ចោរ​ញី​ឈ្មោល​ដើរ​លួច​ម៉ូតូ ត្រូវ​អស់លក្ខណ៍

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត​សៀមរាប ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ដោយ​លោក​វរសេនីយ៍ទោ ហង្ស  សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​ករណី​ចោរលួច​មាន​ស្ថាន​ទម្ងន់ទោស រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ រួច​នាំ​យក​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។

ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។ លោក​វរសេនីយ៍ទោ ហង្ស  សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ ណា​វី ភេទ​ស្រី​អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ក្រុម​ទី​៤ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​ជន​រង​គ្រោះ​បាន​ចត​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ទុក​នៅ​មុខ​ហាង​លក់​ខោអាវ​របស់​ខ្លួន ដែល​ទើបនឹង​ទិញ បង់​រំលស់​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​មាន (​ប្តី​)​ឈ្មោះ កែវ ប៊ុ​ន​ធី អាយុ​២១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ឹម សុ​ផា​នាថ អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប  ព្រមទាំង​ដកហូត​បាន​ម៉ូតូ ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ពួក​គេ​បាន​សារភាព​ថា មុន​ធ្វើ​សកម្មភាព ពួក​គេ​បាន​ពិភាក្សា​គ្នា​ថា យើង​ត្រូវ​តែ​ដើរ​លួច​ម៉ូតូ​គេ​នៅ​ក្នុង​ក្រុង​សៀមរាប បន្ទាប់​ពី​បាន​ឯកភាព​គ្នា​រួច ពួក​គេ​បាន​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ពេញ​ក្នុង​ក្រុង​សៀមរាប រហូត​មក​ដល់​កន្លែង​លក់​ខោអាវ ស្ថិត​នៅ​ក្រុម​ទី​៤ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ក៏​ឃើញ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ របស់​ជន​រង​គ្រោះ​ចត​ទុក​ចោល​នៅ​មុខ​ហាង ឃើញ​ឱកាសល្អ​ហុច​ឱ្យ ដោយ​មាន​សោ​ជាប់​នៅ​នឹង​ម៉ូតូ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​បន្លំ​លួច​យក​ជិះ​ចេញ​តែ​ម្តង​។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​លួច​បាន​សម្រេច​អស់​រយៈពេល​ជិត​១​ខែ ទើប​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត យើង​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខណៈ​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ ។ បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ម៉ូតូ ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​៕