ជំនាញ​ខាង​កាច់​សោ ក​ម៉ូតូ ត្រូវ​បាក់ធ្មុង​ហើយ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​អំពើ​លួច ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​រក្សា​ទុក​ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​កាច់​សោ ក និង​ជួញដូរ​ចំនួន​៤​នាក់ ក្នុង​ក្រុង​សៀមរាប រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។

ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ក្រោយ​វត្ត​គោក​ចក ក្នុងភូមិ​វាល សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ច្បាស់ការ​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ និង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កម្លាំង​សរុប​ចំនួន​១០​នាក់ រថយន្ត​ចំនួន​២​គ្រឿង ក្រោយ​ពី​ចុះ​ស៊ើប​អ​ង្គេ​ត និង​ស្រាវជ្រាវ​ទៅ​លើ​ករណី​ខាងលើ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន រួច​បញ្ជូន​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់​មាន ទី​១.​ឈ្មោះ លៀន សុធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ជ្រួយ ឃុំ​ជ្រួយ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​(​កាច់​សោ ក​ម៉ូតូ​) ទី​២.​ឈ្មោះ អ៊​ន កែវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​កាច់​សោ ក​ម៉ូតូ​) ទី​៣.​ឈ្មោះ ញ៉ែ​ម រក្សា​ស័ក្ក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​កាច់​សោ ក​ម៉ូតូ​) ទី​៤.​ឈ្មោះ ឡេ​ង ចំណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​(​ជួញដូរ​)​។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​រួម​មាន ម៉ូតូ​ចំនួន​៣​គ្រឿង ជា​របស់​ជនសង្ស័យ​៣​នាក់​ខាង​កាច់​សោ ក​ម៉ូតូ ក្នុង​នោះ​មាន​(​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១០​មួយ​គ្រឿង លេខ​តួ លេខ​ម៉ាស៊ីន​៤៨៣២៦៨៤ គ្មាន​ស្លាក​លេខ​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង លេខ​តួ លេខ​ម៉ាស៊ីន ៨៦៣៨៣៩៨ គ្មាន​ស្លាក​លេខ​, ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ស៊េរី​២០១២ លេខ​តួ លេខ​ម៉ាស៊ីន ១១៨៣៦៦) និង​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត ជា​របស់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ដែល​កាច់​សោ​អក្សរ​តេ ចំនួន​២,​តូ​នឺ​វី​ស​ចំនួន​២,​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម​,​កាំបិត​ចំនួន​៣​ដើម​,​ពូថៅ​ចំនួន​១​ដើម​,​ញញួ​ចំនួន​១,​និង​ម្ស៉ៅ​គ្រើម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច​។

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ គួរ​បញ្ជក់​ផង​ដែរ​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូ​ទាំង​ខេត្ត បើ​មាន​បាត់​ម៉ូតូ ដូច​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​កោះសន្តិភាព នោះ​សូម​មេត្តា​មក​ទំនាក់ទំនង នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​កាន់​លិខិត​សម្គាល់​ខ្លួន និង​កាត​គ្រី​ម៉ូតូ​ភ្ជាប់​មក​ជាមួយ​ផង​៕