សម រង្ស៊ី៖ ការ​បាញ់​សម្លាប់ កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត រៀបចំ​ដោយ​រដ្ឋអំណាច

នៅក្នុងសំណេរចេញផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់លោក ប្រធានគណបក្សប្រឆាំង បានហៅការ​បាញ់​សម្លាប់​លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​ដ៏ល្បីល្បាញ ថាជាអំពើភេរវកម្ម​ថ្មី​មួយ​ទៀត រៀបចំ​ឡើង​ដោយ​រដ្ឋអំណាច និងមិនខុសណា ពីការគប់គ្រាប់បែកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧​នោះ​ឡើយ។
សម រង្ស៊ី៖ ការ​បាញ់​សម្លាប់ កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត រៀបចំ​ដោយ​រដ្ឋអំណាច

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកប្បាយ ធ្វើអត្ថាធិរិះគន់រដ្ឋាភិបាល ដោយមិនសំចៃមាត់។ (រូបថត MONOROOM.info Mag)

ព្រឹត្តិការណ៍ «បាញ់សម្លាប់ឆៅ» យ៉ាងសាហាវកណ្ដាលរាជធានី បានបង្កឲ្យផ្ទុះប្រតិកម្មព្រោងព្រាត សឹងតែ​ពី​គ្រប់ទិសទី ជាពិសេស ប្រតិកម្មកើតចេញ ពីក្រុមអ្នកនយោបាយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានយកឱកាសនេះ ដើម្បីថ្លែងសារនយោបាយ «ខ្លាំងៗ» សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ប្រឆាំងទៅនឹង«ក្រុមម្ខាងទៀត» ដែលលោកអះអាងថា បានជួលឃាតករ​ឲ្យសម្លាប់លោក កែម ឡី។

មេដឹកនាំប្រឆាំងរូបនេះ បានសរសេរពីកន្លែង ដែលលោកបាននិរទេសខ្លួនឯងថា៖ «លោក កែម ឡី ជា​កូន​ខ្មែរ​ដ៏​ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូន​ប្រជា​រាស្ត្រ​ខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឲ្យ​កត់​សម្គាល់។»

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកប្បាយ ធ្វើអត្ថាធិរិះគន់រដ្ឋាភិបាល ដោយមិនសំចៃមាត់ ត្រូវ​បានខ្មាន់កាំភ្លើងបាញ់ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅក្នុងផ្សារ «Star Mart» នៃស្ថានីយ៍ឥន្ទនៈ «Caltex» ស្ដុប​បូក​គោ នៅវេលាម៉ោងប្រមាណជា ៩ ព្រឹកថ្ងៃទី១០ ខែកក្កដានេះ។

លោក សម រង្ស៊ី បានបន្តទៀតថា៖ «ដោយសារតែលោក ជាគ្រោះថ្នាក់នយោបាយសម្រាប់ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករ ឲ្យសម្លាប់លោក កែម ឡី ដូចគេបានជួលឃាតករ កាលពី​អតីត​កាល​ថ្មីៗនេះ ឲ្យសម្លាប់លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែល​បាន​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោក កែម ឡី អញ្ចឹងដែរ។»

ប្រធានគណបក្សសង្គ្រោះជាតិ បានភ្ជាប់ព្រឹត្តិការណ៍នេះ ទៅនឹងរឿងរ៉ាវដែលធ្លាប់កើតមានកន្លងមកដូច្នេះថា៖ «ដូចចំពោះការវាយប្រហារ ដោយគ្រាប់បែក កាលពីថ្ងៃ ៣០ មិនា ១៩៩៧ នៅទីក្រុងភ្នំពេញ ហើយដូច​ចំពោះ​ការ​បាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ាន​ទិតៀន​រដ្ឋាភិបាល​អញ្ចឹង​ដែរ ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច»។

ប៉ុន្តែនៅមុននេះបន្តិច លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសរសរតាមបណ្ដាញសង្គម ថ្លែង​ថ្កោល​ទោស ទៅលើការវាយប្រហារនេះដែរ។ លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖ «ខ្ញុំសូមចូលរួមមរណៈទុក្ខ ចំពោះ​មរណៈភាពរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ យ៉ាងឃោឃៅ (ហើយ) ដែល​ខ្ញុំ​សូម​ថ្កោល​ទោស អំពើរដ៏ព្រៃផ្សៃនេះ»។

លោក ហ៊ុន សែន បានសរសេរបន្តថា៖ «សូមឱ្យស្ថាបន័មានសមត្ថកិច្ច ចាត់វិធានការយ៉ាងហ្មឺងម៉ាត់ ចំពោះ​ករណី​នេះ ខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចាត់វិធានការពង្រឹងសន្តិសុខ ដើម្បីការពារសុវត្ថិភាពប្រជាជន នៅ​ទូទាំង​ប្រទេស (?)