បាត់​រថយន្ត​៨​ថ្ងៃ រក​ឃើញ​នៅ​កន្លែង​បញ្ចាំ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ្វ​ដ​១​គ្រឿង ដែល​ម្ចាស់​ជួល​ឲ្យ​ជនជាតិ​ចិន ហើយ​បុរស​ជនជាតិ​ចិន​បាន​យក​ទៅ​ជិះ​បាន​ត្រឹម​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​មាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ស្រមោល ហើយ​ទាំង​ម្ចាស់ និង​បុរស​ជនជាតិ​ចិន បាន​នាំ​គ្នា​តាម​ដើរ​រក​គ្រប់កន្លែង ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ ។ លុះ​រយៈពេល​៨​ថ្ងៃ​ក្រោយមក ស្រាប់តែ​មានរឿង​ហួសចិត្ត​មួយ បាន​កើតឡើង​បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​រថយន្ត​នោះ​ស្ថិត​នៅ​កន្លែង​បញ្ចាំ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​កន្លែង​ដែល​រថយន្ត ត្រូវ​ចោរលួច​យក​ទៅ​នោះ​ដែរ ។

បន្ទាប់​មក​ម្ចាស់​បាន​ហៅ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ទៅ​ជួយ​យក​វិញ ដោយ​មិន​មានការ​ប្ដឹងផ្ដល់​អ្វី​ឡើយ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ទីតាំង​ទទួល​បញ្ចាំ រថយន្ត​ស្ថិត​នៅ​ទល់មុខ​សណ្ឋាគារ យូ អេ​ង ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រថយន្ត​ខាងលើ​ម៉ាក​ហ្វ​ដ​២​បាំង ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ រដ្ឋ 20-2-1133 ហើយ​ត្រូវ​បាន​ចោរ​ដែល​លួច​យក​ទៅ​នោះ បាន​កែ​ឯកសារ និង​ដោះ​ដូរ​ស្លាក​លេខ ទៅ​ជា​ភ្នំពេញ 2N-6067 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ ន​ង សុវណ្ណ​រស្មី អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ មាន​ទីលំនៅ​ផ្ទះ​លេខ​១១៣៣ ភូមិ​ទ្រា​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បុរស​ជា​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជួល​រថយន្ត​នោះ​ទៅ​ឲ្យ បុរស​ជនជាតិ​ចិន​ម្នាក់ ជិះ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ត្រូវរ៉ូវ​គ្នា​ក្នុង​១​ខែ​៤០០​ដុល្លារ ហើយ​ក្រោយ​ពេល​ដែល​ជនជាតិ​ចិន​នោះ​យក​រថយន្ត​ជិះ​ចេញ​ទៅ​បាត់​បាន​២​ថ្ងៃ បាន​ប្រាប់​គាត់​ថា ត្រូវ​ចោរលួច​យក​ទៅ​បាត់​ហើយ ក្នុង​ខណៈ​ពេល ដែល​ចត​ទុក​នៅ​ចំណុច​ជិត​សណ្ឋាគារ យូ អេ​ង នោះ​។ បន្ទាប់​ពី​បានឮ​បុរស​ជនជាតិ​ចិន​នោះ ប្រាប់​បែប​នេះ​គាត់​បាន​តាម​រក​គ្រប់​ច្រកល្ហក ព្រោះ​រថយន្ត​នោះ​ជា​រថយន្ត​របស់​អង្គភាព មិនមែន​ជា​រថយន្ត​គាត់​នោះ​ឡើយ ប៉ុន្តែ​គាត់​ឆ្លៀត​ជួល​ក្រែង​បាន​លុយ​ខ្លះ​។

គាត់​បាន​ចំណាយពេល​តាម​រក​រយៈពេល​៨​ថ្ងៃ អស់សង្ឃឹម​គេង​មិន​លក់​ទៀត​ផង ។ លុះដល់​ថ្ងៃ​ទី​១០ ខែកក្កដា ស្រាប់តែ​ប្រទះ​ឃើញ រថយន្ត​នោះ​ស្ថិត​នៅ​ក្បែរ​កន្លែង​ដាក់បញ្ចាំ​នៅ​ជិត​កន្លែង​ដែល​បាត់​នោះ ទើប​ហៅ​ឲ្យ​នគរបាល​ជួយ​ទៅ​យក​មក​វិញ​ដោយ​មិន​ធ្វើការ​ប្ដឹងផ្ដល់​នាំ​វែង​ឆ្ងាយ​ខាត​ពេល​នោះ​ឡើយ​។ ដោយឡែក​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​យក​បាន​រថយន្ត​នោះ​វិញ ក៏​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ភ្លាម​ៗ​ដែរ ព្រោះ​គាត់​មិន​បាន​ប្ដឹងផ្ដល់​ទេ សុំ​យក​តែ​រថយន្ត​របស់​ខ្លួន​វិញ​តែ​ប៉ុណ្ណោះ​៕