កុំ​ចេះ​តែ​ហ៊ាន ជាមួយ​អាចោរ​ជើង​មួយ​…!

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ស្អាង​បាន​ឃាត់ខ្លួន​អ្នកលេង​អាប៉ោង​៤​នាក់ កាលពី​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា នៅ​ចំណុច​ក្រោយ​ផ្ទះ​ឈ្មោះ ម៉ៅ វិបុល ស្ថិត​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ​កំពុង​លេង​អាប៉ោង​។ មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​៤​នាក់​ដែល​បាន​ឃាត់ខ្លួន​គឺ ទី​១-​ឈ្មោះ ម៉ៅ វិបុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​បន្លែ និង​ជា​អ្នក​បើក​ល្បែងស៊ីសង ទី​២-​ឈ្មោះ ឃ​ន វ៉ា​ន់​នី ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​បន្លែ ត្រូវជា​ប្រពន្ធ ម៉ៅ វិបុល ទី​៣-​ឈ្មោះ អេ​ម សំអាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង​បី មេ​បាញ់អាប៉ោង អ្នក​ទាំង​បី​ខាងលើ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ទី​៤-​ឈ្មោះ ឈុ​ន ឡៃ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់​យក ជាក់ស្ដែង មាន​មេអាប៉ោង​ចំនួន​២ ចាន​អាប៉ោង​ចំនួន​១ គម្រប​អាប៉ោង​ចំនួន​១ កម្រាល​ក្រាល​ចាក់​អាប៉ោង​ចំនួន​១ និង​ប្រាក់​ចំនួន ៣២៥ ០០០​រៀល​(​សាមសិប​ពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល​)​។ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ថា មាន​សកម្មភាព​លេងល្បែង​ស៊ីសង​អាប៉ោង​នៅ​ក្រោយ​ផ្ទះ​ឈ្មោះ ម៉ៅ វិបុល ស្ថិត​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិ​ត្បូ នគរបាល​ស្រុក​ស្អាង បាន​ឆ្មក់​ទៅ​ដល់​កន្លែងធ្វើការ​បង្ក្រាប ដេញចាប់​អ្នក​កំពុង​លេង​ច្រើន​នាក់ តែ​រត់គេច​ខ្លួន​អស់​មួយ​ចំនួន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕