ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ៖ កែម ឡី ដឹង​ខ្លួន​ថា ហ៊ុន សែន មិន​លើក​លែង​ឲ្យ​លោក​

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលធ្លាប់ជាអ្នកជិតដិតមួយអង្គ របស់លោក កែម ឡី បានអះអាងថា នៅមុនការ​បាញ់​សម្លាប់​នេះ​បីថ្ងៃ លោក កែម ឡី បានដឹងខ្លួនជាមុនហើយ ថាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបី​ទសវត្សន៍​ជាង​នៅ​កម្ពុជា នឹង​មិន​អត់​អោន​ឲ្យ​លោក​នោះ​ឡើយ។ ភរិយាលោក កែម ឡី វិញ បានបរិហារ​ពី​ឃាតកម្ម​«នយោបាយ»មួយ។
ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ៖ កែម ឡី ដឹង​ខ្លួន​ថា ហ៊ុន សែន មិន​លើក​លែង​ឲ្យ​លោក​

សពលោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅកណ្ដាលរាជធានីភ្នំពេញ។ (រូបថតហ្វេសប៊ុក)

ព្រឹត្តិការណ៍ នៃការបាញ់សម្លាប់មនុស្សឆៅ កណ្ដាលរាជធានីភ្នំពេញ បានកើតឡើងជាបន្តទៅទៀត។ អនិច្ចា​បំផុត គឺជនរងគ្រោះនៅថ្ងៃនេះ ជាលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមដ៏ល្បីល្បាញ ដែលតែងធ្វើការ​វិភាគ និងវែកញែកបញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា។ លោកត្រូវបានខ្មាន់កាំភ្លើង បាញ់៣គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅខាងក្នុង «Star Mart» នៃស្ថានីយ៍ចាក់ប្រេងឥន្ទនៈ «Caltex» ស្តុប​បូកគោ នៅ​វេលា​ប្រមាណជាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដានេះ។

នៅក្រោយហេតុការណ៍នេះ ជនសង្ស័យមួយរូប ត្រូវបានកងកម្លាំងនគរបាលឃាត់ខ្លួន និងបានឆ្លើយ​«ភ្លាមៗ» ថាខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយហេតុថា អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ ​បានជំពាក់​លុយ​ខ្លួន ៣០០០​ដុល្លារ ហើយមិនសង។ សារព័ត៌មានក្នុងស្រុក ដែលស្និតនឹងរដ្ឋាភិបាល បានឲ្យដឹងថា ជន​សង្ស័យ​ម្នាក់​នេះ ​មានឈ្មោះ​ ជួប​ សំលាប់​ ភេទប្រុស​ អាយុ​៣៨​ មុខរបរ​ជាងផ្សារ​ ស្នាក់នៅស្រុកស្រះកែវ ប្រទេសថៃ មាន​ស្រុក​កំណើត​ នៅភូមិ​បឹង​ត្រកួន​ ខេត្ត​បន្ទាយមានជ័យ​។

ចម្លើយសារភាព ដែលហាក់ដូចជាបានត្រៀមទុក និងមិនសូវជាគួរឲ្យទុកចិត្តនេះ បានរងប្រតិកម្មជាច្រើន ពី​បណ្ដាអ្នកដែលស្គាល់លោក កែម ឡី។ ភរិយារបស់លោក កែម ឡី ក៏បានប្រតិកម្មភ្លាមៗដែរ ថាលោក កែម ឡី មិនដែលជំពាក់ប្រាក់នរណាម្នាក់ឡើយ និងអះអាងថា ជាឃាតកម្ម«នយោបាយ»។

ប្រតិកម្មខ្លាំងក្លាជាងនេះ គឺព្រះសង្ឃ ប៊ុត ប៊ុនតិញ តែម្ដង ដែលមានសង្ឃដីការថា នៅមុននេះបីថ្ងៃ លោក កែម ឡី បានដឹងខ្លួនជាមុន ថាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សានៅកម្ពុជា នឹងមិនអត់អោនឲ្យលោក និង​ព្រះអង្គឡើយ។ ព្រះអង្គ ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ​ដើម្បីយុត្តិធម៌​សង្គម បានស្រង់​សម្ដី​របស់​លោក កែម ឡី មកសរសេរ​នៅលើទំព័រ​​ហ្វេសប៊ុក​​របស់​​ព្រះអង្គថា៖ «ហ៊ុន សែន នឹងមិនលេីកលែង​ឱ្យ​យេីង​ទេ ព្រោះ​យេីង​ជា​អ្នកនិយាយការពិត»។

លោក កែម ឡី បានទូលព្រះអង្គទៀតថា៖ «យេីងមិនដឹងជារត់ទៅណាទេ នេះជាស្រុករបស់យេីង។ (...) តេជគុណ និងខ្ញុំកូណា គេនឹងសំលាប់ ក្នុងពេលដ៏ខ្លីខាងមុខនេះឯង»។

ដំណឹងចុងក្រោយនៅពេលនេះ បានឲ្យដឹងថា សាកសពលោក កែម ឡី ត្រូវបានដឹកចេញ​បញ្ជូនទៅ​វត្ត​ចាស់ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ​ហើយ។ រីឯរឿងដែលគេទន្ទឹងរង់ចាំបំផុតនោះ ថាតើ​អាជ្ញាធរ​កម្ពុជា មានសមត្ថភាពរកឃើញ ការពិត និងជនដែល​ពាក់​ព័ន្ធ ក្នុងករណីឃាតកម្ម​ដ៏សហាវបែបនេះ បាន​ដល់​កម្រិត​ណា៕