិត​ទេ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​ភូមិ​ជី​ពាង ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ហើយ​ផ្ទះ​ទាំងមូល​បាន​ក្លាយជា​ចំណី​ភ្លើង​ទាំងស្រុង​ដែល​គិត​ជា​ទឹកប្រាក់​គឺ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ។

លោក លាស់ រស់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មង់​រៀវ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ឈ្មោះ ហុង អេ​ង​យី អាយុ​២៩​ឆ្នាំ កំពុង​អង្គុយ​នៅ​ខាងក្រោម​ផ្ទះ ។ ខណៈនោះ​ស្រាប់តែ​ឮ​សូរ​សំឡេង​ង​ផ្ទុះ​ផែះ​ៗ​តែ​មិន​បាន​ចាប់អារម្មណ៍​ទេ ស្រាប់តែ​បន្តិច​ក្រោយមក​ឃើញ​ផ្សែងហុយ​ទ្រលោម​តែ​ម្តង ក៏​ប្រញាប់​ឡើង​ទៅ​ជញ្ជូន​របស់ទ្រព្យ​មាន​តម្លៃ និង​ខោអាវ ។

លោក លាស់ រស់ បន្ត​ថា ភ្លាម​ៗ​ម្ចាស់ផ្ទះ​បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ​ពន្លត់ភ្លើង ហើយ​អ្នកខ្លះ​បាន​ដងទឹក​ជះ​ពន្លត់ តែ​ដោយ​ទឹក​តិច​ពេក មិន​អាច​ធ្វើ​ឲ្យ​អំណាច​ភ្លើង​ថមថយ​ឡើយ គឺ​រឹតតែ​ឆេះ​ខ្លាំង​ឡើង​ៗ ។ ទីបំផុត រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយសារ​ផ្លូវ​ឆ្ងាយ​ទម្រាំ​តែ​រថយន្ត​មក​ដល់ ផ្ទះ​ដែល​សាងសង់​ឈើ​លើ​ថ្ម​ក្រោម ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ឯ​រថយន្ត​ក៏​បាន​បាញ់​ទឹក​ពន្លត់​ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​របស់​អ្នកស្រុក​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​នោះ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​ថ្មី​នេះ​ម្ចាស់​ទើបតែ​សាងសង់​នៅ​បាន​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ចំណាយ​អស់​ប្រមាណ​២​ម៉ឺន​ដុល្លារ ។ ទោះជា​យ៉ាងណា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​របស់ទ្រព្យ​សំខាន់​ៗ ត្រូវ​បាន​ម្ចាស់​យក​ចុះ​មក​ដី​ទាន់​ពេលវេលា ៕