អ្នក​នយោបាយ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ថ្កោលទោស​ចំពោះ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

ប្រជាពលរដ្ឋ អ្នក​នយោបាយ និង​រដ្ឋាភិបាល សុទ្ធតែ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃាតកម្ម​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វែក​មុខ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​សុទ្ធតែ​មាន​អារម្មណ៍​ក្តុកក្តួល​រំជើបរំជួល​ចិត្ត ទប់​ទឹក​ភ្នែក​មិន​បាន​ចំពោះ​មរណភាព​របស់​លោក កែម ឡី។ ពួក​គេ​ចាត់​ទុក​ថា មរណភាព​លោក កែម ឡី គឺ​ជា​ការ​បាត់បង់​បញ្ញវន្ត​មួយ​រូប និង​អ្នក​ស្នេហា​ជាតិ​ដ៏​អង់អាច​ម្នាក់៖ «»

ក្រៅ​ពី​សម្ដែង​ក្តី​សោកស្ដាយ​នោះ ប្រជាពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ថា ឃាតកម្ម​លើ​លោក កែម ឡី នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ក្រោម​ហេតុផល​ថា លោក កែម ឡី តែង​តែ​វិភាគ និង​បញ្ចេញ​មតិ​យោបល់​រិះគន់​ឥត​សំចៃ​មាត់​លើ​ស្ថាប័ន​រដ្ឋ និង​រដ្ឋាភិបាល ដើម្បី​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ការ​កែលំអ​របៀប​ធ្វើ​ការ និង​របៀប​ដឹក​នាំ​ពិត​ប្រាកដ៖ «»

រីឯ​អ្នក​នយោបាយ​មក​ពី​បក្ស​ផ្សេងៗ ក៏​បង្ហាញ​ពី​ភាព​សោកសៅ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ដែរ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សម្ដែង​ការ​សោកស្ដាយ និង​សូម​វិញ្ញាណក្ខន្ធ​លោក កែម ឡី ទៅ​កាន់​សុគតិភព៖ «»

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បង្ហាញ​ការ​រន្ធត់​ចិត្ត និង​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ៖ «»

ចំពោះ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​បាត់បង់​លោក កែម ឡី គឺ​ជា​ការ​បាត់បង់​បញ្ញវន្ត​ដ៏​ល្អ​របស់​កម្ពុជា៖ «»

ចំពោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា លោក កែម ឡី ជំពាក់​លុយ​នោះ លោក ផៃ ស៊ីផាន បដិសេធ​មិន​បញ្ចេញ​យោបល់​នោះ​ទេ៖ «»

លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ម៉ោង​ប្រមាណ​ជិត ៩​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

នៅ​កម្ពុជា មាន​អ្នក​ល្បីល្បាញ និង​អ្នក​ចេះ​ដឹង​ជាច្រើន​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​រន្ធត់ រួម​មាន​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ហើយ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ឡើយ។ ឃាតកម្ម​ធំៗ​ទាំង​នោះ​រួម​មាន ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ក្នុង​ឆ្នាំ​២០០៤ ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ឆ្នាំ​២០១២។ នៅ​មាន​ឃាតកម្ម​ជាច្រើន​ទៀត ដូចជា​ករណី​អ្នកស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច អ្នកស្រី តាត ម៉ារីណា អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ រួម​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត ដូចជា​ក្នុង​ករណី​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា និង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម ជាដើម ដែល​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ជន​ដៃ​ដល់​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​បន្ទោស​រដ្ឋាភិបាល ថា​នៅ​មាន​ភាព​ទន់​ខ្សោយ​ក្នុង​ការ​ការពារ​មនុស្ស​ដែល​មាន​ឆន្ទៈ​ខ្ពស់​ទាំង​នេះ និង​បរាជ័យ​ក្នុង​ការ​កាត់​បន្ថយ​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។